តើញើសដែលចេញមក កើតពីអ្វី?

សភាវបែកញើសចេញមកច្រើន គឺជារឿងប្រក្រតីនៅពេលដែលលោកអ្នកហាត់ប្រាណ ឬដើរនៅតាមផ្លូវក្នុងរដូវក្ដៅ តែបើអ្នកមានអារម្មណ៍ថា​ខ្លួនឯងហាក់ដូចជាបែកញើសចេញមកច្រើនរាល់ថ្ងៃ អាវសើមជោកបើទោះបីជានៅក្នុងសភាពអាកាសដែលមិនសូវជាក្ដៅប៉ុន្មាន បាតដៃសើមដោយញើស និងត្រូវប្រើផលិតផលបំបាត់ក្លិនកាយពេញមួយថ្ងៃនោះ បែបហ្នឹងក៏អាចទៅរួចដែរថា វាខុសប្រក្រតីហើយ។ សភាវបែកញើសចេញមក គឺការដែលរាងកាយបំភាយកម្ដៅចេញមកក្រៅ ក្រៅពីនេះ ញើសនៅមានប្រូតេអ៊ីនប្រឆាំងមេរោគបាក់តេរីដែលនឹងជួយកម្ចាត់មេរោគទាំងនោះចេញខណៈពេលយើងហាត់ប្រាណទៀតផង។ យ៉ាងណាក៏ដោយ អ្នកជំនាញការបានឱ្យចំណុចសង្កេតមួយថា សភាវបែកញើសចេញមកច្រើន អាចកើតឡើងបាន និងខាងក្រោមនេះ គឺមូលហេតុរបស់វា…។

បែបណាប្រក្រតី និងបែបណាគួរឱ្យបារម្ភ?

បរិមាណញើសរបស់មនុស្សម្នាក់ៗខុសប្លែកពីគ្នា មនុស្សភាគច្រើននឹងចេញ(បែក)ញើសនៅពេលសីតុណ្ហភាពរាងកាយចាប់ផ្ដើមកើនឡើងខ្ពស់ជាង 37អង្សា តែអ្នកគួរមានអារម្មណ៍កង្វល់បើសង្កេតឃើញថា ញើសរបស់អ្នកចេញមកច្រើនជាងអ្នកឯទៀតដែលនៅជុំវិញខ្លួន។

មូលហេតុដែលធ្វើឱ្យញើសចេញមកច្រើន

បញ្ហាសុខភាព ៈ សភាវហៀរញើសច្រើនបង្កផលប៉ះពាល់ដល់មនុស្សប្រមាណជា 3ភាគរយ និងច្រើនតែកើតតគ្នាតាមពូជអំបូរ។ អ្នកដែលមានសភាវហៀរញើសច្រើនមានសញ្ញាថា នឹងបែកញើសចេញមកនៅលើ 1 – 2 ចំណែករបស់រាងកាយដែលភាគច្រើននៅលើបាតដៃ ជើង ក្លៀក ឬក្បាល ខណៈដែលកន្លែងផ្សេងទៀតស្ងួតចែស។ សភាវហៀរញើសច្រើន ជាបឋមកើតចេញពីការដែលប្រព័ន្ធប្រសាទ ស៊ិមផាថេទិក ត្រូវបានជំរុញដោយប្រតិកម្មតស៊ូ ឬគេចចេញធ្វើការខ្លាំងជ្រុលហួសហេតុ ចំណែកសភាវហៀរញើសច្រើន ជាបន្តនឹងបណ្ដាលមកពីការប្រើប្រាស់ថ្នាំប្រភេទខ្លះ អ័រម៉ូនប្រែប្រួល បញហាបេះដូង ជំងឺមហារីក ការឆ្លងមេរោគ ឬបញ្ហាប្រព័ន្ធប្រសាទ។

ទម្ងន់ខ្លួន ៈ មូលហេតុដែលជួបញឹកញាប់បំផុត គឺរោគធាត់។ ដោយសារតែការធ្វើចលនាអ៊ីកអ៊ាក និងប្រើកម្លាំងថាមពលច្រើននៅពេលទម្ងន់ខ្លួនកើនលើសកម្រិតធ្ងន់ធ្ងរ។

អាយុ ៈ វ័យជំទង់ច្រើនតែមានញើសចេញច្រើន និងមានក្លិនខ្លាំងជាធម្មតា។

មានផ្ទៃពោះ ៈ ដោយសារតែអ័រម៉ូនប្រែប្រួល និងទម្ងន់ខ្លួនកើនឡើង ទើបធ្វើឱ្យស្រ្តីមានគភ៌ច្រើនមានអារម្មណ៍ឆាប់ក្ដៅស្អុះ និងមានញើសចេញច្រើនជាងប្រក្រតី។

ភាពតានតឹងធុញថប់អារម្មណ៍ ឬក្ដីវិតក្កកង្វល់ ៈ មនុស្សយើងតែងតែបែកញើសចេញមកពេលមានអារម្មណ៍ធុញថប់តានតឹងនេះគឺប្រតិកម្មតបស្នងរបស់ប្រព័ន្ធប្រសាទ ស៊ិមផាថេទិក ដែលមិនពាក់ព័ន្ធនឹងសីតុណ្ហភាពខ្ពស់អ្វីៗទាំងអស់។

អាការផ្សេងទៀត ៈ ដូចជា ជំងឺទឹកនោមផ្អែម។ល។

វិធីគ្រប់គ្រងបរិមាណញើស

មុនដំបូងបង្អស់ បើលោកអ្នកមានអារម្មណ៍ថា ខ្លួនឯងមានញើសចេញមកច្រើនខុសពីប្រក្រតីនោះ គួរតែទៅប្រឹក្សាជាមួយគ្រូពេទ្យអ្នកជំនាញផ្នែករោគសើរស្បែកដើម្បីរកវិធីព្យាបាល។ សម្រាប់អ្នកដែលមានញើសចេញច្រើន គួរចៀសវាងទទួលទានអាហារដែលមានរសជាតិហិរខ្លាំង ក្ដៅខ្លាំងដែលអាចធ្វើឱ្យអ្នកចេញញើសកាន់តែច្រើនឡើង។ ក្នុងករណីដែលមានញើសចេញនៅលើបាតជើងច្រើន ឡារ៉ែនសូមណែនាំឱ្យប្ដូរស្រោមជើង និងស្បែកជើងញឹកញាប់ គួបផ្សំនឹងការប្រើផលិតផលបំបាត់ញើស(Roll on)។

សរុប ៈ មិនបង្កគ្រោះថ្នាក់ទេ តែគួរឱ្យរំខានចិត្ត

ភាពសើម និងកម្ដៅនឹងរឹតតែជំរុញការរីកចម្រើនធំធាត់របស់មេរោគបាក់តេរីដែលអាចធ្វើឱ្យកើតក្លិនមិនល្អបាន ក្រៅពីនេះសភាវចេញញើសច្រើននេះក៏អាចជាឧបសគ្គមួយក្នុងការរស់នៅប្រចាំថ្ងៃដែរ។ អ្នកដែលមានញើសចេញច្រើននៅបាតដៃ នឹងមិនហ៊ានចាប់ដៃជាមួយអ្នកដទៃ និងមានបញ្ហាក្នុងការកាន់ប៊ិច ខណៈដែលក្រដាសឯកសារផ្សេងៗក៏អាចសើមញើស និងរួញជ្រួញពេលមានការប៉ះពាល់ដែរ ឬសូម្បីតែបើកគម្របដបទឹកក៏សឹងតែមិនអាចធ្វើឡើងបានដែរ ដោយសារតែបាតដៃរអិលហ្នឹងឯង៕

Advertisement