Covid-19 នៅ ASEAN គិត​ត្រឹម​ដំណាច់​ថ្ងៃទី 14/មីនា៖ អ្នក​ឆ្លង​ថ្មី​នៅ​ហ្វីលីពីន កើន​លើស​ឥណ្ឌូនេស៊ី

កាលពី​ថ្ងៃទី 14 មីនា បណ្ដា​ប្រទេស​នៅក្នុង​សមាគម ASEAN រកឃើញ​ករណី​វិជ្ជមាន​ថ្មី​ជាង 11,200 នាក់ នាំឱ្យ​តួលេខ​អ្នក​វិជ្ជមាន​សរុប​ឡើង​ជិត​ដល់ 2.6 លាន​នាក់ ក្នុងនោះ អ្នក​វិជ្ជមាន​ថ្មី​នៅ​ប្រទេស​ហ្វីលីពីន បាន​កើន​លើស​ឥណ្ឌូនេស៊ី។

យោងតាម​ទំព័រ Worldometers គិត​ត្រឹម​ម៉ោង 23 និង 59 នាទី នៃ​ថ្ងៃទី 14 មីនា បណ្ដា​ប្រទេស​នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 11,203 ករណី និង​អ្នកស្លាប់​ចំនួន 164 ករណី។

ដូច្នេះ បណ្ដា​ប្រទេស​ក្នុង​សមាគម ASEAN បច្ចុប្បន្ន មាន​អ្នក​វិ្ជ​មាន​នឹង Covid-19 សរុប​ចំនួន 2,598,168 នាក់ ក្នុងនោះ​មាន 55,821 នាក់ បាន​ស្លាប់ និង 2,330,813 នាក់​បានជា​សះស្បើយ។

ក្នុង​ថ្ងៃទី 14 មីនា តំបន់​អាស៊ីអាគ្នេយ៍​មាន​ប្រទេស​ចំនួន 3 ដែលមាន​អ្នកស្លាប់​ដោយសារ Covid-19 ក្នុងនោះ ឥណ្ឌូនេស៊ី​មាន​រហូតដល់ 97 នាក់ ខណៈ​ហ្វីលីពីន មាន 63 នាក់ និង​ម៉ាឡេស៊ី​មាន 4 នាក់។

ឥណ្ឌូនេស៊ី​បន្ត​ជា​សម្បុក​វីរុស Covid-19 ធំជាងគេ​ក្នុង​តំបន់ ASEAN ដោយមាន​អ្នកជំងឺ​សរុប 1,419,455 នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ថ្មី​ចំនួន 4,714 នាក់ និង​អ្នកស្លាប់​សរុប 38,426 នាក់។

ហ្វីលីពីន​កំពុង​ដោះស្រាយ​បញ្ហា​ឆ្លង​រាលដាល​ថ្មី ដោយមាន​ករណី​ឆ្លង​ថ្មី​ច្រើនជាង​ឥណ្ឌូនេស៊ី​ទៅទៀត ដោយមាន​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 4,899 នាក់ ក្នុងចំណោម​អ្នក​វិជ្ជមាន​សរុប​ចំនួន 621,498 នាក់ និង​អ្នកស្លាប់​សរុប 12,829 នាក់។ ចំណែក​ស្ថានការណ៍​នៅ​ប្រទេស​ម៉ាឡេស៊ី កំពុង​ប្រសើរឡើង​ជាង​មុន​បន្តិច ដោយមាន​អ្នក​វិជ្ជមាន​ថ្មី​ក្នុង​ថ្ងៃទី 14 មីនា ចំនួន 1,354 នាក់ នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន ឡើងដល់ 621,498 និង​ស្លាប់​សរុប 12,829 នាក់៕

ប្រភព៖ Worldometers/THX
ប្រែសម្រួល​៖ បុត្រា​

Advertisement