អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ ​ថ្លែង​ថា វ៉ាក់សាំង​មិន​អាច​បញ្ចប់​ការ​ចម្លង​ Covid-19 ទាំង​ស្រុង​បាន​ឡើយ

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ បញ្ជាក់ថា វ៉ាក់សាំង​មិន​អាច​បញ្ចប់​ការ​ចម្លង​ Covid-19 ទាំង​ស្រុង​បាន​ឡើយ

នៅក្នុង​សារ​ជា​សំឡេង​មួយ ដែល​ត្រូវបាន​ចែករំលែក​នា​ព្រឹក​ថ្ងៃទី 9ធ្នូ​នេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន មានប្រសាសន៍ថា វ៉ាក់សាំង​មិនអាច​បញ្ចប់​ការចម្លង Covid-19 ទាំងស្រុង​ឡើយ។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ទំនងជា​មានការ​ព្រួយបារម្ភ​ថា អាច​នឹងមាន​ពលរដ្ឋ​ភាគច្រើន​យល់ច្រឡំ​ថា នៅពេល​បាន​ចាក់​វ៉ាក់សាំង Covid-19 ហើយ ពួកគេ​នឹង​លែង​បារម្ភ​អ្វី​ទាំងអស់ ដែលនាំឱ្យ​ពួកគេ​មានការ​ធ្វេសប្រហែស និង​លែងមាន​ការយកចិត្តទុកដាក់​លើ​ការការពារ​ខ្លួន​នៅ​ចំពោះមុខ​វីរុស​នេះ។

លោកជំទាវ វេជ្ជបណ្ឌិត បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់រូប មិនត្រូវ​ភ្លេច​អនុវត្ត​នូវ​វិធានការ​ការពារ​ខ្លួនចម្បងៗចំនួន3 ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19 ក្នុងនោះ​មានដូចជា ការ​លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល ការរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ឱ្យបាន​យ៉ាងតិច 1.5ម៉ែត្រ និង​ពាក់​ម៉ាស​ឱ្យបាន​ត្រឹមត្រូវ។

ទាក់ទង​នឹង​វ៉ាក់សាំង Covid-19 នៅ​កម្ពុជា សម្ដេច​តេ​ជោ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានប្រកាស​កាលពីពេលថ្មីៗនេះ​ថា នៅពេល​កម្ពុជា ទិញ​បាន​វ៉ាក់សាំង​នេះ នោះ​រដ្ឋាភិបាល នឹង​ចែកជូន​ដល់​ពលរដ្ឋ​ទាំងអស់ ដោយ​ឥតគិតថ្លៃ ក៏ប៉ុន្តែ​ក្រុម​គោលដៅ​អាទិភាព​ដំបូង​គេ​បង្អស់ នោះ​គឺ​ក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ។

Advertisement