Trump ចាប់ផ្ដើមនៅដាច់ដោយឡែក និងរង់ចាំលទ្ធផលតេស្តរកវីរុស បន្ទាប់ពីជំនួយការផ្ទាល់ម្នាក់ បានឆ្លងCOVID-19

លោក​ Trump និង​នាង​ Hicks នៅ​សេត​វិមាន​កាល​ពី​ឆ្នាំ​2018

លោក Donald Trump បានឱ្យដឹងថា លោក និងលោកស្រី Melania កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តរកវីរុសCOVID-19 និងចាប់ផ្ដើមនៅដាច់ដោយឡែក ក្រោយពីស្ត្រីជាជំនួយការផ្ទាល់ម្នាក់របស់លោក វិជ្ជមានជាមួយនឹងវីរុសCOVID-19។

“Hope Hicks ដែលជាអ្នកធ្វើការយ៉ាងប្រឹងប្រែងដោយស្ទើរតែពុំមានពេលសម្រាក ទើបតែទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងCOVID-19។ ពិតជាអាក្រក់ណាស់! ភរិយា និងខ្ញុំកំពុងតែរង់ចាំលទ្ធផលនៃការធ្វើតេស្ត។ ក្នុងពេលនេះដែរ យើងនឹងចាប់ផ្ដើមដំណាក់កាលនៅដាច់ដោយឡែក” លោក Trump បានសរសេរបែបនេះនៅលើទំព័រ Twitter របស់លោក។

លោក​ Trump ថើប​ជូន​ដំណើរ​នាង​ Hope Hicks ចាក​ចេញ​ពី​សេត​វិមាន​កាល​ពី​ឆ្នាំ​2018

មុននេះ លោក Trump បានឱ្យដឹងថា លោក និងភរិយា Melania ទើបតែបានទៅធ្វើតេស្តរកវីរុសCOVID-19 បន្ទាប់ពី Hope Hicks ដែលជាជំនួយការផ្ទាល់ និងជាទីប្រឹក្សារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានឆ្លងវីរុស។

Hope Hicks ទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងCOVID-19 កាលពីថ្ងៃទី1តុលា បន្ទាប់ពីបានធ្វើទៅដំណើរជាមួយលោក Trump ទៅកាន់កន្លែងឃោសនាបោះឆ្នោតមួយចំនួននៅក្នុងរដ្ឋ Minnesota។ នេះបើតាមការឱ្យដឹងពីមន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ។

លោក​ Trump មុន​ពេល​ចេញ​ឃោសនា​រក​សំឡេង​ឆ្នោត​ កាល​ពី​ពេល​ថ្មី​ៗ​នេះ

នៅមុនករណីរបស់ Hicks បុគ្គលិកជាច្រើនរូបនៅសេតវិមាន ក៏បានឆ្លងវីរុសCOVID-19 ក្នុងនោះមាន Katie Miller ដែលជាជំនួយការផ្នែកសារព័ត៌មានរបស់អនុប្រធានាធិបតី Mike Pence និងបុគ្គលិកការពារសន្តិសុខរបស់លោក Trump ផងដែរ៕

ប្រភព៖ AFP/CNBC

Advertisement