8 សញ្ញាដាស់តឿនថា អ្នកកំពុងតែ “ញ៉ាំទឹកតិចពេកហើយ”

ជីវិតដ៏សែនប្រញាប់ប្រញាល់របស់យើង អាចនឹងធ្វើឱ្យអ្នកភ្លេចញ៉ាំទឹកឱ្យបានគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ដែលការញ៉ាំទឹកបានតិចនេះនឹងបង្កឱ្យកើតចំណុចអាក្រក់ជាច្រើនយ៉ាង រួមទាំងជំងឺដ៏គួរឱ្យភ័យខ្លាច ដូចជារលាកប្លោកនោម ឬរលាកតម្រងនោម ជាដើមទៀតផង។ល។

តែបញ្ហាគឺ យើងអាចនឹងមិនដឹងខ្លួនថា យើងកំពុងតែញ៉ាំទឹកបានតិចពេកនោះឡើយ ដូច្នេះយើងនាំគ្នាមកសង្កេតមើលរាងកាយរបស់យើងវិញប្រសើរជាងថា តើដល់ពេលហើយឬនៅដែលយើងគួរតែបន្ថែមទឹកឱ្យរាងកាយឱ្យបានច្រើនឡើង?។

1 . ការស្រេកទឹក

គឺពេលខ្លះយើងអាចនឹងស្រេកទឹកដោយមិនដឹងខ្លួន ហើយពេលបានញ៉ាំទឹក សឹងតែមិនចង់ឈប់ញ៉ាំ លើកកែវឡើងញ៉ាំតែម្ដងអស់ និងថែមទាំងអាចនៅមានអារម្មណ៍ថា មិនទាន់បាត់ស្រេកទៀត។

2 . ទឹកមូត្រមានពណ៌លឿងចាស់-ពណ៌ទឹកក្រូចជាប្រចាំ

ពណ៌របស់ទឹកមូត្រដែលប្រក្រតីគួរតែជាពណ៌លឿងខ្ចីស្រាល និងក្លិនក៏មិនគួរឈួលខ្លាំងរហូតមានអារម្មណ៍ដឹងថាខុសប្រក្រតីយ៉ាងច្បាស់ដែរ។ ទឹកមូត្រពណ៌លឿងចាស់ ហើយមានអារម្មណ៍ថាដូចជារាងខាប់ៗនោះ គឺបញ្ជាក់ថា អ្នកញ៉ាំទឹកបានតិចពេកហើយ។

3 . បត់ជើងតូចមិនដល់ 4ដងក្នុងមួយថ្ងៃ

មនុស្សប្រក្រតីត្រូវតែក្រោកទៅចូលបន្ទប់ទឹកដើម្បីបត់ជើងតូចច្រើនជាង 4ដងក្នុងមួយថ្ងៃ តែបើអ្នកដឹងខ្លួនថា ថ្ងៃខ្លះដែលអ្នកអង្គុយធ្វើការ និងសឹងតែមិនបានទៅចូលបន្ទប់ទឹកសោះនោះ អ្នកគួរតែដឹងខ្លួន និងសួរខ្លួនឯងហើយថា អេ៎ ថ្ងៃនេះអញបានញ៉ាំទឹកខ្លះនៅហ្នឹង?។

4 . បបូរមាត់ស្ងួត

ក្រៅពីមានប្រតិកម្មចាញ់ក្រែមលាបមាត់ហើយ បើអ្នកមានអាការស្ងួតបបូរមាត់ញឹកញាប់ នុះអាចបណ្ដាលមកពីរាងកាយរបស់អ្នកខ្វះទឹកច្រើនហើយ។

5 . ភ្នែកឡើងស្ងួត

រឹតតែអ្នកណាដែលអង្គុយធ្វើការនៅមុខកុំព្យូទ័រ ឬពាក់ខន់ថិកលេនស៍ផងនោះ នឹងជួបបញ្ហាស្ងួតភ្នែកញឹកញាប់ រឹតតែបើសិនជាអ្នកញ៉ាំទឹកមិនបានគ្រប់គ្រាន់ផងនោះ ភ្នែករបស់អ្នកនឹងរឹតតែស្ងួតខ្លាំងឡើង។ ស្ងួតដល់ថ្នាក់ពិបាកពាក់ខន់ថិកលេនស៍ ឬសូម្បីតែពេលដោះក៏រឹតតែពិបាកដែរ ព្រោះខន់ថិកលេនស៍នឹងបឺតជាប់នឹងភ្នែក ព្រោះខ្វះសំណើម…គួរឱ្យខ្លាចណាស់មែនទេ?។

6 . ទល់លាមក

ប្រាកដណាស់ នៅពេលរាងកាយមិនបានទទួលទឹកយ៉ាងគ្រប់គ្រាន់ កាកសរសៃអាហារដែលឆ្លងកាត់ការរំលាយ ការត្រងចេញក៏ខ្វះសំណើមដូចគ្នា ដូច្នេះលាមកនឹងឡើងរឹង ពិបាកបត់ជើង ភ្លេចៗខ្លួនអាចកើតអាការទល់លាមកញឹកញាប់ ធ្វើឱ្យប្រថុយនឹងជំងឺឫសដូងបាតទៀតផង។

7 . ស្បែកស្ងួត ស្លាកស្នាមសួររកមុខមុនវ័យ

តឱ្យអ្នកមានស្បែកឡើងប្រេងក៏ដោយ តែអ្នកនឹងក្លាយជាមនុស្សស្បែកឡើងប្រេងដែលខ្វះជាតិទឹក ស្បែករបស់អ្នកនឹងរឹតតែឡើងប្រេងខ្លាំងឡើង ព្រោះនៅពេលអ្នកមានស្បែកស្ងួតជ្រុលពេក ក្រពេញខ្លាញ់នៅក្រោមស្រទាប់ស្បែកនឹងរឹតតែផលិតប្រេងឡើងមកស្រោបស្បែកមិនឱ្យស្បែកស្ងួត។ តែបើអ្នកជាមនុស្សស្បែកស្ងួតវិញ ក៏នឹងរឹតតែស្ងួតខ្លាំងឡើងទៀត ហើយចុងក្រោយ ស្លាកស្នាមក៏នឹងមកសួរសុខទុក្ខមុនវ័យមិនខាន។ សាកល្បងសង្កេតមើលថា តើស្លាកស្នាមនៅម្ដុំថ្ពាល់ ចុងភ្នែក និងថ្ងាសមកដល់ហើយឬនៅ? បើអ្នកអាយុនៅតិចសោះ ស្រាប់តែមានស្លាកស្នាមឡើងពេញមុខហើយនោះ បញ្ជាក់ថា ស្បែករបស់អ្នកខ្វះសំណើមហើយ និងអ្នកអាចញ៉ាំទឹកមិនបានច្រើនគ្រប់គ្រាន់ហ្នឹងឯង។

8 . ប្រព័ន្ធរំលាយអាហារមានបញ្ហា

អ្នកដែលញ៉ាំទឹកមិនគ្រប់គ្រាន់ មានឱកាសកើតរោគក្រពះ ឬអាស៊ីតហូរបញ្រ្ចាស់ខ្លាំងជាងប្រក្រតី ព្រោះនៅពេលដែលក្រពះមានទឹកមកជួយរំលាយអាហារមិនគ្រប់គ្រាន់ បរិមាណរបស់អាស៊ីតក៏នឹងខាប់ខ្លាំងឡើង ភាពរឹងមាំរបស់ក្រពះក្នុងការរំលាយអាហារ រួមទាំងទឹករំអិលដែលជួយក្នុងការរំលាយអាហារក្នុងក្រពះក៏ថយចុះ អាចធ្វើឱ្យអាហារមិនរំលាយ ធ្វើឱ្យតឹងពោះឆ្អល់ពោះ ឬយូរៗទៅអាចប្រថុយនឹងអាការអាស៊ីតហូរបញ្រ្ចាស់បាន។

វិធីការពារមិនឱ្យរាងកាយខ្វះទឹកក៏ងាយៗ គ្មានអ្វីពិបាកសោះ ដោយអ្នកគ្រាន់តែដាក់កែវទឹកនៅជិតៗខ្លួន ហើយលើកក្រេបឱ្យបានញឹកញាប់ពេញមួយថ្ងៃ និងត្រូវញ៉ាំឱ្យអស់រៀងរាល់ថ្ងៃ និងកុំរវល់តែវីវក់ជាមួយការងាររហូតដល់ភ្លេចញ៉ាំទឹកញឹកញាប់ឱ្យសោះ។ តែប៉ុណ្ណឹងរាងកាយរបស់អ្នកនឹងបានទទួលទឹកយ៉ាងគ្រប់គ្រាន់មិនខាន៕

Advertisement