តើ “ប៊ីចេង” ធ្វើឱ្យជ្រុះសក់មែនឬ?

ធ្វើម្ហូប កុំដាក់ប៊ីចេងច្រើនពេក ប្រយ័ត្នជ្រុះសក់ ធ្លាប់បានឮប្រយោគនេះមកតាំងពីក្មេង មែនទេ? មនុស្សចាស់តែងតែហាមមិនឱ្យក្មេងៗដូចយើងធ្វើម្ហូប ឬញ៉ាំអាហារដែលមានដាក់ប៊ីចេងច្រើន។ សួរថា តើញ៉ាំប៊ីចេងច្រើន ធ្វើឱ្យជ្រុះសក់មែន ឬមិនមែន? បើមានផលអាក្រក់ដល់ថ្នាក់នោះ តើហេតុអីនៅតែមានប៊ីចេងជាគ្រឿងផ្សំរបស់ម្ហូបអាហារជាច្រើននៅលើទីផ្សារ? ក្រៅពីធ្វើឱ្យសក់ជ្រុះហើយ តើប៊ីចេងនៅមានផលអាក្រក់ផ្សេងទៀតឬទេ? ថ្ងៃនេះ ទំព័រសុខភាពឡារ៉ែន មានចម្លើយមកជម្រាបជូន។

ប៊ីចេង ជាអ្វី?

ម្សៅប៊ីចេង ឬម៉ូណូសូដ្យូម គ្លុយតាម៉េដ ប្រកបដោយសូដ្យូម(អំបិល) និងអាស៊ីត គ្លុយតាមិក(អាស៊ីតអាមីណូមួយប្រភេទ)។ ម្សៅប៊ីចេងបានមកពីការផ្អាប់កាកស្ករពីដើមអំពៅ ឬស្ករពីម្សៅដំឡូងមី ដែលជាវត្ថុធាតុដើមធម្មជាតិ ដោយផលិតផលចុងក្រោយដែលបាន នឹងជាគ្រាប់ដុំពណ៌ស ងាយរលាយក្នុងទឹក និងចូលជាមួយអាហារបានគ្រប់ប្រភេទ។

ម្សៅប៊ីចេង ជាទីពេញនិយមក្នុងការធ្វើជាគ្រឿងផ្សំដែលជួយបង្កើនរសជាតិរបស់អាហារឱ្យរឹតតែល្អឡើង ឬភាសាអ្នកស្រុកហៅថា ធ្វើឱ្យអាហារកាន់តែឆ្ងាញ់ត្រូវមាត់ខ្លាំងឡើង ដូច្នេះហើយទើបយើងឃើញមានប៊ីចេងតាំងពីក្នុងហាងលក់អាហារតាមចិញ្ចើមផ្លូវ រហូតដល់រោងចក្រសិប្បកម្មផលិតអាហារ និងនំផ្សេងៗជាច្រើន។

ប៊ីចេង ញ៉ាំច្រើនជ្រុះសក់??

ការទទួលទានប៊ីចេងច្រើនៗ មិនបានធ្វើឱ្យជ្រុះសក់ ក្បាលទំពែកទេ គ្មានការអះអាងនៅក្នុងរបាយការណ៍ខាងវេជ្ជសាស្ត្រ ឬលទ្ធផលនៃការស្រាវជ្រាវណាមួយទាំងអស់។ មនុស្សជាច្រើននាំយកអាការជ្រុះសក់មកពាក់ព័ន្ធ ដើម្បីរកមូលហេតុដែលអាចកើតឡើងបានពីការញ៉ាំអាហារ ទើបម្សៅប៊ីចេងត្រូវក្លាយជាជនជាប់ចោទតាមជំនឿដែលបានទទួលមកតាំងពីជំនាន់ឪពុកម្ដាយមក តែការពិតវិញ មូលហេតុធំៗរបស់ការជ្រុះសក់ គឺកើតចេញពីភាពខុសប្រក្រតីរបស់រន្ធរោមនៅលើស្បែកក្បាល និងសរសៃសក់ទៅវិញទេ ដូច្នេះជំនឿនេះ មិនមែនជារឿងពិតទេ។

គ្រោះថ្នាក់ពីម្សៅប៊ីចេង

ទោះជាម្សៅប៊ីចេងមិនបានធ្វើឱ្យសក់ជ្រុះមែន តែដែលយើងត្រូវបានហាមប្រាមតាំងពីក្មេងៗនោះ ព្រោះតែមានរបាយការណ៍ខាងវេជ្ជសាស្ត្រ បានឱ្យដឹងពីអាការខុសប្រក្រតីរបស់អ្នកដែលទទួលទានអាហារដែលមានដាក់ប៊ីចេងជាគ្រឿងផ្សំច្រើនៗ តាំងពីអាការខុសប្រក្រតីបន្តិចបន្តួច រហូតដល់អាការធ្ងន់ធ្ងរ…ៈ

  • ស្ងួតក ស្រេកទឹក
  • មានអាការប្រតិកម្ចាញ់ម្សៅប៊ីចេង មាត់ស្ងួត ស្ពឹកអណ្ដាត ដៃ ខ្នង និងក មានអាការស្ពឹក សាច់ដុំទន់កម្លាង ញ័រទ្រូង មុខក្រហម រហូតដល់ថ្នាក់ខ្យល់គ ក៏មាន។
  • ជំរុញអាការហឺតដង្ហក់ និងឈឺក្បាលម៉ៃក្រេនឱ្យកម្រើកឡើង តែទោះជាយ៉ាងណា ក៏នៅតែមិនអាចសរុបប្រកាសបានថា អាការខុសប្រក្រតីទាំងនោះ បណ្ដាលមកពីម្សៅប៊ីចេងតែម្យ៉ាងនោះទេ ព្រោះតាមរយៈហេតុការណ៍ពិតៗដែលកើតឡើង និងតាមរយៈការពិសោធ ឃើញថាមានបច្ច័យផ្សេងទៀតចូលមកពាក់ព័ន្ធជាច្រើន ដូចជាគ្រឿងផ្សំផ្សេងៗរបស់អាហារនៅក្នុងចាននោះដែលអាចហុចផលដល់អាការទាំងនោះបានដូចគ្នា។

តែគ្រោះថ្នាក់បណ្ដាលពីម្សៅប៊ីចេងដែលកើតឡើងពីអំបិលសូដ្យូមនៅក្នុងម្សៅប៊ីចេង មានដូចតទៅ ៈ

  • ប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយថយចុះ
  • កើតការវិលវល់ក្នុងខួរក្បាលរបស់ក្មេង ធ្វើឱ្យធំឡើងមកមានអាការមិនគ្រប់ទឹក ឬមានអាការប្រកាច់សន្លប់
  • មានគ្រោះចំពោះអ្នកជំងឺក្រលៀន លើសឈាម ជំងឺបេះដូង និងជំងឺផ្សេងទៀតដែលពេទ្យហាមទទួលទានប្រៃ ភាគច្រើនអ្នកបរិភោគ ឬសូម្បីតែអ្នកផលិត ច្រើនតែមិនសូវប្រយ័ត្នប្រយែងចំពោះបរិមាណការដាក់ម្សៅប៊ីចេងចូលទៅក្នុងអាហារ ព្រោះម្សៅប៊ីចេងមិនមានរសជាតិប្រៃច្បាស់លាស់ដូចអំបិលសម្លធម្មតានោះទេ។ ការដាក់ប៊ីចេងច្រើនៗ ក៏អាចធ្វើឱ្យមិនសូវទទួលដឹងពីរសជាតិប្រៃបានច្បាស់លាស់ដែរ ទើបអាចធ្វើឱ្យភ្លេចខ្លួនដាក់ច្រើនជ្រុល រហូតធ្វើឱ្យរាងកាយបានទទួលប៊ីចេងច្រើនជ្រុលដោយមិនដឹងខ្លួន។

តើគួរទទួលទានប៊ីចេងប៉ុនណា ទើបមិនមានគ្រោះថ្នាក់ដល់រាងកាយ?

មនុស្សមួយចំនួនដែលមិនអាចកាត់ប៊ីចេងចេញពីម្ហូបអាហារបានយ៉ាងដាច់ខាតនោះ គួរទទួលទានបានមិនលើសពី 1ថ្ងៃ 2ស្លាបព្រាកាហ្វេ ឬបើត្រូវការឱ្យរសជាតិអាហារមានភាពឈ្ងុយឆ្ងាញ់ស្រដៀងនឹងការដាក់ប៊ីចេងដែរនោះ អាចដាក់វត្ថុធាតុដើមពីធម្មជាតិបាន ដូចជាសារាយ និងទឹកស៊ុបឆ្អឹងជ្រូក ជាដើម។ល។

ទោះជារឿងម្សៅប៊ីចេងធ្វើឱ្យសក់ជ្រុះជារឿងមិនពិតក្ដី តែដែលមនុស្សចាស់ហាមមិនឱ្យយើងញ៉ាំប៊ីចេងច្រើនជ្រុលពេកពេលនៅក្មេងនោះ ក៏នៅតែជារឿងពិតដែលគួរតែធ្វើ និងទោះជាម្សៅប៊ីចេងបង្កប់ដោយគ្រោះថ្នាក់ជាច្រើនក្ដី តែបើប្រើក្នុងបរិមាណដែលស័ក្តិសម ក៏អាចផ្ដល់ប្រយោជន៍ដល់អ្នកទទួលទានដូចជាយើងគ្រប់គ្នាបានដែរ៕

Advertisement