វិធីងាយៗក្នុងការលេប “ថ្នាំគ្រាប់” ឱ្យកាន់តែងាយស្រួលឡើង

មនុស្សជាច្រើនមានបញ្ហាជាមួយការលេបថ្នាំគ្រាប់ មិនថាតែកូនក្មេង ឬមនុស្សធំពេញវ័យហើយនោះឡើយ អ្នកខ្លះដល់ថ្នាក់ក្អួតចេញមកវិញបន្ទាប់ពីខំព្យាយាមលេបគ្រាប់ថ្នាំឱ្យបានទៀតផង ហើយអ្នកខ្លះទៀតដល់ថ្នាក់ត្រូវយកថ្នាំគ្រាប់ទាំងនោះទៅដាក់ក្នុងទឹកឱ្យរលាយ ឬកិនជាម្សៅ និងជួនកាលថែមទាំងដកស្រោមកាប់ស៊ូលចេញយកតែម្សៅថ្នាំខាងក្នុងមកលាយជាមួយទឹកដើម្បីលេបក៏មាន។

វិធីលេបថ្នាំគ្រាប់យ៉ាងងាយៗ

ការសិក្សាស្រាវជ្រាវពីមហាវិទ្យតាល័យ Heidelberg នៅក្នុងប្រទេសអាល្លឺម៉ង់ បានណែនាំបង្ហាញពីតិចនិកងាយៗក្នុងការជួយឱ្យយើងលេបថ្នាំគ្រាប់បានយ៉ាងងាយស្រួលដូចតទៅ ៈ

  1. ចាក់ទឹកចូលទៅក្នុងដបប្លាស្ទិក ឬដបទឹកភេសជ្ជៈ។
  2. ដាក់គ្រាប់ថ្នាំនៅលើអណ្ដាត ឬអាចដាក់ទៅជិតគល់អណ្ដាតក៏បាន។
  3. ប្រើបបូរមាត់ទាំងខាងលើ និងខាងក្រោមពាំមាត់ដបឱ្យជាប់ និងជិត កុំឱ្យទឹក ឬខ្យល់ហៀរចេញទៅក្រៅមាត់បាន។
  4. លើកគូទដបទឹកឡើងឱ្យទឹកហូរចូលទៅក្នុងមាត់ ហើយក្នុហពេលដែលទឹកកំពុងហូរចូលមាត់នោះ ចូរបន្ថែមកម្លាំងបឺតទឹកចូលទៅក្នុងមាត់ដំណាលគ្នាផង។ កុំឱ្យមានខ្យល់ចូលទៅក្នុងអំឡុងពេលញ៉ាំទឹក។

អ្នកដែលធ្វើការសាកល្បងលេបថ្នាំដោយវិធីនេះប្រមាណជា 140នាក់បានរកឃើញថា ការលេបថ្នាំដោយវិធីនេះ(បិទភ្នែកខណៈពេលលេបថ្នាំផង)ជួយឱ្យការលេបថ្នាំគ្រាប់កាន់តែងាយស្រួលឡើងជាង 60% បើប្រៀបធៀបនឹងការលេបថ្នាំគ្រាប់ដោយញ៉ាំទឹកពីកែវ។

ក្រៅពីនេះនៅមាន 1វិធីទៀតដែលអាចជួយឱ្យការលេបថ្នាំគ្រាប់កាន់តែងាយស្រួលឡើង និងទទួលជោគជ័យដែលស័ក្តិសមជាមួយថ្នាំគ្រាប់ប្រភេទកាប់ស៊ូល នោះគឺ ៈ

  1. ដាក់ថ្នាំគ្រាប់កាប់ស៊ូលនៅលើអណ្ដាត។
  2. ក្រេបទឹកចូលទៅក្នុងមាត់មួយក្អឹក តែបៀមទុកសិន កុំអាលលេប។
  3. ឱនមុខ ឱ្យចង្កាចង្អុលមកដើមទ្រូង។
  4. រួចលេបទឹកចូលទៅដំណាលគ្នានឹងថ្នាំខណៈពេលកំពុងឱនមុខនោះ។

ភាគច្រើន ថ្នាំគ្រាប់កាប់ស៊ូលច្រើនតែមានទម្ងន់ស្រាល និងអណ្ដែតលើទឹក នៅពេលយើងឱនមុខ ហើយលេបថ្នាំដែលកំពុងអណ្ដែតលើទឹកនោះ វានឹងធ្វើឱ្យការលេបថ្នាំគ្រាប់កាប់ស៊ូលក្លាយជារឿងដែលកាន់តែងាយស្រួលឡើង។ វិធីនេះអាចបង្កើនប្រសិទ្ធភាពក្នុងការលេបថ្នាំបានច្រើនដល់ទៅ 89% បើប្រៀបធៀបនឹងការញ៉ាំទឹកដើម្បីលេបថ្នាំពីកែវទឹកដោយវិធីធម្មតា។

ក្រៅពីវិធីទាំង 2ខាងលើដែលជួយឱ្យការលេបថ្នាំគ្រាប់ក្លាយជារឿងងាយស្រួលហើយនោះ បើសិនជាសាកល្បងធ្វើហើយនៅតែមិនបានផលទៀត ចូរសាកល្បងញាត់គ្រាប់ថ្នាំចូលទៅក្នុងនំទន់ៗ ដូចជាចាហួយ ឬនំអាកោជាដើម មុននឹងដួសជាដុំតូចៗ ហើយលេបចូលទៅទាំងដុំ ឬក៏កិនថ្នាំឱ្យម៉ដ្ឋ ហើយលាយជាមួយនំទន់ៗ ឬហាន់គ្រាប់ថ្នាំជាបំណែកតូចៗ ហើយលេបម្ដង 1បំណែកៗក៏អាចជួយឱ្យការលេបថ្នាំប្រព្រឹត្តទៅបានងាយស្រួលដែរ៕

Advertisement