ថែទាំសុខភាពឱ្យល្អ ដើម្បីបានដើរលេងក្នុងរដូវរងាយ៉ាងរីករាយ

ធាតុអាកាសចាប់ផ្តើមត្រជាក់ហើយ អ្នកខ្លះប្រហែលកំពុងត្រៀមរៀបចំកាបូបធ្វើដំណើរទៅដើរកម្សាន្ត​នៅ​តាមទីរួមខេត្តផ្សេងៗហើយមែនទេ? តែមុននឹងទៅ ទស្សនាវដ្តី ឡារ៉ែន ចង់ឱ្យមិត្តអ្នកអានត្រៀមខ្លួនមើលថែទាំសុខភាពបន្តិចសិន ដើម្បីឱ្យដំណើរកម្សាន្តរបស់លោកអ្នកប្រព្រឹត្តទៅយ៉ាង Happy មិនឈឺថ្កាត់ក្នុងពេលធ្វើដំណើរ ឬក៏វេចខ្ចប់ជំងឺគ្រុនផ្តាសាយត្រឡប់មកវិញហ្នឹងឯង។ ខាងក្រោមនេះ គឺជាការណែនាំរបស់លោកគ្រូពេទ្យជំនាញ ដែលបានផ្តល់ដំបូន្មានដ៏គួរឱ្យចាប់អារម្មណ៍ដូចខាងក្រោម ៖

សម្រា់ដំណើរកម្សាន្តក្នុងរដូវរងានេះ លោកអ្នកត្រូវត្រៀមខ្លួនជាស្រេចក្នុងរឿងសុខភាពឱ្យបានល្អ ដោយវិធីដូចខាងក្រោមនេះ ៖

  • ថែរក្សាសុខភាពឱ្យនៅរឹងមាំជានិច្ច ដោយកាទទួលទានអាហារដែលមានប្រយោជន៍ឱ្យគ្រប់ 5 ប្រភេទក្រុម ញ៉ាំទឹកឱ្យបានច្រើន ហាត់ប្រាណជាប់ជានិច្ច និងគេងសម្រាកឱ្យបានគ្រប់គ្រាន់មុនពេលចេញដំណើរទៅកម្សាន្ត។
  • ចៀសវាងការនៅក្បែរនឹងអ្នកជំងឺដែលកើតរោគផ្តាសាយ និងមិនគួរប្រើប្រាស់របស់រួមគ្នា ដូចជាកន្សែង​ជូតមុខ កែវទឹក ចាន ឬស្លាបព្រា ជាដើមឡើយ។
  • គួរនៅក្នុងទីកន្លែងដែលមានខ្យល់អាកាសចេញចូលល្អ មិនគួរចូលទៅក្នុងកន្លែងដែលមានមនុស្ស​ច្រើនណែន​​​ណាន់តាន់តាប់ឡើយ។
  • បើកើតជំងឺគ្រុនផ្តាសាយធម្មតា ឬគ្រុនផ្តាសាយធំ គួរមានក្រណាត់ម៉ាស់ខ្ទប់មាត់ និងច្រមុះពេលក្អក កណ្តាស់ និងកុំទៅប្រឡូកជាមួយអ្នកដទៃ។
  • ចៀសវាងការជក់បារី ផឹកស្រា។ល។
  • គួរលាងដៃឱ្យបានញឹកញាប់ដោយប្រើសាប៊ូធម្មតា រយ:ពេល 15វិនាទី ដើម្បីការពារការប៉ះពាល់មេរោគនៅតាមទីកន្លែងសាធារណៈផ្សេងៗ ដោយមិនដឹងខ្លួន ដូចជា បង្កាន់ដៃជណ្តើរ ដៃទ្វារ តុ កៅអី ឬកែវទឹក ជាដើម។
  • ក្នុងអំឡុងពេលដំណើរកម្សាន្ត គួរមើលថែទាំរាងកាយឱ្យបានកក់ក្តៅជាប់ជានិច្ច ជាពិសេសបំផុតនៅក្នុងទី​កន្លែងដែលមានធាតុអាកាសប្រែប្រួល ឬបើធាតុអាកាសត្រជាក់ខ្លាំង គួរស្លៀកខោអាវក្រាស់ៗ ពាក់ស្រោមដៃ ស្រោមជើង និងពាក់មួក និងបន្ទាប់ពីងូតទឹករួច គួរលាបឡេថែបំប៉នស្បែកផង។
  • ក្នុងករណីដែលមានបញ្ហាប្រេះ ឬក្រៀមបបូរមាត់ គួរលាបដោយក្រែមលីបបាមល៍ និងមិនគួរលិទ្ធបបូរមាត់ញឹកញាប់ឡើយ។
  • សម្រាប់អ្នកដែលមានជំងឺប្រចាំកាយ ត្រូវយកថ្នាំទៅជាមួយ ដើម្បីទុកពិសាតាមវេជ្ជបញ្ជាផង។

ចំណែកឯជំនឿដែលនាំគ្នាជឿថា ការញ៉ាំស្រាអាចធ្វើឱ្យបាត់រងានោះ ​ គ្រូពេទ្យជំនាញបានបញ្ជាក់​ថា គឺជាជំនឿមួយដែលមិនត្រឹមត្រូវទេ ព្រោះទោះជាការញ៉ាំស្រាចូលទៅថ្មីៗ វាអាចធ្វើឱ្យសរសៃឈាមតូចៗនៅក្រោមស្បែក​ពង្រីក​​ខ្លួន រហូតធ្វើឱ្យយើងមានអារម្មណ៍ថា ខ្លួនប្រាណឡើងក្តៅភាយៗមែន តែកម្ដៅនោះនឹងត្រូវបន្សាយចេញពីរាងកាយច្រើនឡើងដោយមិនដឹងខ្លួនដែរ ជាហេតុធ្វើឱ្យសីតុណ្ហភាពរបស់រាងកាយថយចុះដដែល។ បើញ៉ាំស្រាក្នុងបរិមាណច្រើន ឥទ្ធិពលរបស់ជាតិអាល់កុលនឹងទៅសណ្តំប្រព័ន្ធប្រសាទផ្នែកកណ្តាល ធ្វើឱ្យមានអាការស្រវឹង អាចនឹងលង់លក់ទៅដោយមិនដឹងខ្លួន ហើយបើមានគ្រឿងដណ្តប់ខ្លួនប្រាណមិនបានកក់ក្តៅគ្រប់គ្រាន់ផងនោះ រាងកាយដែលហាលខ្យល់ត្រជាក់យូរនោះអាចនឹងធ្វើឱ្យស្លាប់បាត់បង់ជីវិតបាន ។

ដូច្នេះ សូមកុំភ្លេចត្រៀមសុខភាពរាងកាយឱ្យបានស្រេច មុននឹងចេញទៅប៉ះនឹងខ្យល់រងានារដូវដើមឆ្នាំថ្មី​នេះ!៕

Advertisement