Covid-19 បង្ហាញ​សញ្ញា​គួរឱ្យ​ត្រេកអរ កាលពី​សប្ដាហ៍​មុន ប៉ុន្តែ​វីរុស​ក្លាយ​ពូជ​ថ្មី កំពុង​រាតត្បាត​ខ្លាំង

លោក​ Tedros Adhanom ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក​

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​រាយការណ៍​ថា តួលេខ​នៃ​ករណី​ឆ្លង​ថ្មី​នៅ​ទូទាំង​ពិភពលោក​ក្នុង​សប្ដាហ៍​កន្លង បាន​ថយចុះ​រហូតដល់ 16% ដែល​ប្រហាក់ប្រហែល​នឹង​កន្លះ​លាន​នាក់ ខណៈ​តួលេខ​អ្នកស្លាប់​ក៏បាន​ថយចុះ​នៅ​គ្រប់​តំបន់​ក្នុង​ពិភពលោក។

សារព័ត៌មាន CNN បាន​ដកស្រង់​របាយការណ៍រ​បស់​អង្គការ​សុខភាព​ពិភពលោក បង្ហាញថា តួលេខ​សរុប​នៃ​អ្នក​ឆ្លង Covid-19 ក្នុង​ពិភពលោក បាន​ថយចុះ 16% ក្នុង​សប្ដាហ៍​កន្លង​ដែល​បញ្ចប់​នៅ​ថ្ងៃទី 14 កុម្ភៈ ធៀប​នឹង​មួយ​សប្ដាហ៍​មុន​នោះ។

ជារួម នៅក្នុង​សប្ដាហ៍​កន្លងទៅ មាន​ករណី​ស្លាប់​ចំនួន 81,000 នាក់ និង​ករណី​ឆ្លង​ថ្មី​ចំនួន 2.7 លាន​នាក់ ទាប​ជាង​ប្រហែល 500,000 ករណី បើ​ធៀប​នឹង​មួយ​សប្ដាហ៍​មុន​នោះ ដែល​បញ្ចប់​នៅ​ថ្ងៃទី 7 កុម្ភៈ។

WHO បានឱ្យដឹងថា តួលេខ​អ្នក​ឆ្លង​ថ្មី ថយចុះ​ពីរ​ខ្ទង់ នៅក្នុង​តំបន់​ទាំងអស់​លើ​ពិភពលោក លើកលែងតែ​តំបន់ មេ​ឌី​ទែ​រ៉ា​ណេ​ភាគ​ខាងកើត ចំណែក​តួលេខ​អ្នកស្លាប់​ថ្មី​ក៏​ថយចុះ​នៅ​គ្រប់​តំបន់​ក្នុង​ពិភពលោក។

សហរដ្ឋអាមេរិក បច្ចុប្បន្ន រកឃើញ​ករណី​ឆ្លង​ថ្មី​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក បន្ទាប់មក​គឺ​ប្រទេស​ប្រេ​ស៊ី​ល បារាំង រុស្ស៊ី អង់គ្លេស និង​តំបន់​អៀរ​ឡង់​ខាងជើង (Northern Ireland) របស់​អង់គ្លេស។

WHO ក៏បាន​សង្កត់ធ្ងន់ថា វីរុស​ក្លាយ​ពូជ​ថ្មី​នៅ​ប្រទេស​អង់គ្លេស បច្ចុប្បន្ន​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន 94 ចំណែក​វីរុស​ក្លាយ​ពូជ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង បានបង្ហាញ​ខ្លួន​នៅក្នុង​ប្រទេស​ចំនួន 46 ខណៈដែល​វីរុស​ក្លាយ​ពូជ​នៅ​ប្រេ​ស៊ី​ល បាន​ឆ្លងទៅ​ប្រទេស​ចំនួន 21 ក្នុង​ពិភពលោក៕

ប្រភព៖ CNN

Advertisement