ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ចេញ​បទបញ្ជា​ផ្អាក​ការជួបជុំ​មនុស្ស​លើស​ពី​20នាក់ និង​កាត់បន្ថយ​ការ​ចេញទៅ​ក្រៅ​ផ្ទះ

នៅ​ល្ងាច​ថ្ងៃទី 30 ខែវិច្ឆិកា​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​បទបញ្ជា​បន្ទាន់​មួយ​ទាក់ទង​នឹង​បញ្ហា Covid-19 ក្នុងនោះ​មានការ​ស្នើឱ្យ​ផ្អាក​ការជួបជុំ​មនុស្ស​ដែលមាន​ចំនួន​ច្រើនជាង​ម្ភៃ​នាក់ រួមទាំង​ពិធី​រៀបការ​ផងដែរ។

ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​សារព័ត៌មាន​ក្នុងស្រុក​ទទួលបាន និង​បាន​ចុះផ្សាយ បញ្ជាក់ថា ការ​ផ្អាក​ការ​ជួប​ជុំ​ខាងលើ​នេះ ត្រូវ​ធ្វើឡើង​រយៈ​ពេល​ 15 ថ្ងៃ ដោយ​រាប់​ចាប់​ពី​ពេល​នេះ​តទៅ​។ បទ​បញ្ជា​នេះ​ សំដៅ​ទៅ​លើ​​​រាជធានី​ភ្នំ​ពេញ និង​​ខេត្ត​សៀម​រាប​។

សម្រាប់​ការជួបជុំ​ដែលមាន​មនុស្ស​ចាប់ពី 20 នាក់​ចុះ​ក្រោយ អាចធ្វើ​ទៅបាន ប៉ុន្តែ ត្រូវតែ​ធានា​ឱ្យបាន​ថា នឹង​ប្រព្រឹត្ត​​ទៅដោយ​គោរព​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងនោះ​មានដូចជា ការរក្សា​គម្លាត​សុវត្ថិភាព ការពាក់​ម៉ាស ឬ​សម្អាត​ដៃ​ដោយ​អាល់កុល ឬ​សាប៊ូ។ល។

គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 323 នាក់ ក្នុងនោះ​មាន 22 នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង 301 នាក់​ទៀត​បានជា​សះស្បើយ។

ដោយឡែក នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​វីរុស​នេះ​សរុប 63,087,137នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 1,465,368 នាក់ អ្នក​បានជា​សះស្បើយ 43,557,257 នាក់ ខណៈដែល​អ្នក​កំពុង​ផ្ទុក​វីរុស​មាន​ចំនួន 18,064,512 នាក់៕

Advertisement