ប្រយោជន៍របស់ថ្នាំលាបក្រចក (ដែលបងៗស្រ្តីមេផ្ទះមិនធ្លាប់ដឹង)

ក្រៅពីប្រើសម្រាប់លាបលើក្រចកឱ្យមើលទៅស្រស់ស្អាតហើយ ថ្នាំលាបក្រចកដែលសុភាពនារី និងបងៗស្រ្តីមេផ្ទះយើងប្រើនោះ នៅអាចប្រើការបានច្រើនយ៉ាងទៀត(យ៉ាងមិនគួរឱ្យជឿ)ដូចតទៅ ៖

1 . លាបថ្នាំក្រចកប្រភេទពណ៌សថ្លា នៅលើឧបករណ៍ជាងផ្សេងៗ ដូចជា ដែកគោលវីស ខ្ចៅប៊ូឡុង គំរបដប…ល… រួចហើយមួលវាឱ្យជាប់ខណៈពេលដែលវានៅសើម នៅពេលដែលវាស្ងួតទៅ ថ្នាំលាប​ក្រចកនឹងធ្វើឱ្យឧបករណ៍ទាំងនោះកាន់តែជាប់ណែនខ្លាំងឡើង​។

2 . ចង់ឱ្យគ្រឿងអលង្ការតុបតែង ដូចជា ពេជ្រ កែវកង គ្រឿងប្រាក់របស់អ្នកមើលទៅស្រស់ថ្លាភ្លឺចាំង មិនស្រអាប់ខ្មៅនោះ ចូរលាបថ្នាំក្រចកប្រភេទ Top Coat បែបថ្លាៗស្រោបពីលើ។

3 . បិទស្រោមសំបុត្រដោយការលាបថ្នាំក្រចកពីលើកន្លែងលាបកាវរបស់ស្រោមសំបុត្រ នឹងធ្វើឱ្យកាន់តែជាប់ស្អិត​ខ្លាំង​​ជាងជ័រកាវទឹក និងមើលទៅឃើញស្អាតជាងប្រើទឹកមាត់លិទ្ធបិទទៅទៀត។

4 . បន្តក់ទឹកថ្នាំលាបក្រចកដើម្បីបិទភ្ជិតរន្ធតូចៗ និងស្នាមឆ្កូតជ្រៅៗនៅលើតុឈើ អាចការពារមិនឱ្យរន្ធ ឬស្នាមឆ្កូតទាំងនោះរីកធំបាន។

5 . ប្រើថ្នាំលាបក្រចកលាបបំបាត់ភាពមុតស្រួចរបស់ស្នាមរយះដាច់នៅលើឧបករណ៍ធ្វើពីឈើ ដូចជាដងចាប់របស់ឧបករណ៍ផ្សេងៗ ដើម្បី​កាត់បន្ថយការឆ្កូត ឬការពារមិនឱ្យមុតដៃពេលយើងចាប់កាន់ដោយមិនដឹងខ្លួន។

6 . ការពារចុងខ្សែបែកស្ញាញ…អ្នកណាដែលធ្លាប់តែដុតបិទចុងខ្សែ ឬក៏ដេរភ្ចិតនោះ ចូរសាកល្បងជ្រលក់ចុងខ្សែ​ទៅក្នុងទឹកថ្នាំលាបក្រចកពណ៌ថ្លាៗម្តងមើល៏ វាក៏បានផលល្អដូចគ្នាដែរ។

7 . ការពារច្រែះ យកថ្នាំក្រចកលាបលើឧបករណ៍ដែលធ្វើពីលោហៈនៅក្នុងបន្ទប់ទឹកដើម្បីការពារច្រែះ៕

Advertisement