គ្រោះថ្នាក់ 12យ៉ាងចំពោះរាងកាយដោយសារការខ្វះ “វីតាមីន B12”

កំលោះៗ ក្រមុំៗអាចនឹងស៊ាំធ្លាប់នឹងវីតាមីនតែប៉ុន្មានមុខប៉ុណ្ណោះ ព្រោះភាគច្រើនៗតែរកវីតាមីនមកញ៉ាំដើម្បីតែភាពស្រស់ស្អាត ដូចជាវីតាមីនC ដើម្បីថែបំប៉នស្បែក ឬវីតាមីនA ដើម្បីបំប៉នកែវភ្នែកជាដើម តែការពិតទៅវីតាមីន B ក៏សំខាន់ចំពោះរាងកាយមិនតិចជាងវីតាមីនប្រភេទផ្សេងទៀតឡើយ ជាពិសេសវីតាមីន B12 ដែលមានភាពសំខាន់ចំពោះប្រព័ន្ធផ្សេងៗរបស់រាងកាយ ប្រព័ន្ធប្រសាទ និងខួរក្បាលច្រើនលើសពីយើងគិតទៅទៀត។ បើរាងកាយមិនបានទទួលវីតាមីន B12 គ្រប់គ្រាន់អាចនឹងបង្កឱ្យកើតគ្រោះថ្នាក់ដល់រាងកាយក្នុងផ្នែកផ្សេងៗបាន។

ប្រយោជន៍របស់វីតាមីន B12

វីតាមីន B មានចំណែកជួយក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហម បំប៉នប្រព័ន្ធប្រសាទ និងខួរក្បាល បង្កើនកម្មវិធីការផលិត DNA និងជួយដល់ការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗក្នុងរាងកាយ។ ជាមធ្យម មនុស្សក្នុងវ័យធ្វើការគួរបានទទួលវីតាមីន B12 ក្នុង 1ថ្ងៃ 2.4មីក្រូក្រាម ហើយវីតាមីន B12 ក៏ដូចវីតាមីនដទៃទៀតដែរដែលរាងកាយមិនអាចផលិតដោយខ្លួនឯងបាន និងត្រូវតែទទួលបានពីអាហារដែលយើងទទួលទានប៉ុណ្ណោះ។

បច្ច័យប្រថុយប្រថានដែលអាចធ្វើឱ្យរាងកាយបានទទួលវីតាមីន B12 តិចជ្រុល

បើលោកអ្នកមានទង្វើដូចតទៅនេះ លោកអ្នកអាចប្រថុយនឹងការបានទទួលវីតាមីន B12 តិចជ្រុល ៈ

. ទទួលទានមំសវិរតិ(មិនបរិភោគសាច់សត្វ) ឬទទួលទានអាហារបួសរយៈពេលយូរ និងមិនបានទទួលទានវីតាមីនបន្ថែម ព្រោះវីតាមីន B12 គ្មាននៅក្នុងបន្លែទេ តែមាននៅក្នុងសាច់សត្វ ស៊ុត សត្វស្លាប អាហារប្រភេទទឹកដោះ និងអាហារផ្សេងទៀតដែលធ្វើពីសាច់សត្វ។

. អ្នកកើតជំងឺ ខ្រូន(Crohn ជាភាពខុសប្រក្រតីរ៉ាំរ៉ៃរបស់ពោះវៀនធំ ធ្វើឱ្យកើតការឈឺក្ដៅផ្សារក្រហាយ និងហើមប្រព័ន្ធរំលាយអាហារ) និងអ្នកដែលត្រូវញ៉ាំថ្នាំបញ្ចុះជាតិអាស៊ីតក្នុងក្រពះជាប្រចាំដែលអាចធ្វើឱ្យរាងកាយបឺតយកវីតាមីន B12 បានតិច ព្រោះវីតាមីន B12 នឹងត្រូវបឺតជ្រាបយកបានត្រូវតែមានជាតិអាស៊ីតនៅក្នុងប្រព័ន្ធរំលាយអាហារ។

. អាយុច្រើនឡើង ធ្វើឱ្យការផលិតទឹករំលាយអាហារ(អាស៊ីត)ក្នុងក្រពះថយចុះទៅតាមវ័យ ដែលធ្វើឱ្យការបឺតជ្រាបយកវីតាមីន B12 បានតិចទៅតាមហ្នឹងដែរ។

គ្រោះថ្នាក់ចំពោះសុខភាពដោយសារការខ្វះវីតាមីន B12

1 . ប្រព័ន្ធការទទួលដឹង(វេទនារម្មណ៍)ធ្វើការខុសប្រក្រតី ដូចជាការដឹងពីរសជាតិ ឬការទទួលដឹងក្លិនផ្លាស់ប្ដូរ។

2 . មានអាការស្ពឹក ឬស្រពន់នៅលើដៃ ជើង និងបាតជើង។

3 . ពិបាកដើរ បាត់បង់ភាពរហ័សរហួន(ដើរទ្រេតទ្រោត ជើងទាំងពីរខាងដើរមិនមានតុល្យភាពគ្នា)។

4 . ប្រថុយនឹងសភាវលោហិតស្លេក។

5 . ហើម ឬរលាកអណ្ដាត។

6 . រិះគិត ឬវិភាគរឿងផ្សេងៗដើម្បីរកហេតុផលមិនសូវបាន ឬការចងចាំបាត់បង់អស់មួយចំណែក។

7 . ទប់ ឬទ្រាំការបន្ទោបង់មិនបាន។

8 . សុខភាពជារួមចុះទន់ខ្សោយ។

9 . ឆាប់ ឬងាយនឿយល្វើយ។

10 . ឆាប់ ឬងាយវិតក្កកង្វល់ និងស្រ្តេស

11 . សោកសៅ ឬចេះតែមើលឃើញទិដ្ឋភាពអាក្រក់ៗ។

12 . ប្រថុយប្រថាននឹងជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ ខួរក្បាល និងលោហិត។

វិធីបង្កើនបរិមាណវីតាមីន B12 ក្នុងរាងកាយ

1 . ទទួលទានវីតាមីន B12 បន្ថែមពីពេលញ៉ាំអាហារប្រក្រតី(គួរទៅទទួលយកការប្រឹក្សា និងពិនិត្យសុខភាពដោយលម្អិតអំពីគ្រូពេទ្យមុននឹងទិញមកទទួលទាន)។

2 .ទទួលអាហារដែលមានវីតាមីន B12 ឱ្យបានច្រើនឡើង ដូចជា សាច់សត្វ សាច់ត្រី អាហារសមុទ្រ ផលិតផលធ្វើពីទឹកដោះគោផ្សេងៗ។

ចំណេះដឹងបន្ថែមដែលមនុស្សយើងច្រើនតែយល់ខុសពាក់ព័ន្ធនឹងវីតាមីន B12

អត្ថបទនៅក្នុងអ៊ីនធើណិតអាចមានការអធិប្បាយថា វីតាមីន B12 អាចការពារជំងឺខួរក្បាលចុះខ្សោយ ជំងឺបេះដូង ជំងឺរ៉ាំរ៉ៃគ្រោះថ្នាក់ផ្សេងៗ រួមទាំងកែបញ្ហាសភាវគ្មានបុត្រ ជំងឺសើរស្បែក និងជំងឺផ្សេងៗទៀតជាច្រើនទៀត ដែលទាំងអស់នេះច្រើនតែចេញមកពីការសិក្សាវិភាគដែលមិនទាន់មានភ័ស្តុតាងច្បាស់លាស់នៅឡើយ។

យ៉ាងណាក៏ដោយ វីតាមីន B12 ក៏នៅតែសំខាន់ចំពោះរាងកាយក្នុងកម្រិតដែលយើងមិនគួរមើលរំលងឡើយ ដូច្នេះបើមិនប្រាកដក្នុងចិត្តថា ខ្លួនឯងកំពុងមានវីតាមីន B12 រួមទាំងវីតាមីនដទៃទៀតគ្រប់គ្រាន់ឬក៏អត់នោះ គួរទៅប្រឹក្សាគ្រូពេទ្យដើម្បីធ្វើការពិនិត្យរាងកាយ និងវិនិច្ឆ័យដើម្បីទទួលការណែនាំក្នុងការទទួលទានអាហារ ឬអាហារបំប៉នបន្ថែមយ៉ាងត្រឹមត្រូវ៕

Advertisement