កម្ពុជា​ត្រៀម​ទទួល​វ៉ាក់សាំង Covid-19 របស់​ចិន នៅ​ថ្ងៃទី7 ខាងមុខ

នៅក្នុង​សារ​ជា​សំឡេង​ដែល​ត្រូវបាន​ផ្សាយ​នៅលើ​ទំព័រ Facebook សម្ដេច តេ​ជោ ហ៊ុន សែន បាន​ណែនាំ​មន្ត្រី​សុខាភិបាល ឱ្យ​ត្រៀមខ្លួន​ដើម្បី​ទទួល​វ៉ាក់សាំង Covid-19 នា​ថ្ងៃទី 7 ខែកុម្ភៈ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​ថ្លែងថា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​បណ្ឌិត ម៉ម ប៊ុនហេង បាន​ជំរាប​ថា វ៉ាក់សាំង Covid-19 នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃអាទិត្យ ទី 7 ខែកុម្ភៈ។ សម្ដេច បាន​បញ្ជាក់ថា នៅពេល​វ៉ាក់សាំង​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ សម្ដេច​នឹង​ទៅ​ទទួល​ដោយផ្ទាល់។

ចំណែក​ក្រសួងសុខាភិបាល​កម្ពុជា ថ្មីៗនេះ ក៏​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ដែល​បញ្ជាក់ថា អនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង Covid-19 ដែល​ផលិត​ដោយ​ក្រុមហ៊ុន Sinopharm (China National Pharmaceutical Group) របស់​ប្រទេស​ចិន​ជាបន្ទាន់​ផងដែរ។

រដ្ឋាភិបាល​ចិន កាលពីពេល​កន្លងទៅនេះ បានសម្រេច​ផ្តល់ជំនួយ​ជា​វ៉ាក់សាំង​ប្រឆាំង Covid-19 ចំនួន 1 លាន​ដូ​ស​ដល់​កម្ពុជា​ដោយ​មិន​គិតថ្លៃ។ វ៉ាក់សាំង​ទាំងនេះ​នឹងត្រូវ​បញ្ជូន​មកឱ្យ​កម្ពុជា​ជា​ពីរ​ដំណាក់កាល ដោយ​ដំណាក់កាល​ទីមួយ​នឹងមាន 6 សែន​ដូ​ស៕

Advertisement