តើការទម្លាក់ព្រូន ចាំបាច់ដែរឬទេ? និងតើអ្នកណាត្រូវធ្វើខ្លះ?

តើមានធ្លាប់ចំអន់មិត្តភក្តិដែលមានរូបរាងស្គមៗ តែញ៉ាំច្រើនថា “កើតព្រូនច្រើន” រួចហើយដេញគេឱ្យទៅទម្លាក់ព្រូនចេញខ្លះដែរទេ? ឬមួយក៏លោកអ្នកខ្លួនឯងហ្នឹងឯងដែលអាចត្រូវមិត្តភក្តិប្រាប់បែបនោះ?។ ការពិតទៅ រឿងការញ៉ាំច្រើន តែមិនធាត់នេះ វាអាស្រ័យលើការដុតបំផ្លាញរបស់រាងកាយរបស់មនុស្សម្នាក់ៗ មិនមែនដោយសាររឿងព្រូនតែម្យ៉ាងនោះទេ តែបើនិយាយអំពីការទម្លាក់ព្រូនវិញ តើលោកអ្នកស្ថិតនៅក្នុងក្រុមមនុស្សដែលគួរទម្លាក់ព្រូនចេញខ្លះដែរទេ? និងតើត្រូវទម្លាក់ញឹកញាប់ប៉ុនណា?។

នាំគ្នាមកពិនិត្យមើលតាមរយៈព័ត៌មានពីគ្រូពេទ្យជំនាញទាំងអស់គ្នាវិញប្រសើរជាង…។

តើគួរទម្លាក់ព្រូន 1ឆ្នាំ 1ដង និងចាំបាច់ឬទេ?

សំណួរនេះមានអ្នកសួរគ្នាញឹកញាប់ណាស់ថា តើវាចាំបាច់ឬទេដែលត្រូវទម្លាក់ព្រូន 1ឆ្នាំ 1ដង?

1.ការណែនាំរបស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា នៅក្នុងទីកន្លែងដែលមានការឆ្លងរាលដាលរបស់សត្វព្រូនចូលមកក្នុងខ្លួនមនុស្សតាមដី គួរទម្លាក់ព្រូនក្នុង 1ឆ្នាំ 1ដង បើសិនជាមានភាពសម្បូររបស់សត្វនេះក្នុងកម្រិត 20-50%។ 2ដង បើសិនជាភាពសម្បូររបស់សត្វនេះក្នុងកម្រិតច្រើនជាង 50%។

ព្រូនដែលចម្លងបានតាមរយៈដីកខ្វក់ មានដូចជា ព្រូនតម្ពក់ អៀន ព្រូនតេនញ៉ា និងព្រូនជន្លេន។

  1. ការចូលចិត្តញ៉ាំអាហារមិនឆ្អិន ឬឆៅ តើត្រូវទិញថ្នាំទម្លាក់ព្រូនមកញ៉ាំ 1ឆ្នាំ 1ដងដែរទេ?

អ្នកខ្លះចូលចិត្តញ៉ាំសាច់សត្វឆៅៗ ហើយភ័យខ្លាចកើតព្រូននៅក្នុងថ្លើម នៅក្នុងបំពង់ទឹកប្រមាត់ នៅក្នុងសាច់ដុំ ទើបសួរថា តើត្រូវទៅទិញថ្នាំទម្លាក់ព្រូនពីឱសថស្ថានមកញ៉ាំ 1ឆ្នាំ 1ដង ល្អដែទេ?

ត្រូវសួរទៅវិញថា ទិញថ្នាំអី? និងញ៉ាំប៉ុន្មានថ្ងៃ? ហើយធ្វើម៉េចនឹងដឹងថា ជា ឬមិនជា?

គឺ បើជាព្រូនខ្លួនមូលនៅក្នុងប្រព័ន្ធរំលាយអាហារ ពេលព្យាបាលមិនគ្រប់ចំនួន មិនបាត់ តែចំនួនព្រូនមិនច្រើន ក៏ច្រើនតែមិនបង្កជាជំងឺធ្ងន់ធ្ងរទេ។ តែបើមានព្រូននៅក្នុងអវយវៈផ្សេងទៀត ដូចជាព្រូននៅក្នុងថ្លើម ពេលព្យាបាលមិនបាត់ វានឹងមានផលប៉ះពាល់រយៈពេលវែង ដែលបើមិនពិនិត្យលាមកទេ គឺពិបាកនឹងប្រាប់ថា ជាហើយឬនៅណាស់។

ដូច្នេះ គួរតែទៅជួបលោកគ្រូពេទ្យពិភាក្សាគ្នាជាមុន ប្រហែលជាប្រសើរជាង…។

វិធីដែលល្អ ឡារ៉ែន ចង់ណែនាំថា ត្រូវកាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតព្រូនដោយការចៀសពីការញ៉ាំអាហារស្ទើរឆៅស្ទើរឆ្អិន និងជ្រើសរើសវត្ថុធាតុដើមក្នុងការផ្សំ និងចម្អិនអាហារដែលស្អាត មានគុណភាព មានអនាម័យ និងពាក់ស្បែកជើងជាប់ជានិច្ចពេលដើរនៅលើដីដែលកខ្វក់៕

Advertisement