ក្រសួងសុខាភិបាល​ក្រើន​រំលឹក​ជា​ថ្មី​ដល់​អ្នក​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​3​វិច្ឆិកា

ក្រសួងសុខាភិបាលក្រើនរំលឹកជាថ្មីដល់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍3វិច្ឆិកា

ក្រសួងសុខាភិបាលកម្ពុជា តាមរយៈសេចក្ដីប្រកាសនៅលើបណ្ដាញសង្គម បានឱ្យដឹងថា កម្ពុជាមិនបានរកឃើញអ្នកឆ្លងវីរុសCovid-19 ថ្មីនោះទេកាលពីម្សិលមិញ ប៉ុន្តែ បានអំពាវនាវសាជាថ្មីដល់អ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍​3​វិច្ឆិកា ទាក់ទងនឹងការធ្វើតេស្ត ក៏ដូចការគោរពវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ។

នាព្រឹកថ្ងៃទី16វិច្ឆិកានេះ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាមិនមានអ្នកឆ្លងវីរុសCovid-19 ថ្មី ឬអ្នកជាសះស្បើយថ្មីណាមួយនោះទេ នៅក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។ ដោយឡែក អ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍​3​វិច្ជិកា ក្រសួងបានធ្វើតេស្តលើវត្ថុសំណាកចំនួន28សំណាកបន្ថែមទៀតនៅថ្ងៃទី15វិច្ឆិកា ហើយលទ្ធផដែលបានទទួលគឺសុទ្ធតែអវិជ្ជមាន។

រាប់ចាប់ពីថ្ងៃទី4វិច្ឆិកាដល់ថ្ងៃទី15វិច្ឆិកា ក្រសួងបានធ្វើតេស្តលើវត្ថុសំណាកសរុបចំនួន3918លើក ដែលក្នុងនោះមានអ្នកខ្លះធ្វើតេស្តលើកទីមួយ ទីពីរ និងទីបីផងដែរ។ លទ្ធផលនៃការធ្វើតេស្តលើអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍​3​វិច្ឆិកា​ទាំងអស់​គឺ​មាន​តែ​4​ករណី​ប៉ុណ្ណោះ​ដែល​វិជ្ជ​មាន​នឹងCovid-19។

ទាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃទី3វិច្ឆិកា ក្រសួងសុខាភិបាលកម្ពុជាបានធ្វើសេចក្ដីក្រើនរំលឹក និងអំពាវនាវដល់អ្នកពាក់ព័ន្ធថា សូមបន្តការធ្វើចត្តាឡីស័កឱ្យបានគ្រប់ចំនួន14ថ្ងៃដោយត្រឹមត្រូវ ហ្មត់ចត់ជាទីបំផុត និងធ្វើតេស្តលើកទី4ឡើងវិញ​នៅ​ថ្ងៃ​ទី​18​វិច្ឆិកា​ឱ្យបានគ្រប់គ្នា ទៅតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល និងក្រសួងសុខាភិបាល​កម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងចូលដល់សហគមន៍នានា។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ក៏បានអំពាវនាវឱ្យពលរដ្ឋគ្រប់រូប ការពារសុខភាពផ្ទាល់ខ្លួន តាមរយៈការរក្សាអនាម័យ ការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាពសង្គមនិងបុគ្គល រួមនឹងវិធានការការពារផ្សេងៗជាច្រើនទៀត ដើម្បីទប់ទល់នឹងCovid-19។

គិតមកដល់ថ្ងៃទី16វិច្ឆិកានេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសCovid-19 សរុប 302នាក់ ក្នុងនោះមាន​289​នាក់​បានជាសះស្បើយ និង13នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នារាជធានីភ្នំពេញ។

ដោយឡែកនៅទូទាំងពិភពលោក បច្ចុប្បន្នបានរកឃើញអ្នកឆ្លងវីរុសបង្កជំងឺរលាកសួតប្រភេទថ្មីនេះ សរុប 54,809,103នាក់ ក្នុងនោះមានអ្នកស្លាប់ដល់ទៅ1,324,317នាក់ អ្នកកំពុងព្យាបាលមានចំនួន​15,349,262​នាក់៕

ប្រភព៖ ក្រសួងសុខាភិបាល/Worldometers

 

Advertisement