ពលរដ្ឋ​អាមេរិកាំង​ជាង​មួយ​លាន​នាក់ បាន​ចាក់​វ៉ា​ក់សាំង Covid-19 លើកទីមួយ​រួចហើយ

បុគ្គលិក​សុខាភិបាល​ម្នាក់ កំពុង​ទទួល​ការ​ចាក់​វ៉ាក់សាំង​ Covid-19 កាល​ពីថ្ងៃទី 23 ខែ​ធ្នូ នៅ​ Boston រដ្ឋ​ Massachusetts សហរដ្ឋ​អាមេរិក

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​រោគ​ឆ្លង​របស់​អាមេរិក បានឱ្យដឹងថា ពលរដ្ឋ​អាមេរិកាំង​ជាង 1 លាន​នាក់ បាន​ចាក់​វ៉ាក់សាំង Covid-19 រួចហើយ ក្រោយ​រយៈពេល 10 ថៃ​ដែល​បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​ប្រទេស​នេះ។

«សហរដ្ឋអាមេរិក​នៅថ្ងៃនេះ បាន​ឈានដល់​ដំណាក់កាល​សំខាន់​មួយ។ តំបន់​នានា​បាន​រាយការណ៍​ថា ពលរដ្ឋ​ជាង 1 លាន​នាក់​ត្រូវបាន​ចាក់​វ៉ាក់សាំង Covid-19 លើកដំបូង រាប់​ចាប់តាំងពី​រដ្ឋាភិបាល​បានចាប់ផ្ដើម​យុទ្ធនាការ​កាលពី 10 ថ្ងៃមុន» នេះ​បើតាម​សម្ដី​របស់ លោក Robert Redfield នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី 23 ខែធ្នូ។

ចំណែក​លោក Moncef Slaoui ទីប្រឹក្សា​នៃ​យុទ្ធនាការ​រហ័ស​របស់​រដ្ឋាភិបាល​អាមេរិក បានឱ្យដឹង​ដែរ​ថា គោលដៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន 20 លាន​នាក់​ក្នុង​ខែ​នេះ ពិតជា «ពិបាក​សម្រេចបាន»។ ប៉ុន្តែ លោក​បន្ថែមថា សហរដ្ឋអាមេរិក​កំពុងមាន​គោលដៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន 100 លាន​នាក់​នៅមុន​ដំណាច់ត្រីមាស​ទីមួយ​នៃ​ឆ្នាំ 2021 និង 100 លាន​នាក់​ទៀត នៅក្នុង​ត្រីមាស​ទី​ពីរ។

សូម​រំលឹកថា កាលពី​ថ្ងៃទី 11 ធ្នូ នាយកដ្ឋាន​គ្រប់គ្រង​អាហារ​និង​ឱសថ​អាមេរិក (FDA) បានអនុម័ត​លើ​វ៉ាក់សាំង Covid-19 ដំបូង​នៃ​ប្រទេស​នេះ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Pfizer និង BioNTech។ កាលពី​សប្ដាហ៍​កន្លងទៅ វ៉ាក់សាំង​នេះ​ចំនួន 3 លាន​ដូ​ស ត្រូវបាន​ចែកចាយ​នៅ​ពាសពេញ​ទឹកដី​អាមេរិក។

សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ដែលមាន​អ្នក​ឆ្លង​វីរុស Covid-19 ច្រើនជាងគេ​ក្នុង​ពិភពលោក ដោយមាន​អ្នកជំងឺ​ជាង 19 លាន​នាក់ ក្នុងនោះ​មាន​ជាង 334,000 នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ៕

ប្រភព៖ AFP

Advertisement