ករណីឆ្លង​វីរុស​បាន​​កើន​លើស​​ពី​55​លាន​នាក់!​ WHO ​ថា ​វ៉ាក់​សាំង​មិន​អាច​ទប់​ទល់​ឈ្នះ​Covid-19​ឡើយ!​

ករណីឆ្លងវីរុសកើនលើសពី55លាននាក់! WHO ថា វ៉ាក់សាំងមិនអាចទប់ទល់ឈ្នះCovid-19ឡើយ!

ប្រធានាអង្គការសុខភាពពិភពលោកបានព្រមានថា មិនត្រូវរំពឹងទៅលើវ៉ាក់សាំងតែមួយមុខ ដើម្បីបញ្ចប់វិបត្តិសុខភាពសកលនោះឡើយ នៅក្នុងស្ថានភាពដែលករណីឆ្លងCovid-19 បានកើនលើសពី55លាននាក់នៅទូទាំងសកលលោក។

ពិភពលោកបានរាយការណ៍ថា ករណីស្លាប់ថ្មីដោយសារCovid-19 នៅក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ មាន​ចំនួន​7,467​នាក់ ធ្វើឱ្យតួលេខអ្នកស្លាប់ដោយសារវិបត្តិសុខភាពនេះ ឡើងដល់ 1,331,345នាក់។ ចំណែកអ្នកឆ្លងវីរុសសរុបក៏បានឡើងដល់55,302,552នាក់ កើនជាង51ម៉ឺននាក់ធៀបនឹងម្សិលមិញ ខណៈអ្នកជំងឺជាង 38,400,000នាក់បានជាសះស្បើយ និង 15,523,061នាក់កំពុងសម្រាកព្យាបាល។

ប្រទេសដែលបានរកឃើញអ្នកឆ្លងវីរុសCovid-19 ចាប់ពី1លាននាក់ឡើងទៅ មាន11ប្រទេស រួមមាន សហរដ្ឋ​អាមេរិក (11,538,057) ឥណ្ឌា (8,874,172) ប្រេស៊ីល (5,876,740) បារាំង (1,991,233) រុស្ស៊ី ​(1,948,603)​ អេស្ប៉ាញ​ (1,521,899) អង់គ្លេស (1,390,681) អាហ្សង់ទីន (1,318,384) អ៊ីតាលី (1,205,881) កូឡុំប៊ី (1,205,217) និងប្រទសម៉ិកស៊ិក (1,009,396)។

ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានថ្លែងកាលពីថ្ងៃទី15វិច្ឆិកាថា “យើងនៅតែបន្តទទួលបានព័ត៌មានដ៏គួរឱ្យត្រេកអរអំពីវ៉ាក់សាំងប្រឆាំង Covid-19។ ប៉ុន្តែ នេះមិនមែនជាពេលដែលត្រូវជឿជាក់ពេកនោះដែរ ព្រោះថា ការរំពឹងលើវ៉ាក់សាំងតែមួយមុខ គឺមិនគ្រប់គ្រាន់សម្រាប់ការទប់ស្កាត់រោគរាតត្បាតឡើយ”។

ប្រសាសន៍ខាងលើត្រូវបានលើកឡើងក្រោយពីក្រុមហ៊ុនផលិតឱសថ Moderna ប្រកាសថា វ៉ាក់សាំងCovid-19 របស់ពួកគេមានប្រសិទ្ធភាព94.5% ដោយយោងទៅលើទិន្នន័យបឋមនៃការប្រើប្រាស់សាកល្បងដំណាក់កាលចុងក្រោយ ដែលនេះបានជួយឱ្យ Moderna ក្លាយជាក្រុមហ៊ុនអាមេរិកទីពីរដែលត្រូវបានរាយការណ៍ថា លទ្ធផលនៃការប្រើប្រាស់សាកល្បងលើកចុងក្រោយ គឺលើសពីអ្វីដែលបានរំពឹងទុកទៅទៀត។ សហរដ្ឋអាមេរិក បច្ចុប្បន្នមាន​វ៉ាក់សាំង​ចំនួន​2​ដែល​មាន​ប្រសិទ្ធ​ភាព​លើសពី90% នៅក្នុងការប្រើប្រាស់សាកល្បងទ្រង់ទ្រាយធំ។ តាមការរំពឹងទុក ​វ៉ាក់​សាំង​ទាំង​នេះ​នឹង​ត្រូវបានអនុម័តយល់ព្រមឱ្យប្រើប្រាស់បន្ទាន់នៅក្នុងខែធ្នូឆ្នាំ2020នេះ៕

ប្រភព៖ Reuters, Worldometers

Advertisement