នៅពេលរាងកាយខ្វះ “វីតាមីន” នឹងហុចផលអាក្រក់ដល់សុខភាពរបស់យើង(តចប់)

វីតាមីន និងសារធាតុរ៉ែ ជាសារធាតុអាហារដែលចាំបាច់ខ្លាំងណាស់ចំពោះការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗក្នុងរាងកាយមនុស្សយើង ហើយបើទោះជារាងកាយនឹងត្រូវការវីតាមីន និងសារធាតុរ៉ែត្រឹមតែបន្តិចបន្តួចក៏ដោយ ក៏នៅតែមិនអាចខ្វះបានជាដាច់ខាត ព្រោះបើសិនរាងកាយរបស់អ្នកមិនបានទទួលវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់នោះ វាអាចធ្វើឱ្យរូបអ្នកឈឺថ្កាត់បានភ្លាមៗតែម្ដង ហើយខាងក្រោមនេះ គឺអាការដែលបង្ហាញថា រាងកាយរបស់អ្នកខ្វះវីតាមីនហើយ…។

  1. ជំងឺដំបៅចង្វែកមាត់

រោគដំបៅចង្វែកមាត់ ជារោគដែលអាចកើតឡើងបាននៅលើមនុស្សគ្រប់ភេទ គ្រប់វ័យ និងអាចបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលដ៏ខ្លី តែក៏មានឱកាសអាចកើតឡើងម្ដងទៀតដដែលៗបានដែរ។ អ្នកដែលកើតជំងឺនេះ នឹងមានស្នាមរយះនៅត្រងចង្វែកមាត់ទាំងសងខាង បើមិនប្រញាប់ព្យាបាលទេ អាចក្លាយជាឧបសគ្គដល់ការនិយាយស្ដី ឬញ៉ាំអាហារបាន ហើយមូលហេតុរបស់រោគដំបៅចង្វែកមាត់នេះ ក៏កើតពីការដែលរាងកាយស្ថិតក្នុងសភាពទន់ខ្សោយ មានប្រព័ន្ធប្រឆាំងជំងឺទាប ឬសភាវខ្វះវីតាមីនB​ ជាពិសេសវីតាមីនB2 វីតាមីនB3 និងវីតាមីនB12 រួមទាំងការខ្វះសារធាតុរ៉ែស័ង្កសី និងសារធាតុដែក។

  1. ឈឺស្ពឹកនៅត្រង់ចុងដៃ និងចុងជើង

នៅពេលរាងកាយខ្វះវីតាមីន B​1 វីតាមីនB​6 និងវីតាមីនB12 ច្រើនតែធ្វើឱ្យកើតអាការឈឺស្ពឹកនៅលើចុងដៃ ចុងជើង ដោយវីតាមីន B​1 និងវីតាមីន B​6 មានចំណែកពាក់ព័ន្ធនឹងការសាងប្រព័ន្ធទំនាក់ទំនងប្រសាទ និងការបញ្ជូនសញ្ញាប្រសាទ។ ចំណែកឯវីតាមីនB12 វិញ ពាក់ព័ន្ធនឹងការផលិតសាច់ភ្នាស ម៉ៃអ៊ិលិន ដែលមានតួនាទីជួយបញ្ជូនសញ្ញាក្រសែប្រសាទ។ ដូច្នេះហើយទើបការខ្វះវីតាមីនទាំងអស់នេះ នឹងធ្វើឱ្យរាងកាយកើតមានអាការខុសប្រក្រតី ឈឺ ឬស្ពឹកនៅលើសរសៃប្រសាទរង្វង់ក្រៅ ឬចុងដៃ ចុងជើងហ្នឹងឯង។

  1. ក្រចកដៃ-ជើងផុយស្រួយ

នៅពេលរាងកាយរបស់អ្នកមានសារធាតុដែកទាប រាងកាយផ្នែកខ្លះនឹងចាប់ផ្ដើមបង្ហាញភាពទន់ជ្រាយចេញមកក្នុងរូបបែបរបស់ក្រចកដៃជើងដែលផុយស្រួយ ឬសាច់ភ្នាសភ្នែកឡើងស្លេក។ ស្ត្រីដែលមានវដ្តរដូវមកច្រើន នឹងប្រថុយប្រថាននឹងការខ្វះសារធាតុដែកកាន់តែខ្លាំងឡើង ដូចគ្នានឹងអ្នកដែលទទួលទានមំសៈអាហារ(តមអាហារដែលមានសាច់)រយៈពេលយូរដែរ។ ដោយសារតែរាងកាយអាចបឺតជ្រាបសារធាតុដែកបានល្អបំផុតពីសាច់សត្វ ដូច្នេះអ្នកដែលទទួលទានមំសៈអាហារគួរផ្ដល់ភាពសំខាន់ទៅលើការទទួលបន្លែដែលសម្បូរដោយសាធាតុដែក ដូចជា ស្លឹកផ្ទី ឬគ្រាប់សណ្ដែក រួមទាំងអាហារដែលមានវីតាមីនCខ្ពស់ ដើម្បីបង្កើនការបឺតជ្រាបសារធាតុដែកចូលទៅក្នុងរាងកាយ។

  1. ឆ្អឹងស្រួយ ងាយប្រេះ បាក់

ភាពប្រថុយប្រថានក្នុងការកើតរោគឆ្អឹងស្ដើង សភាវឆ្អឹងផុយមិនរឹងមាំ និងឆ្អឹងងាយបាក់ ដោយសារតែបណ្ដុំឆ្អឹងថយចុះនេះ បណ្ដាលមកពីរាងកាយខ្វះកាល់ស្យូម ព្រោះឆ្អឹងរបស់មនុស្សយើង នឹងរឹងមាំខ្លាំងក្លាបំផុតនៅពេលមានអាយុប្រមាណជា 30ឆ្នាំ មុននឹងបាត់បង់កាល់ស្យូមជាបណ្ដើរៗទៅវិញ។ ការទទួលទានកាល់ស្យូមក្នុងកម្រិតដែលសមរម្យជាប់ជាប្រចាំ គឺជារឿងសំខាន់ណាស់ ជាពិសេស ស្ត្រីក្នុងវ័យអស់វដ្តរដូវ ដែលមានភាពប្រថុយប្រថានជាមួយសភាវឆ្អឹងផុយមិនរឹងមាំខ្ពស់៕

Advertisement