រោគកំណាច 5ប្រភេទដែលអាចនឹងកើតលើមនុស្សចាស់ និងការការពារ

ដូចដែលយើងបានដឹងហើយថា ដោយអាយុរបស់លោកឪពុកអ្នកម្តាយរបស់យើងដែលចេះតែកើនឡើង សុខភាពរាងកាយរបស់លោកទាំង2 ក៏មានតែរុះរោយទៅតាមពេលវេលានោះ តួនាទីជាកូនៗរបស់យើង គឺគួរតែយកចិត្តទុកដាក់រឿងសុខភាពរបស់លោក ដោយ​ការមើលថែទាំ និងពិនិត្យមើលថា តើលោកមានភាពប្រថុយប្រថាននឹងការកើតជម្ងឺក្នុងវ័យចំណាស់ឬក៏អត់?។

1.ជំងឺទឹកនោមផ្អែម

រោគដែលកើតចេញពីភាពខុសប្រក្រតីខាងរាងកាយដែលផលិតអ័រម៉ូនអ៊ីនស៊ូលីនមិនគ្រប់គ្រាន់ បណ្តាលឱ្យកម្រិតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ ភាគច្រើនតែងជួបប្រទះលើអ្នកដែលមានទម្ងន់ខ្លួនលើសមាត្រដ្ឋានចំពោះមនុស្សចាស់ដែលក្រុមគ្រួសារកើតជំងឺនេះ។ អាការរបស់ជំងឺនេះ នឹងធ្វើឱ្យបត់ជើងតូច និងស្រេកទឹកញឹកញាប់ ល្វើយ ទម្ងន់ខ្លួនធ្លាក់ចុះ រហូត​កើតមានការជ្រៀតចូលរបស់ជំងឺផ្សេងៗ ដូចជា ​ជំងឺភ្នែក ជំងឺក្រលៀន ជំងឺបេះដូង ជំងឺសរសៃឈាមខួរក្បាល។

2.ជំងឺលើសឈាម

ជាជំងឺរ៉ាំរ៉ៃ ដោយនៅក្នុងសភាពប្រក្រតីមនុស្សធម្មតាយើងមានកម្រិតសម្ពាធលោហិត​ 2បែប គឺតួលេខសម្ពាធឈាម​ខាងលើត្រូវស្ថិតនៅកម្រិតមិនលើស 140មិល្លីម៉ែត្របារ៉ត តួលេខសម្ពាធឈាមខាងក្រោមមិនលើស 90មិល្លីម៉ែត្របារ៉ត បើ​ខ្ពស់ជាងនោះ នឹងចាត់ចូលក្នុងសភាវសម្ពាធឈាម។ ជារោគដែលកើតញឹកញាប់នៅលើមនុស្សចាស់ តែងកើតក្នុងខណះដែលមានភាពធុញថប់តានតឹង ដែលភាគច្រើនគ្មានអាការស្តែងចេញទេ តែពេលខ្លះមានអាការញ័រដើមទ្រូង ឈឺក្បាល វិលមុខ ស្រវាំង​ភ្នែក ជំងឺនេះឆាប់ពិនិត្យរកឃើញ និងមិនពិបាកព្យាបាលទេ តែបើបណ្តែតបណ្តោយ នឹងធ្វើឱ្យកើតរោគស្ពឹកពិការ អាចដល់​ថ្នាក់​​​គាំង​បេះដូងបានទៀតផង។

3.ជំងឺខាងខួរក្បាល

ជាជំងឺដែលកើតដោយសារសមត្ថភាពខាងសតិបញ្ញាថមថយចុះ គិត​ និងចាំមិនសូវបាន ធ្វើឱ្យមានអាការភ្លេច​ភ្លាំង ដោយជំងឺខាងខួរក្បាលដែលជួបញឹកញាប់នោះគឺ រោគអាល់ហ្សៃមើរ៍ និងរោគផារ៍គិនសុន។ ច្រើនជួបនៅលើមនុស្សដែលមានអាយុច្រើនចាប់ពី 65ឆ្នាំឡើងទៅ។ អាការចាប់ផ្តើមដំបូង គឺច្រើនតែភ្លេចរឿងដែលទើប​នឹងកើតឡើងថ្មីៗ ដូចជារករបស់មិនឃើញ ទាំងទុកដាក់នៅកន្លែងដដែលជាប្រចាំ ជាដើម។ វិធីការពារតាំងពីដើមទីរបស់ជំងឺនេះ គឺគួរព្យាយាមហ្វឹកហាត់ឱ្យ​ខួរ​​​​ក្បាលបានគិតញឹកញាប់ និងព្យាយាមកុំគិតច្រើន មិនធុញថប់តឹងតែងច្រើនក្នុងអារម្មណ៍។

4.ជំងឺបេះដូងខ្វះឈាម

កើតឡើងដោយសារសរសៃឈាមដែលទៅចិញ្ចឹមសាច់ដុំបេះដូងកើតអាការត្បៀតតូច ធ្វើឱ្យឈាមហូរទៅ​ចិញ្ចឹម​សាច់ដុំបេះដូងមិនរួច ធ្វើឱ្យសាច់ដុំបេះដូងខ្វះអុកស៊ីហ្ស៊ែនមួយខណៈពេល ជាមូលហេតុធ្វើឱ្យកើតអាការឈឺដើមទ្រូង តែនឹងធូរ​ស្រាលឡើងវិញនៅពេលបានសម្រាក ហើយបើសរសៃឈាមដែលត្បៀតតូចនោះស្ទះបែបទាន់ហន់វិញនោះ នឹងធ្វើឱ្យសាច់ដុំបេះ​ដូង​​​​​​ស្លាប់ នាំឱ្យកើតអាការចុកក្នុងដើមទ្រូងយ៉ាងធ្ងន់ធ្ងរ អាចមានអាការបេះដូងដើរខុសចង្វាក់ ឬឈប់ដើរ ហើយបាត់បង់ជីវិតភ្លាមមុននឹងដល់មន្ទីពេទ្យទៀតផង។

5.រោគឆ្អឹ

ឆ្អឹងរបស់មនុស្សយើងនឹងចាប់ផ្តើមចុះខ្សោយ និងស្តើងនៅពេលយើងមានអាយុ 45ឆ្នាំឡើងទៅ ហើយ​មនុស្សស្រីនឹងមានសភាពបែបនេះខ្លាំងជាងបុរស ជាពិសេសស្រ្តីដែលស្ថិតក្នុងវ័យអស់រដូវ។ មូលហេតុបណ្ដាលមកពីសារធាតុអំបិលរ៉ែ ដែលមានកាល់ស្យូម និងផូស្វ័រត្រូវបានបណ្តេញចេញពីរាងកាយ។ អាការដែលអាចដឹងបាននោះគឺ ពុកធ្មេញ ឈឺឆ្អឹង កម្ពស់ធ្លាក់ចុះ ខ្នងកោង ជើងកោង។ល។ អ្នកជំងឺដែលមិនបានទទួលការមើលថែទាំពីគ្រូពេទ្យ នឹងប្រថុយប្រថានក្នុងការបែកបាក់ឆ្អឹងក្នុងកន្លែង​ផ្សេងៗនៃរាងកាយ ជាពិសេសឆ្អឹងដៃ ក្នុងចន្លោះពីកែងដៃដល់កដៃ។

វិធីមើលថែទាំ និងការពារការកើតជំងឺលើមនុស្សចាស់

  • គ្រប់គ្រងអាហារការហូបចុកសក្តិសមនឹងរាងកាយ ចៀសវាងអាហារដែលមានជាតិខ្លាញ់ខ្ពស់ រសជាតិផ្អែម និងប្រៃខ្លាំង ។
  • កាត់បន្ថយ លែង ឬឈប់សេពវត្ថុគ្រោះថ្នាក់ ដូចជា បារី សុរា។ល។
  • ញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ។
  • មនុស្សចាស់គួរហាត់ប្រាណក្នុង 1សប្តាហ៍ពី​ 3 – 4ដង។
  • គ្រប់គ្រងទម្ងន់ខ្លួនឱ្យស្ថិតក្នុងកម្រិតសមរម្យ មិនឱ្យធាត់ជ្រុលពេក។
  • ធ្វើចិត្តឱ្យស្រស់ថ្លា មិនធុញថប់តឹងតែង សម្រាកឱ្យបានគ្រប់គ្រាន់។
  • ឧស្សាហ៍សង្កេតមើលអាការខុសប្រក្រតីផ្សេងៗរបស់រាងកាយ បើមានអ្វីប្លែកគួរប្រញាប់ទៅប្រឹក្សាគ្រូពេទ្យ។
  • ត្រួតពិនិត្យសុខភាពជាប្រចាំ រៀងរាល់ 6 – 12ខែម្តង៕

Advertisement