ម៉ាឡេស៊ី​នឹងដាក់​ទោស​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​បុគ្គល​បញ្ចេញ​ព័ត៌មាន​​ក្លែង​ក្លាយ​​ទាក់ទង​នឹង Covid-19

ចាប់ពី​ថ្ងៃទី 12 មីនា 2021 ប្រទេស​ម៉ាឡេស៊ី នឹង​ពិន័យ​ជា​ប្រាក់​ឡើងដល់ 100,000 រីង​ហ្កី​ត (ជិត 25,000 ដុល្លារ) ឬ​ដាក់ពន្ធនាគារ​រហូតដល់ 3 ឆ្នាំ ឬក៏​ពិន័យ​ទាំងពីរ​វិធានការ​នេះ ចំពោះ​ករណី​ផ្ដល់ព័ត៌មាន​ក្លែងក្លាយ ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ទាក់ទង​នឹង​ស្ថានភាព Covid-19 ឬ​ស្ថានភាព​បន្ទាន់​របស់​ប្រទេសជាតិ។

ព័ត៌មាន​ខាងលើ​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទំព័រ​ជូនដំណឹង​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី កាលពី​ថ្ងៃទី 11 មីនា 2021។ ក្រៅពី​ប្រការ​ទាំងនេះ តុលាការ​ក៏​អាច​ស្នើឱ្យ​ជនល្មើស​សុំទោស​ចំពោះ​ជន​ទាំងឡាយណា​ដែល​រង​ផលប៉ះពាល់​ផងដែរ។ បើសិនជា​ជនល្មើស​មិន​អនុវត្តតាម​តុលាការ នោះ​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ឡើងដល់ 50,000 រីង​ហ្កី​ត (12,500 ដុល្លារ​អាមេរិក) ឬ​ដាក់ពន្ធនាគារ​ក្រោម​មួយឆ្នាំ ឬ​ត្រូវ​ទទួល​ការពិន័យ​ទាំងពីរ។

គិត​មកដល់​ព្រឹក​ថ្ងៃទី 12 មីនា 2021 នេះ ម៉ាឡេស៊ី បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 319,364 នាក់ ក្នុងនោះ​មាន​អ្នកជា​សះ 300,620 នាក់ ខណៈ 17,544 នាក់ កំពុង​ព្យាបាល និង 1,200 បាន​បាត់​បង់ជីវិត៕

ប្រភព​៖ CNA
ប្រែសម្រួល​៖ បុត្រា

Advertisement