កម្ពុជា​រកឃើញ​មនុស្ស 3នាក់​បន្ថែមទៀត​ដែល​វិជ្ជមាន​នឹង Covid-19

កម្ពុជារកឃើញមនុស្ស 3នាក់បន្ថែមទៀតដែលវិជ្ជមាននឹង Covid-19

ក្នុង​រយៈពេល 24ម៉ោង​កន្លងទៅនេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 3ករណី​បន្ថែមទៀត ក្នុងនោះ​មាន​ទាំង​ករណី​នាំចូល និង​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍28វិច្ឆិកា​ផងដែរ។

ករណី​វិជ្ជមាន​នឹង Covid-19 ដែល​ត្រូវបាន​រកឃើញ​កាលពី​ម្សិលមិញ (14ធ្នូ) រួមមាន៖

ករណី​នាំចូល៖ ទីមួយ៖ ស្ត្រីជន​ជាតិខ្មែរ អាយុ 66ឆ្នាំ ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​ភ្នំពេញ និង​ជា​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក។ ទី​ពីរ៖ ស្ត្រី​ជនជាតិ​ជប៉ុន អាយុ 34ឆ្នាំ ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​ប្រទេស​ជប៉ុន។

ករណី​ពាក់ព័ន្ធ​នឹង «ព្រឹត្តិការណ៍​សហគមន៍28វិច្ឆិកា»៖ កុមារ​ជនជាតិខ្មែរ អាយុ 1ឆ្នាំ ស្នាក់​នៅក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​កូនប្រុស​របស់​ស្ត្រី​វ័យ 30ឆ្នាំ ដែល​វិជ្ជមាន​នឹង Covid-19 កាលពី​ថ្ងៃទី 29វិច្ឆិកា។

ក្រៅពី​វិជ្ជមាន កម្ពុជា​ក៏មាន​អ្នកជា​សះស្បើយ​ពី Covid-19 ចំនួន 3នាក់​ផងដែរ​ដែល​សុទ្ធតែជា​អ្នកពាក់ព័ន្ធ​​នឹង​​ព្រឹត្តិ​ការណ៍​28​វិច្ឆិកា។

គិត​មកដល់​ព្រឹក​ថ្ងៃទី 15 ខែធ្នូ​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 362 នាក់ ក្នុងនោះ​មាន 312 នាក់​បានជា​សះស្បើយ និង 50 នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​នា​រាជធានី​ភ្នំពេញ៕

Advertisement