អាមេរិកចាប់​ផ្ដើម​ចាក់​វ៉ាក់​សាំង​Covid-19 ​នៅ​ក្នុង​រដ្ឋ​ចំនួន​4 ​ខណៈ​សីតុណ្ហ​ភាព​គឺ​ជា​បញ្ហា​ប្រឈម​ថ្មី

អាមេរិកចាប់​ផ្ដើម​ចាក់​វ៉ាក់​សាំង​Covid-19 ​នៅ​ក្នុង​រដ្ឋ​ចំនួន​4 ​ខណៈ​សីតុណ្ហ​ភាព​គឺ​ជា​បញ្ហា​ប្រឈម​ថ្មី

ក្រុមហ៊ុនផលិតឱសថអាមេរិកាំង Pfizer កាលពីថ្ងៃទី16វិច្ឆិកា បានឱ្យដឹងថា ពួកគេកំពុងចាប់ផ្ដើមកម្ម​វិធី​ចាក់​វ៉ាក់​​សាំង​Covid-19 ​លក្ខណពិសោធន៍ នៅក្នុងរដ្ឋចំនួន4 គឺរដ្ឋ Rhode Island, Texas, New Mexico និងរដ្ឋ Tennessee។

សារព័ត៌មាន Reuters បានដកស្រង់សម្ដីរបស់តំណាងក្រុមហ៊ុន Pfizer បកស្រាយថា ការដែលក្រុមហ៊ុននេះជ្រើស​រើស​រដ្ឋចំនួន4ខាងលើដើម្បីប្រើប្រាស់វ៉ាក់សាំងសាកល្បង គឺដោយសារភាពខុសគ្នាទាក់ទងនឹងទ្រង់ទ្រាយសរុប ចំនួន​ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប ក៏ដូចជាតម្រូវការនៃការប្រើប្រាស់វ៉ាក់សាំងផ្សេងគ្នារបស់ពលរដ្ឋនៅទីក្រុង និងពលរដ្ឋនៅជនបទ។

កម្មវិធីខាងលើនេះ ត្រូវបានធ្វើឡើងដើម្បីបញ្ចប់ផែនការនៃគម្រោងបែងចែក និងចែកចាយវ៉ាក់សាំងCovid-19 របស់ក្រុមហ៊ុន Pfizer។

កាលពីសប្ដាហ៍មុន Pfizer បានប្រកាសថា វ៉ាក់សាំងCovid-19 ដែលក្រុមហ៊ុននេះអភិវឌ្ឍឡើងដោយការសហការជាមួយនឹងដៃគូអាល្លឺម៉ង់ BioNTech គឺ​មាន​ប្រសិទ្ធ​ភាព​ដល់ជាង90%។

ក្នុងថ្ងៃទី16វិច្ឆិកា ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រអាមេរិកាំង Moderna ក៏បានប្រកាសដែរថា វ៉ាក់សាំងរបស់ខ្លួន​មាន​ប្រសិទ្ធ​ភាព​ដល់​ទៅ​94.5% ឯណោះ។

អាមេរិកចាប់​ផ្ដើម​ចាក់​វ៉ាក់​សាំង​Covid-19 ​នៅ​ក្នុង​រដ្ឋ​ចំនួន​4 ​ខណៈ​សីតុណ្ហ​ភាព​គឺ​ជា​បញ្ហា​ប្រឈម​ថ្មីទាំងវ៉ាក់សាំងរបស់ Pfizer និងរបស់ Moderna សុទ្ធតែប្រើប្រាស់បច្ចេកវិទ្យាថ្មីដែលគេឱ្យឈ្មោះថា RNA ដើម្បីជំរុញឱ្យប្រព័ន្ធការពាររាងកាយមនុស្ស “ងើបឡើង” ទប់ទល់នឹងវីរុសCovid-19។

យ៉ាងនេះក្ដី បញ្ហាដែលនឹងត្រូវប្រឈមថ្មីមួយទៀតទាក់ទងនឹងវ៉ាក់សាំងខាងលើ នោះគឺការរក្សាគុណភាពរបស់វា។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ត្រូវការសីតុណ្ហភាពចាប់ពី-70អង្សាចុះក្រោម ដែលនេះជាផលវិបាកមួយសម្រាប់ក្រុមគ្រូពេទ្យ ក៏ដូចជាឱសថស្ថាននានាដែលមិនមានទូក្លាសេបែបនេះ។ ប៉ុន្តែ ក្រុមហ៊ុន Moderna វិញ អះអាង​ថា វ៉ាក់សាំងរបស់ពួកគេមិនទាមទារឱ្យមានការរក្សាទុកនៅក្នុងសីតុណ្ហភាពត្រជាក់ពេកឡើយ ពោលគឺវាត្រូវការ​តែ​ពី2-8អង្សាសេប៉ុណ្ណោះសម្រាប់រយៈពេល30ថ្ងៃ និងក្រោម-20អង្សាសេសម្រាប់រយៈពេល6ខែ ចំណែកក្នុងបន្ទប់ធម្មតាវាអាចនៅមានប្រសិទ្ធភាព​ក្នុង​រយៈ​ពេល​24​ម៉ោង ​ដោយ​វា​មិន​បង្កឱ្យមានបញ្ហាអ្វីដែលទាក់ទងនឹងគុណភាព ​និងសុវត្ថិភាពឡើយ៕

ប្រភព៖ Reuters, The New Daily

Advertisement