អ្នកជំនួញ​ថៃ​ដែល​ធ្វើអត្តឃាតព្រោះតែ Covid-19​៖ «បើ​មាន​ជាតិ​ក្រោយមែន ខ្ញុំ​នឹង​ត្រលប់​មក​សង​បំណុល​ឱ្យ​អស់!»

ឈ្មួញ​បង្កង​ម្នាក់​នៅ​ខេត្ត Sa Kaeo ប្រទេស​ថៃ បានធ្វើ​អត្តឃាត ក្រោយពី​ក្ស័យធន​នៅពេល​ស្ថិតក្នុង​រលក​នៃ​ការធ្វើ​ពហិការ​មិន​ទទួលទាន​ជលផល​ដែល​ទាក់ទង​នឹង​សម្បុក​វីរុស Covid-19 ថ្មី​បំផុត​របស់​ប្រទេស​នេះ។

នាយករដ្ឋមន្ត្រី​ថៃ Prayuth Chan-ocha កាលពី​ចុង​សប្ដាហ៍​មុន បាន​ណែនាំ​ឱ្យ​សមាជិក​ទាំង​អស់នៃ​គណៈរដ្ឋមន្ត្រី​​​របស់លោក ទទួលទាន​បង្កង​ដើម្បី​ជួយ​ស្ដារឡើងវិញ​នូវ​ជំនឿ​របស់​ប្រជាជន​ចំពោះ​អាហារ​នេះ ក្រោយពី​មាន​រលក​នៃ​ការ​ធ្វើពហិការ​ទូទាំងប្រទេស​ចំពោះ​បង្កង​មកពី​ខេត្ត Samut Sakhon ជា​កន្លែង​ដែល​ទើបតែ​មាន​រលក​នៃ​ការផ្ទុះ​ឆ្លង​រាលដាល​របស់​វីរុស Covid-19។

ការណែនាំ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី Chawalit Inchan ដែលជា​ឈ្មួញ​បង្កង​ម្នាក់ អាយុ 31 ឆ្នាំ បាន​ចងក​សម្លាប់ខ្លួន​កាលពី​ថ្ងៃទី 25 ខែធ្នូ នៅ​ខេត្ត Sa Keo។ នៅក្នុង​វីដេអូ​ថត​ដោយ​ខ្លួនឯង​នៅមុន​ការធ្វើអត្តឃាត Chawalit Inchan និយាយថា របរ​លក់ដូរ​បង្កង​របស់គាត់​បាន​ក្ស័យធន ហើយ​គាត់​មិនអាច​សងបំណុល​ចំនួន 60,000 បាត ​(ប្រហែល​ 2,000​ដុល្លារ​​អាមេរិក) ​បាន​ឡើង។

Chawalit Inchan បញ្ជាក់ថា «ខ្ញុំ​មិនអាច​បន្តទៀត​បាន។ បើសិន​មាន​ជាតិ​ក្រោយ​ពិតមែន ខ្ញុំ​នឹង​ត្រលប់មក​សងបំណុល​ទាំងនេះ​ឱ្យអស់​មិន​ខាន»។

ករណី​ធ្វើអត្តឃាត​ខាងលើ បាន​កើតឡើង​ក្នុង​គ្រា​ដែល​ពលរដ្ឋ​ថៃ កំពុងមាន​ការភ័យខ្លាច​ចំពោះ​ការឆ្លង​រាលដាល​ថ្មី​នៃ Covid-19 ដែល​ចាប់​ផ្ដើមឡើង​ដោយ​ករណី​ឆ្លង​នៅលើ​អ្នកលក់​បង្កង​នៅ​ផ្សារ​ត្រី​មួយកន្លែង​ក្នុង​ខេត្ត Samut ​Sakhon។ ក្នុង​រយៈពេល 10 ថ្ងៃ​កន្លងទៅនេះ ប្រទេស​ថៃ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស Covid-19 ថ្មី​ដល់​ទៅ​ជាង 1,300 ករណី។

បុគ្គលិក​សុខាភិបាល​ថៃ កំពុង​ធ្វើ​ការ​​ស្រាវ​​ជ្រាវ​លើ​ប្រវត្តិ​ដើរ​ហើរ​របស់​ពលករ​មក​ពី​ប្រទេស​មីយ៉ានម៉ា​ កាល​ពីថ្ងៃទី 25​ ខែ​ធ្នូ នៅឯ​ទីក្រុង​ ​Nakhon Si Thammarat

ការដែល​ពលរដ្ឋ​ថៃ​ជាច្រើន​មានការ​ព្រួយបារម្ភ​ថា ការទទួល​ទាន​បង្កង ឬ​គ្រឿង​សមុទ្រ អាច​នាំឱ្យ​ឆ្លង​វីរុស​នេះ បាន​បណ្ដាលឱ្យ​ទីផ្សារ​បង្កង​ត្រូវ​ជួប​ការលំបាក​ខ្លាំង។ «ការភ័យខ្លាច​មាន​លក្ខ​ណ​ជ្រុល​ហួស» Taweesin Wisanuyothin ដែលជា​អ្នកនាំពាក្យ​នៃ​មជ្ឈមណ្ឌល​ចាត់ការ​ស្ថានការណ៍ Covid-19 របស់​រដ្ឋាភិបាល​ថៃ បាន​និយាយ​កាលពី​ថ្ងៃទី 25 ខែធ្នូ។ ក្រុមមន្ត្រី​ថៃ កំពុងតែ​ព្យាយាម​ពន្យល់​ឱ្យ​ពលរដ្ឋ​យល់ថា ការទទួល​ទាន​បង្កង​នឹង​មិនអាច​នាំឱ្យ​ឆ្លង Covid-19 នោះទេ បើសិន​វា​ជា​អាហារ​ឆ្អិន។

ក្រៅពី​ការភ័យខ្លាច​ចំពោះ​បង្កង ពលរដ្ឋ​ថៃ​មួយចំនួន​ក៏មាន​ការព្រួយបារម្ភ​ខ្លាច​ឆ្លង Covid-19 ពី​ពលករ​មកពី​ប្រទេស​មី​យ៉ាន​ម៉ា ជា​ក្រុមមនុស្ស​ដែល​ត្រូវ​ថៃ​ជឿថា ជា​ប្រភព​ចម្លង Covid-19 នៅក្នុង​ខេត្ត Samut Sakhon ទៀតផង៕

ប្រភព៖ Khaosod

Advertisement