អ្នកជំងឺ Covid-19 ម្នាក់​បាន​ស្លាប់​ក្នុងអំឡុងពេល​ព្យាបាល ក្រសួង​​បញ្ជាក់​ថា ដោយសារ​ថ្នាំ​ញៀន

នា​ព្រឹក​ថ្ងៃទី 4 មីនា ឆ្នាំ 2021 មាន​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​នៅពេល​កំពុង​ទទួល​ការព្យាបាល​ជំងឺ Covid-19 នៅ​មណ្ឌល​ព្យាបាល Covid-19 ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នាំឱ្យមាន​ការព្រួយបារម្ភ​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ។

អ្នកជំងឺ​ដែល​បាន​ស្លាប់​ខាងលើ មាន​ឈ្មោះថា ឡាយ ប៊ី​ន​ស៊ា​ង ភេទ​ប្រុស កើត​ឆ្នាំ 1987។ វីដេអូ​បង្ហាញ​អំពី​ការស្លាប់​របស់​អ្នកជំងឺ​នេះ ត្រូវបាន​គេ​ចែករំលែក​ពេញ​បណ្ដាញ​សង្គម កាលពី​ព្រលប់​ថ្ងៃទី 4 មីនា ធ្វើឱ្យមាន​ការព្រួយបារម្ភ​កាន់តែខ្លាំង​អំពី​ស្ថានភាព Covid-19 នៅ​កម្ពុជា។

យ៉ាងនេះ​ក្ដី ដើម្បី​បញ្ជាក់​អំពី​មូលហេតុ​ពិត​នៃ​ការស្លាប់​នេះ ក្រសួងសុខាភិបាល​ក៏​បានចេញ​សេចក្ដីប្រកាស​មួយ​បញ្ជាក់ថា នេះ​មិនមែនជា​ករណី​ស្លាប់​ដោយសារ Covid-19 នោះទេ ពោលគឺ​ដោយសារ​ការប្រើប្រាស់​ថ្នាំញៀន នាំឱ្យ​គាំងបេះដូង។ ព័ត៌មាន​លម្អិត សូម​អាន​របាយការណ៍​ដូច​មាននៅ​ខាងក្រោម។

គិត​មកដល់​ព្រឹក​ថ្ងៃទី 4 មីនា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 909 នាក់ និង​ជាសះស្បើយ​ចំនួន 484 នាក់ ខណៈ 425 នាក់​ផ្សេងទៀត​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

Advertisement