ស្រាយចម្ងល់…តើយើងចាំបាច់ត្រូវ “បន្ទោបង់” រាល់ថ្ងៃឬ?

រឿងបន្ទោបង់(បត់ដៃ បត់ជើង)នឹងគិតវាជារឿងតូចតាចក៏ថាបាន តែបើសិនជាការបន្ទោបង់ដំណើរការមិនប្រក្រតីវិញនោះ វាអាចធ្វើឱ្យយើងមិនស្រួលសប្បាយខ្លួន មិនស្រួលពោះ និងអាចរំខានទៅដល់ការទទួលទានអាហារ ការរំលាយអាហារ និងមានក្ដីទុក្ខវេទនាពីអាការ “ទល់លាមក” ឬកើតរោគ “ឫសដូងបាត” ទៀតផង។ តែការណ៍នឹងធ្វើឱ្យរាងកាយមានប្រព័ន្ធបន្ទោបង់ដែលល្អ ក៏អាចជារឿងលំបាកដែរសម្រាប់មនុស្សជាច្រើន។

អ្នកជំនាញខាងផ្នែកប្រព័ន្ធរំលាយអាហារបានបញ្ជាក់ថា “រាងកាយរបស់មនុស្សយើងមានភាពស្មុគស្មាញ ការធ្វើការងាររបស់អវយវៈផ្សេងៗរបស់មនុស្សម្នាក់ៗអាចនឹងមានភាពខុសប្លែកគ្នាបន្តិចបន្តួច មិនថាតែរឿងការគេងសម្រាកលង់លក់ ការបន្ទោបង់ទាំងធំ និងតូច ជារឿងដែលមើលទៅហាក់ដូចជាធម្មតាសម្រាប់មនុស្សជាច្រើននោះ អាចនឹងក្លាយជារឿងលំបាកសម្រាប់មនុស្សមួយចំនួនបាន ជាពិសេសរឿង “បន្ទោបង់”។

អ្នកខ្លះអាចមានអារម្មណ៍ថា ក្នុង 1ថ្ងៃត្រូវបន្ទោបង់យ៉ាងតិច 1ដង ព្រោះបើសិនជាពេញមួយថ្ងៃ មិនបន្ទោបង់សោះនោះ នឹងមានអារម្មណ៍ទើសទាល់ ណែនៗពោះ និងអាចហុចផលឱ្យនៅថ្ងៃបន្ទាប់មកធ្វើឱ្យពិបាកបន្ទោបង់ ឬបន្ទោបង់ពិបាកខ្លាំង រហូតអាចកើតអាការទល់លាមកទៀតផង តែអ្នកខ្លះកន្លងមក 2 – 3ថ្ងៃទើបបត់ជើងម្ដង តែក៏បន្ទោបង់បានយ៉ាងងាយស្រួលដោយមិនមានអារម្មណ៍ថាពិបាកអ្វីឡើយ ដូច្នេះហើយទើបរឿងរបស់ការបន្ទោបង់សម្រាប់មនុស្សម្នាក់ៗហាក់ដូចជាខុសប្លែកពីគ្នា និងច្រើនបែបច្រើនយ៉ាងតាមការធ្វើការរបស់ប្រព័ន្ធបន្ទោបង់ រួមទាំងដំណើរជីវិត អាហារការហូបចុកផ្សេងៗជាដើមផងដែរ។

“ចំនួនដងនៃការបន្ទោបង់ដែលស័ក្តិសមរបស់មនុស្សម្នាក់ៗក៏ហាក់ដូចជាខុសប្លែកពីគ្នាខ្លាំងដែរ។ តាមរយៈរបាយការណ៍ពីការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា ការបន្ទោបង់ដែលល្អដល់សុខភាពរាងកាយខ្លាំងបំផុត នឹងស្ថិតក្នុងចំនួនតាំងពី 3ដងក្នុងមួយថ្ងៃ រហូតទៅដល់ 3ដងក្នុងមួយសប្ដាហ៍ និងតិចជាង 40%ដែលបានរកឃើញថា មានអ្នកបន្ទោបង់មួយថ្ងៃ 1ដង” យ៉ាងណាក៏ដោយ ចំនួនដងរបស់ការបន្ទោបង់អាចពាក់ព័ន្ធនឹងអាការរបស់រោគឆ្លងប្រភេទខ្លះដែរ ដូចជា រោគរាករូស(ដែលធ្វើឱ្យមានការបន្ទោបង់ច្រើនដង) មហារីក(បន្ទោបង់ចេញមកជាឈាម) ឬបើសិនជាគ្មានការបន្ទោបង់សោះ ក៏អាចជាសញ្ញាដាស់​តឿនរបស់រោគដែលពាក់ព័ន្ធនឹងប្រព័ន្ធបន្ទោបង់ដូចគ្នា។

ចាំបាច់ត្រូវតែបន្ទោបង់ឱ្យបានក្នុងមួយថ្ងៃ 1ដងឬទេ?

អ្នកស្រាវជ្រាវខាងវិទ្យាសាស្ត្រមកពីស្ថាប័នវិទ្យាសាស្រ្តរបស់ប្រទេសអូស្រ្តាលីបានបញ្ជាក់ថា “ការបន្ទោបង់ឱ្យបានមួយថ្ងៃ 1ដងមិនមែនជារឿងចាំបាច់ទេ តែបើបន្ទោបង់តិចជាង 3ដងក្នុងមួយសប្ដាហ៍ អាចនឹងបង្កឱ្យកើតគ្រោះថ្នាក់ឡើងបាន ដូចជាកើតរោគឫសដូងបាត ឬរន្ធគូទកើតមានរបួសដោយសារលាមកមានទំហំធំ និងរឹងរហូតធ្វើឱ្យមានឈាមចេញមកជាដើម”

“អាការទល់លាមកអាចកើតឡើងបានពីច្រើនមូលហេតុ តាំងពីបណ្ដាលមកពីការព្យាបាលរបស់ជំងឺមួយចំនួន(ដោយសារផលប៉ះពាល់ពីថ្នាំប្រភេទខ្លះ ) និងមូលហេតុដែលច្បាស់លាស់បំផុតនោះគឺ ការញ៉ាំអាហារដែលមានជាតិកាកសរសៃតិចជ្រុលពេក”

គន្លឹះល្អៗក្នុងការធ្វើឱ្យការបន្ទោបង់ល្អប្រក្រតី

ងាយៗបំផុតគឺ បន្ថែមអាហារដែលមានជាតិកាកសរសៃឱ្យបានច្រើនឡើងនៅក្នុងពេលបាយម្ដងៗ ដូចជាបន្លែ ផ្លែឈើ ធញ្ញជាតិ សណ្ដែក និងញ៉ាំទឹកឱ្យបានច្រើនឡើង។ ការហាត់ប្រាណជាប្រចាំក៏ធ្វើឱ្យប្រព័ន្ធបន្ទោបង់ធ្វើការយ៉ាងមានប្រសិទ្ធភាពខ្លាំងឡើងដូចគ្នាដែរ។ បើចាប់ផ្ដើមមានអាការទល់លាមក តឹងណែនពោះ ចង់បត់ជើង លោកអ្នកអាចញ៉ាំទឹកឱ្យច្រើនឡើង ឬញ៉ាំអាហារដែលមានប្រូបៃអូទិកស៍ ដូចជាទឹកដោះគោជូរ យ៉ាអួរ គីមឈី ក៏អាចជួយបានដូចគ្នាដែរ៕

Advertisement