កម្ពុជា​រកឃើញ​អ្នក​ឆ្លង Covid-19 ចំនួន2នាក់​បន្ថែមទៀត ទាក់ទង​នឹង​ការឆ្លង​ក្នុង​សហគមន៍

ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី 8ធ្នូ 2020 នេះ បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 2ករណី​បន្ថែមទៀត ដែលនាំឱ្យ​តួលេខ​នៃ​អ្នក​បាន​ឆ្លង​វីរុស​នេះ​កើន​ដល់ 350នាក់។

អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 2នាក់​នេះ រួមមាន៖ ទីមួយគឺ បុរស​ជនជាតិខ្មែរ ឈ្មោះ ស្រៀ​ន គីម​ស្រ៊ុន អាយុ22ឆ្នាំ ស្នាក់នៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ជា​អ្នកពាក់ព័ន្ធ​នឹង​ហាង Zendo បឹង​កេងកង។ ទី​ពីរគឺ​ ស្ត្រីជន​ជាតិ​ខ្មែរ ឈ្មោះ អៀម ធីតា អាយុ 35ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ភ្នំពេញ ជា​អ្នកពាក់ព័ន្ធ​នឹង​ហាង Pedro។

ក្រៅពី​ករណី​វិជ្ជមាន​ខាងលើ ក្រសួងសុខាភិបាល​ក៏បាន​ឱ្យដឹងថា មាន​ករណី​ជាសះស្បើយ​ចំនួន1នាក់​ផងដែរ ដែលជា​ស្ត្រីជន​ជាតិខ្មែរ-អាមេរិកាំង ឈ្មោះ​ ឈួយ សារូ អាយុ 45​ឆ្នាំ ស្នាក់​នៅ​ទីក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន។

គិត​មក​ដល់ថ្ងៃទី 8​ធ្នូ​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​ Covid-19 សរុប​ចំនួន 350​នាក់ ក្នុង​នោះ​មាន​ 307​នាក់​បាន​ជាសះស្បើយ និង​ 43​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត និង​មណ្ឌលសុខភាព​ចាក់​អង្រែ​ នា​ទីក្រុង​ភ្នំពេញ​៕

Advertisement