ចិនអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់​សាំង​​COVID-19 ជាបន្ទាន់និងជា​បណ្ដោះ​អាសន្ន

ចិនអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងCOVID-19 ជាបន្ទាន់និងជាបណ្ដោះអាសន្ន

ប្រទេសចិនបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់ចំពោះវ៉ាក់សាំងCOVID-19 នានាដែលអភិវឌ្ឍដោយបណ្ដាក្រុមហ៊ុនក្នុងស្រុក ដែលវាមិនទាន់ត្រូវបានអនុម័តឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយ។

ប្រការនេះត្រូវបានធ្វើឡើងដោយយោងទៅតាមច្បាប់គ្រប់គ្រងវ៉ាក់សាំងរបស់ប្រទេសចិន ដែលអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងទាំងឡាយណាដែលមិនទាន់ទទួលបានការអនុម័តឱ្យប្រើជាផ្លូវការ ទៅលើក្រុមហ៊ុនមនុស្សទាំងឡាយណាដែលមានហានិភ័យឆ្លងខ្ពស់ ក្នុងរយៈពេលកំណត់ណាមួយ។

Zheng Zhongwei ដែលជាមេដឹកនាំរបស់ក្រុមអ្នកអភិវឌ្ឍវ៉ាក់សាំងCOVID-19 របស់ប្រទេសចិន បានថ្លែងនៅលើកញ្ចក់ទូរទស្សន៍ជាតិ CCTV កាលពីថ្ងៃទី22សីហាថា៖ “យើងបានគូសវាសជាគម្រោងជាច្រើន រួមមានទាំងសំណុំបែបបទដែលទទួលស្គាល់ដោយផ្នែកសុខាភិបាល គម្រោងតាមដានផលវិបាក គម្រោងសង្គ្រោះ គម្រោងផ្ដល់សំណងជាដើម ដើម្បីធានាឱ្យបានប្រាកដថា ការប្រើប្រាស់បន្ទាន់នេះត្រូវបានគ្រប់គ្រង និងតាមដានបានល្អ”។

លោក Zheng ឱ្យដឹងថា ប្រទេសចិនបានផ្ដល់ការអនុញ្ញតឱ្យប្រើប្រាស់បន្ទាន់ និងបណ្ដោះអាសន្ននូវវ៉ាក់សាំងCOVID-19 ចាប់តាំងពីថ្ងៃទី22កក្កដា នៅពេលដែលបេក្ខភាពវ៉ាក់សាំងនានាកំពុងប្រើប្រាស់សាកល្បង។ អ្នកដែលត្រូវបានចាក់វ៉ាក់សាំងកាលណោះបានឱ្យដឹងថា ពួកគេទទួលបានផលវិបាកតិចតួចណាស់។

យោងតាមច្បាប់គ្រប់គ្រងវ៉ាក់សាំងរបស់ប្រទេសចិន នៅពេលដែលមានករណីបន្ទាន់ផ្នែកសុខាភិបាលប្រកបដោយភាពធ្ងន់ធ្ងរកើតឡើង វ៉ាក់សាំងនានាដែលកំពុងប្រើប្រាស់សាកល្បង អាចត្រូវបានយកមកប្រើប្រាស់ជាទ្រង់ទ្រាយមានកំណត់ដើម្បីការពារបុគ្គលិកសុខាភិបាល និងការិយាល័យប្រឆាំងរោគឆ្លង បុគ្គលិកព្រំដែន និងក្រុមមនុស្សដែលធ្វើសកម្មភាពសំខាន់ៗក្នុងទីក្រុង។ នេះបើតាមការបកស្រាយរបស់លោក Zheng។

សារព័ត៌មាន Global Times មុននេះបានចេញផ្សាយថា បុគ្គលិកនានារបស់ក្រុមហ៊ុនរដ្ឋដែលកំពុងត្រៀមខ្លួនចេញទៅក្រៅប្រទេស និងក្រុមគ្រូពេទ្យជួរមុខ ទទួលបានជម្រើសចំនួនពីរក្នុងការចាក់វ៉ាក់សាំងដែលមិនទាន់ទទួលបានការអនុម័តឱ្យប្រើប្រាស់ជាផ្លូវការ ដែលអភិវឌ្ឍដោយក្រុមហ៊ុនផលិតឱសថជាតិ (sinopharm) ដើម្បីប្រើប្រាស់ជាបន្ទាន់ និងបណ្ដោះអាសន្ន។ កាលពីថ្ងៃទី20និង21សីហា ក្រុមហ៊ុន Sinopharm បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការទៅលើការប្រើប្រាស់សាកល្បងវ៉ាក់សាំងCOVID-19 នៅក្នុងដំណាក់កាលទី3 ជាមួយនឹងប្រទេសប៉េរូ ប្រទេសម៉ូណាកូ និងអាហ្សង់ទីន។

លោក Zheng បន្តថា ដើម្បីត្រៀមសម្រាប់ជំហានបន្ទាប់ ក្នុងបំណងទប់ស្កាត់ការផ្ទុះឆ្លងរាលដាលនៅក្នុងរដូវរំហើយ និងរដូវត្រជាក់ ការប្រើប្រាស់វ៉ាក់សាំងនេះនឹងត្រូវបានពង្រីកវិសាលភាពទៅដល់ក្រុមមនុស្សដែលធ្វើការនៅក្នុងផ្សារលក់ស្បៀងអាហារ ប្រព័ន្ធដឹកជញ្ជូន និងបណ្ដាវិស័យឧស្សាហកម្មសេវាកម្មនានាផងដែរ។

Tao Lina ដែលជាអ្នកជំនាញផ្នែករោគឆ្លងនៅទីក្រុងសៀងហៃ បានឱ្យដឹងកាលពីថ្ងៃទី23សីហាថា ចំនួនមនុស្សដែលត្រូវបានចាក់វ៉ាក់សាំងនៅក្នុងករណីបន្ទាន់ អាចឡើងដល់រាប់សែននាក់នៅពាសពេញប្រទេសចិនដោយមិនគិតថ្លៃ។

អ្នកស្រី Wu មេដឹកម្នាក់របស់ក្រុមហ៊ុនរដ្ឋចិនមួយ ដែលកំពុងធ្វើការក្នុងគម្រោងនានាទាក់ទិននឹងការសាងសង់នៃគំនិតផ្ដួចផ្ដើមស្ដីអំពីខ្សែក្រវាត់មួយផ្លូវមួយនៅបណ្ដាប្រទេសក្នុងទ្វីបអាស៊ី និងអាហ្វ្រិក បានប្រាប់ថា បុគ្គលិកទាំងអស់របស់អ្នកស្រីត្រូវបានចាក់វ៉ាក់សាំងដោយមិនគិតថ្លៃរួចរាល់ហើយ នៅក្នុងទម្រង់ស្ម័គ្រចិត្ត។ អ្នកស្រី Wu បន្តថា អ្នកស្រីក៏បានចាក់វ៉ាក់សាំងនេះកាលពីថ្ងៃទី7សីហា ហើយពុំមានផលវិបាកណាមួយកើតឡើងនោះឡើយ គឺដូចទៅនឹងបុគ្គលិកផ្សេងៗទៀតរបស់អ្នកស្រីដែរ។

Yang Xiaoming ដែលជាប្រធានក្រុមហ៊ុន Sinopharm បានអះអាងថា វ៉ាក់សាំងនេះនឹងមានប្រសិទ្ធភាពទប់ទល់នឹងរាល់វីរុសប្រភេទ nCoV ដែលត្រូវបានរកឃើញយ៉ាងហោចត្រឹមពាក់កណ្ដាលខែកក្កដា ហើយវាអាចបង្កផលវិបាកអាក្រក់តិចជាងវ៉ាក់សាំងផ្សេងៗដែលកំពុងត្រូវបានស្រាវជ្រាវ។

Yang Xiaoming ឱ្យដឹងថា មនុស្សជាង20,000នាក់នៅអារ៉ាប់រួម (UAE) ដែលបានប្រើប្រាស់វ៉ាក់សាំងរបស់ Sinopharm នៅក្នុងការប្រើប្រាស់សាកល្បងក្នុងដំណាក់កាលទី3 បានបង្ហាញថា វាមានសុវត្ថិភាពខ្ពស់។ ប្រសិទ្ធភាពរបស់វ៉ាក់សាំងក៏កំពុងត្រូវបានតាមដានបន្តទៅទៀត។

“ការប្រើប្រាស់សាកល្បងដំណាក់កាលទី3នៅ UAE មកដល់ពេលនេះ មិនទាន់មានករណីទទួលផលវិបាកណាមួយនៅឡើយ។ ក្រុមអ្នកស្ម័គ្រចិត្តចូលរួមបានលឿនជាងការរំពឹងទុក ហើយវ៉ាក់សាំងនេះពិតជាគួរឱ្យទន្ទឹងរង់ចាំ”៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement