ឈឺ-ក គួរញ៉ាំអ្វីខ្លះ?

នៅពេលមិនស្រួលខ្លួន ឬឈឺថ្កាត់ យើងតែងភាវនាសុំកុំឱ្យឈឺ-ក តែភាគច្រើន មុននឹងគ្រុនក្ដៅខ្លួន វាច្រើនតែកើតមានអាការឈឺ-កជាសញ្ញាដាស់តឿនដំបូងគេជានិច្ច។ មិនថាអ្នកណាៗក៏មិនចង់ឈឺ-កដែរ ព្រោះគ្រប់ៗគ្នាបានដឹងពីភាពពិបាកវេទនាដែលជួនកាល និយាយឮៗក៏មិនបាន ពេលខ្លះសំឡេងផ្លាស់ប្ដូរ ញ៉ាំអាហារមិនឆ្ងាញ់ និងដែលសំខាន់ គឺខានបានញ៉ាំអាហារឆ្ងាញ់មួយគំនរទៀត។

ព្រោះនៅក្នុងបំពង់កមានបំពង់អាហារដែលបញ្ជូនអាហារពីមាត់ចូលទៅរកក្រពះ និងពោះវៀនដើម្បីធ្វើការរំលាយ ដូច្នេះនៅពេលណាដែលឈឺ-ក រឿងសំខាន់គឺកុំរុកគួនរំខានបរិវេណខាងក្នុងបំពង់កខ្លាំងពេក ព្រោះបំពង់កអាចនឹងកំពុងរលាក ទើបធ្វើឱ្យយើងខានបានញ៉ាំអាហារដែលប្រក្រតីយើងអាចញ៉ាំបានយ៉ាងសប្បាយៗ។ ដូច្នេះបើចង់ឱ្យអាការឈឺ-កនេះឆាប់ជា ឬធូរស្រាលឡើងនោះ ចូរនាំគ្នាញ៉ាំអាហារខាងក្រោមនេះវិញប្រសើរជាង៖

1 . ទឹកដោះគោ ៖ អំឡុងពេលឈឺ-ក អាចធ្វើឱ្យយើងមិនសូវបានញ៉ាំអ្វីច្រើនទេ ដូច្នេះ ទឹកដោះគោគឺជាអាហារមួយក្នុងចំណោមអាហាររាវដែលមានគុណតម្លៃខាងសារធាតុអាហារច្រើន និងថែមទាំងកាត់បន្ថយភាពប្រថុយប្រថានក្នុងការខ្វះជាតិទឹកដែលអ្នកឈឺ-កជាច្រើននាក់អាចត្រូវប្រឈម(មិនសូវចង់ញ៉ាំទឹក ព្រោះឈឺ-ក)។ ក្រៅពីបានទទួលប្រូតេអ៊ីនពេញៗហើយ នៅជួយឱ្យឆាប់ឆ្អែតពោះទៀតផង។

កុំភ្លេច ជ្រើសរើសញ៉ាំទឹកដោះគោក្ដៅឧណ្ហៗ ដើម្បីកុំឱ្យឈឺក្រហាយសាច់ភ្នាសក្នុងបំពង់ក។

2 . ស៊ុបមីគៀវ ៖ បើនៅប្រទេសក្រៅ អាចនឹងជ្រើសរើ់សទទួលទានអាហារប្រភេទសរសៃៗទន់ៗ ដូចជាសរសៃមីផាស្តា រ៉ាវីអូលី ជាដើម តែបើនៅស្រុកយើង ស៊ុបមីគៀវ គឺជាអាហារដែលងាយស្រួលទំពា ងាយស្រួលលេប ហើយទឹកស៊ុបក្ដៅៗថែមទាំងជួយធ្វើឱ្យស្រឡះបំពង់កទៀតផង។ តែ សូមចៀសវាងគៀវបំពង និងខ្ទឹមបំពង ព្រោះអាចរឹតតែធ្វើឱ្យអាការឈឺ-កកាន់តែយ៉ាប់យ៉ឺនឡើង។

3 . បបរសាមចូក ៖ គ្មានអាហារសម្រាប់អ្នកជំងឺណាដែលល្អជាងបបរសាមចូកឡើយ ព្រោះអង្ករជាខាបូហាយដ្រេតដ៏សំខាន់ដែលជួយឱ្យកម្លាំងថាមពលអាចទៅជាមួយយើងបានពេញមួយថ្ងៃ និងថែមទាំងមិនឈឺក្រហាយបំពង់ក ឬធ្វើឱ្យឈឺ-កដូចបាយស្រួយផ្សេងៗទៀតផង។ បើសិនជាធុញទ្រាន់បបរធម្មតា ក៏អាចប្ដូរមកជាបបរសាមចូកបាន ដោយជ្រើសរើសយករសជាតិដែលមិនប្រៃខ្លាំង ដាក់សាច់ជ្រូកកិនម៉ដ្ឋ វានឹងជួយបង្កើនសារធាតុអាហារក្នុងអាហារមួយចាននោះឱ្យគ្រប់ 5ប្រភេទក្រុមបានយ៉ាងងាយ(និងកុំដាក់ខ្ទឹមបំពង)។

4 . ស៊ុតស្រុស ៖ ក្នុងអំឡុងពេលដែលរាងកាយត្រូវការប្រូតេអ៊ីនដើម្បីបន្ថយអាការឈឺ-កឱ្យបានលឿននោះ ស៊ុតក្រឡុកចៀន ស៊ុតចៀនជ័រព្នៅអាចមិនមែនជាជម្រើសដែលល្អបំផុតនោះទេ ឯស៊ុតស្ងោរក៏អាចនឹងស្ងួតរហូតពិបាកនឹងលេបផងដែរ តែបើសិនជាស៊ុតស្រុសដែលមានលក្ខណៈខាប់ៗទន់ៗ និងងាយស្រួលលេបវិញនោះ អាចនឹងធ្វើឱ្យយើងញ៉ាំស៊ុតបានយ៉ាងមានសេចក្ដីសុខខ្លាំងឡើង។ ក្រៅពីនេះ ស៊ុតថែមទាំងជាអាហារដែលពោរពេញដោយគុនតម្លៃខាងសារធាតុអាហារជាច្រើន មិនថាតែប្រូតេអ៊ីន វីតាមីនA, B5, B2 ស័ង្កសី និងជាតិខ្លាញ់ល្អទៀតផង។

5 . ផ្លែឈើក្រឡុក ៖ ជាប្រក្រតី យើងនឹងណែនាំឱ្យញ៉ាំផ្លែឈើជាចំណិតស្រស់ៗខ្លាំងជាង តែបើសិនជាកំពុងឈឺ-ក ការយកផ្លែឈើស្រស់ទៅកិនក្រឡុកឱ្យម៉ដ្ឋ(ទាំងកាក)ក៏ជាវិធីមួយដែលជួយឱ្យលោកអ្នកបានទទួលវីតាមីនពីផ្លែឈើកាន់តែងាយស្រួលឡើងក្នុងខណៈដែលលោកអ្នកនៅមានអាការឈឺ-ក។ តែរឿងសំខាន់ដែលត្រូវធ្វើនោះគឺ ត្រូវកិនក្រឡុកផ្លែឈើជាមួយកាក(ហាមដាក់ទឹកកក) ហាមញែកចេញ ឬស្រង់យកកាកចេញជាដាច់ខាត មិនដូច្នោះទេ លោកអ្នកនឹងទទួលបានត្រឹមតែជាតិស្ករសុទ្ធៗ ដោយនឹងទទួលបានវីតាមីនតិចបំផុត។

6 . ទឹកស្ងោរឆ្អឹងស៊ុប ៖ គ្មានទឹកស៊ុបណានឹងឆ្ងាញ់ ហុតស្រួលបំពង់កស្មើនឹងទឹកស៊ុបដែលស្ងោររម្ងាស់ពីឆ្អឹងសត្វឡើយ។ ក្រៅពីរសជាតិឈ្ងុយឆ្ងាញ់តាមធម្មជាតិដោយមិនចាំបាច់ថែមគ្រឿងហើយនោះ ការហុតទឹកស៊ុបក្ដៅឧណ្ហៗនៅជួយកាត់បន្ថយអាការរលាក ហើមនៅក្នុងបំពង់ក និងថែមទាំងជួយកាត់បន្ថយអាការប្រថុយប្រថានក្នុងការឆ្លងមេរោគបានទៀតផង៕

Advertisement