ជិត 118លាន​នាក់​ឆ្លង Covid-19 នៅ​ទូទាំង​ពិភពលោក៖ សហរដ្ឋអាមេរិក​បន្ថយ​ការ​រឹតត្បិត​លើ​ការ​ដើរហើរ​​ចំពោះ​​អ្នក​​បាន​ចាក់​វ៉ាក់សាំង

ពិភពលោក​ទាំងមូល​បាន​រកឃើញ​ករណី​ឆ្លង Covid-19 សរុប​ចំនួន 117,737,690 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 2,611,556 នាក់ និង​ជាសះស្បើយ 93,400,984 នាក់ ខណៈ​អ្នកជំងឺ​កំពុង​ទទួល​ការព្យាបាល មាន​ចំនួន 21,725,150 នាក់។

សហរដ្ឋអាមេរិក​ដែលជា​សម្បុក​វីរុស​ធំជាងគេ បាន​រកឃើញ​មនុស្ស​ចំនួន 29,743,289 នាក់ បាន​ឆ្លង​វីរុស Covid-19 ក្នុងនោះ​មាន 538,603 នាក់ បាន​បាត់​បង់ជីវិត។ នាយកដ្ឋាន​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​របស់​អាមេរិក (CDC) បានចាប់ផ្ដើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការដើរ​ហើរ​របស់​ពល​រដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ដោយ​អនុញ្ញាត​ឱ្យមាន​ការជួប​ជុំគ្នា​នៅក្នុង​ផ្ទះ​ដោយ​មិនបាច់​ពាក់​ម៉ាស។

ប៉ុន្តែ ពលរ​ដ​អាមេរិក នៅតែ​ត្រូវបាន​ស្នើឱ្យ​ពាក់​ម៉ាស​នៅ​ទីសាធារណៈ និង​ចៀសវាង​ការធ្វើដំណើរ​បើសិន​មិនចាំបាច់។ ក្រុមមនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​ក៏​នៅតែ​ត្រូវ​ពាក់​ម៉ាស​នៅពេល​ជួប​មនុស្ស​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង និង​ចៀស​វា​ការជួប​ជុំគ្នា​ដែលមាន​មនុស្ស​ច្រើន។

បច្ចុប្បន្ន ពលរដ្ឋ​អាមេរិក​ជាង 90% មិនទាន់បាន​ចាក់​វ៉ាក់សាំង​គ្រប់គ្រាន់​នៅឡើយ នេះ​បើតាម​ប្រធានាធិបតី Joe Biden។ លោក Biden ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​អនុវត្តតាម​ការណែនាំរ​បស់ CDC ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​បន្ទាប់៕

ប្រភព​៖ Reuters
ប្រែសម្រួល​៖ បុត្រា

Advertisement