វៀតណាម​អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង Covid-19 ដល់​ដំណាក់​កាលណា​ហើយ?

វៀតណាម​អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង Covid-19 ដល់​ដំណាក់​កាលណា​ហើយ?

ក្រុមហ៊ុន Nanogen បាន​សាកល្បង​វ៉ាក់សាំង Covid-19 នៅលើ​សត្វ​កណ្ដុរ និង​ស្វា ដោយ​ជោគជ័យ​កាលពី​ខែមិថុនា ឆ្នាំ2020 បន្ទាប់មក ក្រុមហ៊ុន​នេះ​នឹង​សហការ​ជាមួយ​មន្ទីរ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​យោធា ដើម្បី​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ចូលរួម​ក្នុងការ​ធ្វើតេស្ត​វ៉ាក់សាំង Covid-19 របស់​វៀតណាម ក្នុងដំណាក់កាល​ទីមួយ នៅ​ថ្ងៃទី 10 ខែធ្នូ​ខាងមុខ។

បច្ចុប្បន្ន វៀតណាម​មាន​ក្រុមហ៊ុន​ចំនួន 3 ដែល​បាន​ដំណើរ​ការផលិត​វ៉ាក់សាំង Covid-19 សម្រាប់​ការសាកល្បង​នៅក្នុង​មន្ទីរពិសោធន៍ នោះ​គឺ​ក្រុមហ៊ុន IVAC, Vabiotech និង Nanogen។ ក្រុមហ៊ុន​ទាំងនេះ កំពុងស្ថិត​ក្នុងដំណាក់កាល​វាយតម្លៃ​អំពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នៅលើ​សត្វ។ ដោយឡែក ក្រុមហ៊ុន Nanogen បាន​ឆ្លង​ផុត​ដំណាក់កាល​ខាងលើ និង​បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការប្រើប្រាស់​សាកល្បង​នៅលើ​មនុស្ស​ដំណាក់កាល​ទីមួយ។

ស្ថាបនិក និង​ជានា​យក​ក្រុមហ៊ុន Nanogen លោក Ho Nhan បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​បានចាប់ផ្ដើម​ស្រាវជ្រាវ និង​អភិវឌ្ឍ​វ៉ាក់សាំង Covid-19 តាំងពី​ដើមខែ​មិនា ឆ្នាំ2020 ក្នុង​គ្រា​ដែល​វីរុស​នេះ​កំពុង​ឆ្លង​រាលដាល​នៅ​ប្រទេស​ចិន។ ខែឧសភា2020 ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា បានប្រគល់​ភារកិច្ច​ក្នុងការ​ស្រាវជ្រាវ​វ៉ាក់សាំង​ប្រឆាំង Covid-19 មកឱ្យ Nanogen ជា​ផ្លូវការ។

ថ្ងៃទី 15 ខែឧសភា ក្រសួង​ខាងលើ​បាន​បន្ត​ប្រគល់​កិច្ចការ​អភិវឌ្ឍ​ផ្នែក​ផលិត​វ៉ាក់សាំង Covid-19 ដោយ​បច្ចេក​វិទ្យា​ប្រូតេអ៊ីន​ផ្សំ​ដើម្បី​បង្កើត​ប្លា​កែ​ត​ដូច​វីរុស និង​ប្លា​កែ​ត​ណា​ណូ ទៅឱ្យ​ក្រុមហ៊ុន​ខាងលើ។ ថ្ងៃទី 21ឧសភា ប្រធាន​បទ​ស្រាវជ្រាវ​វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន Nanogen ទទួលបាន​ការអនុម័ត​យល់​ព្រមឱ្យ​ដំណើរការ​ពី​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​វៀតណាម។

វៀតណាម​អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង Covid-19 ដល់​ដំណាក់​កាលណា​ហើយ?
ក្រុមហ៊ុន Nanogen បានឆ្លងផុតដំណាក់កាលវាយតម្លៃអំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនៅលើសត្វ និងត្រៀមសាកល្បងនៅលើមនុស្សដំណាក់កាលទីមួយ។

លោក Ho Nhan បញ្ជាក់ថា ក្រុមហ៊ុន​របស់លោក បាន​វិនិយោគ​ជាង 200ពាន់​លាន​ដុង (8,662,600 ដុល្លារ​អាមេរិក) សម្រាប់​ពង្រីក​រោងចក្រ​ចំនួន3 ទិញ​វត្ថុធាតុដើម និង​ប្រព័ន្ធ​ផលិត​វ៉ាក់សាំង។ ក្រុមហ៊ុន Nanogen ឱ្យដឹងថា របាយការណ៍​វាយតម្លៃ​អំពី​ប្រសិទ្ធភាព បង្ហាញថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន​នេះ ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ប្រឆាំងនឹង Covid-19។ ដោយយោង​ទៅលើ​លទ្ធផល​នេះ Nanogen ក៏បាន​ធ្វើ​លិខិតស្នាម​រួចរាល់​ហើយ សម្រាប់​បញ្ជូន​ឡើងទៅ​កាន់​ក្រសួងសុខាភិបាល ដើម្បី​សុំ​ការអនុញ្ញាត​បន្ត​ដំណាក់កាល​បន្ទាប់។

តំណាង​របស់ Nanogen និយាយថា វ៉ាក់សាំង​របស់​វៀតណាម​នឹងមាន​តម្លៃ​មិន​លើសពី 500,000 ដុង (21.5 ដុល្លារ​អាមេរិក) នៅក្នុង​មួយ​ម្ជុល (ដូ​ស) នោះទេ នៅពេល​ត្រូវបាន​បញ្ចេញ​លក់​ក្នុង​ទីផ្សារ៕

Advertisement