ប្រធានាធិបតី​អ៊ីតាលី តម្រង់​ជួរ​រង់ចាំ​វេន​ចាក់​វ៉ាក់សាំង Covid-19 ដូច​គេ​ ដូច​ឯង

ប្រធានាធិបតី​អ៊ីតាលី អង្គុយ​កៅ​អី​នៅ​ជួរ​មុខ​ លំដាប់​ទី​មួយ រាប់​ពី​ស្ដាំ​មក​ឆ្វេង

ប្រធានាធិបតី​អ៊ីតាលី លោក Sergio Mattarella មិន​ត្រូវបាន​ប្រព្រឹត្ត​ជាពិសេស​ពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត​នោះទេ នៅពេល​លោក​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 នៅឯ​មន្ទីរពេទ្យ​មួយនា​ទីក្រុង Rome។

រូបថត​ដែល​ត្រូវបាន​ការិយាល័យ​ប្រធានាធិបតី​ចុះផ្សាយ​នៅ​ថ្ងៃទី 9 មីនា បង្ហាញថា មេដឹកនាំ​វ័យ 79 ឆ្នាំ​រូបនេះ អង្គុយ​នៅលើ​កៅអី​ដូច​ទៅនឹង​មនុស្ស​វ័យ​ចំណាស់​ដទៃទៀត នៅក្នុង​សាល​ធំ​មួយ​នៃ​មន្ទីរពេទ្យ Spallanzani ក្នុងពេលដែល​ក្រុមគ្រូពេទ្យ​កំពុងធ្វើការ។ គ្រប់គ្នា​សុទ្ធតែ​រក្សា​គម្លាត​សុវត្ថិភាព​ទៅតាម​ការកំណត់។

ប្រធានាធិបតី Sergio Mattarella រង់ចាំ​រហូតដល់​ក្រុម​វ័យ​របស់លោក​ត្រូវបាន​ហៅ​ឈ្មោះ និង​ចាក់​វ៉ាក់សាំង Moderna។ ការិយាល័យ​ប្រធានាធិបតី​ឱ្យដឹងថា ប្រធានាធិបតី​អ៊ីតាលី​ត្រូវបាន​ចាក់​វ៉ាក់សាំង​ទៅតាម «យុទ្ធនា​ការចាក់​ថ្នាំ​បង្ការ​សម្រាប់​មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំ 1941»។

ប្រទេស​អ៊ីតាលី ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 តាំងពី​ចុងខែ​ធ្នូ 2020 ប៉ុន្តែ ដូច​ទៅនឹង​ប្រទេសផ្សេងៗ យុទ្ធនាការ​នេះ​ត្រូវបាន​ពន្យារពេល​ដោយសារ​ខ្វះ​ប្រភព​ផ្គត់ផ្គង់។ នាយករដ្ឋមន្ត្រី​ថ្មី Mario Draghi បាន​សន្យា​រថា​នឹង​ជំរុញ​ល្បឿន​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង ដោយសារ​អត្រា​ឆ្លង​កើនឡើង​លឿន​ព្រោះតែ​វីរុស​ក្លាយ​ពូជ​ថ្មី។

គិត​មកដល់​បច្ចុប្បន្ន អ៊ីតាលី​បាន​ចាក់​វ៉ាក់សាំង​អស់​ចំនួន 5.6 លាន​ដូ​ស ក៏ប៉ុន្តែ មានតែ 1.7 លាន​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចាក់​រួចរាល់ នៅក្នុង​ចំណោម​ប្រជាជន​សរុប​ជាង 60 លាន​នាក់។

មកដល់​បច្ចុប្បន្ន ប្រទេស​នេះ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 3,101,093 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 100,479 នាក់ និង​ជាសះស្បើយ​ចំនួន 2,521,731 នាក់ ខណៈ​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 478,883 នាក់៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement