ផ្លែល្ពៅ របស់ឆ្ងាញ់ដែលមានប្រយោជន៍គ្រប់យ៉ាង!

ល្ពៅឆាសាច់ជ្រូកចិញ្រ្ចាំ…ល្ពៅឆឹងស្ករ…សង្ខ្យាល្ពៅ…ព្រមទាំងបង្អែម និងម្ហូបអាហារជាច្រើនទៀត អាចជាមុខចំណីដែលមនុស្សជាច្រើនចូលចិត្ត ព្រោះក្រៅពីបានឆ្ងាញ់ និងឆ្អែតពោះហើយ បន្លែសាច់លឿងដូចជា​ “ល្ពៅ” នេះនៅមានគុណប្រយោជន៍ល្អៗចំពោះសុខភាពរាងកាយរបស់យើងច្រើនណាស់ ។ អ្នកណាដែលធ្លាប់ស្អប់មិនចូលចិត្តញ៉ាំល្ពៅនោះប្រហែលជាត្រូវប្រញាប់អានអត្ថបទនេះ រួចងាកមកទទួលទានផ្លែល្ពៅវិញហើយមើលទៅ… ។

-បំប៉នខ្សែភ្នែកឲ្យភ្លឺមុត

ឃើញជាបន្លែដែលមានសាច់ពណ៌លឿងបែបនេះ ប្រហែលជាដឹងហើយថានៅក្នុងសាច់ផ្លែល្ពៅសម្បូរទៅ​ដោយវិតាមីន A ច្រើនបំផុត ដោយសាច់ល្ពៅកិនហ្មត់មួយកូនចានមានវិតាមីន A ខ្ពស់ដល់ទៅ 200% នៃបរិមាណដែលគ្រូ​ពេទ្យណែនាំឲ្យពិសាក្នុង 1 ថ្ងៃ ។ វិតាមីន A មានចំណែកជួយថែបំប៉នខ្សែភ្នែក ធ្វើឲ្យអាចមើលឃើញបានច្បាស់នៅក្នុងទី​ងងឹត និងថែមទាំងជួយកាត់បន្ថយការចុះខ្សោយរបស់កោសិកាគ្រាប់ភ្នែកទៀតផង ។

-តួឯកក្នុងការជួយសំរកទម្ងន់

អ្នកណាដែលកំពុងសម្លឹងរកមើលអាហារសំរកទម្ងន់នោះ ចូរកុំមើលរំលងផ្លែល្ពៅឲ្យសោះ ព្រោះនៅក្នុង​សាច់ផ្លែល្ពៅមានសារធាតុកាកសរសៃខ្ពស់ដល់ទៅ 3 ក្រាមក្នុង 1 កូនចាន ថែមទាំងប្តល់នូវកាឡូរីត្រឹ​មតែ 49 កាឡូរីប៉ុណ្ណោះដែលនឹងធ្វើឲ្យលោកអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ ក្នុងកាឡូរីតែបន្តិចប៉ុណ្ណោះ ។

-បង្កើនប្រព័ន្ធការពារជំងឺ

អ្នកណាថា ផ្លែល្ពៅមានតែវិតាមីន A នោះ? ការពិតទៅផ្លែល្ពៅក៏មានវិតាមីន C ច្រើនគួរសមដែរ ដែលអ្នកណា​ក៏ដឹងដែរថា វិតាមីន C ជួយមើលថែទាំប្រព័ន្ធការពារជំងឺនៅក្នុងរាងកាយរបស់មនុស្សយើង ធ្វើឲ្យមិនងាយកើតជំងឺផ្តា​សាយ ។ សាច់ល្ពៅប្តល់នូវវិតាមីន C ដល់ទៅ 11 មល្លីក្រាម ក្នុង 1 កូនចាន ឬក៏ជិត 20% ដែលគ្រូពេទ្យណែនាំឲ្យស្រ្តីៗបរិភោគក្នុង 1 ថ្ងៃ ។

-កាត់បន្ថយឱកាសកើតជំងឺមហារីក

សារធាតុ បេតាឃែរ៉ូធីន ដែលមាននៅក្នុងសាច់ល្ពៅ ក្រៅពីជួយថែរបំប៉នខ្សែភ្នែកហើយ នៅអាចជួយការ​ពារមិនឲ្យកើតរោគមហារីកបានទៀតផង ព្រោះមានលទ្ធផលនៃការស្រាវជ្រាវមួយបានអះអាងថា សារធាតុនេះជួយប្រឆាំងអនុមូលឥស្សរ:ដែលជាប្រភពកំណើតរបស់រោគមហារីក ក្រៅពីនេះនៅមានសារធាតុអាស៊ីត ប្រូផៃអូនិក ដែលមានចំណែក​ជួយធ្វើឲ្យកោសិកាមេរោគមហារីកចុះខ្សោយទៀតផង ។

-ថែបំប៉នស្បែក

ដូចដែលបានដឹងហើយថា អនុមូលឥស្សរ: ក្រៅពីធ្វើឲ្យកោសិកាចុះទ្រុឌទ្រោមក្លាយជាមហារីកហើយនោះវាក៏ជាសត្រូវដ៏កំណាចមួយចំពោះស្បែកដែរ ព្រោះវានឹងធ្វើឲ្យស្បែករបស់នារីៗជ្រួញយារ ខ្មៅស្រអាប់ មើលទៅមិនភ្លឺថ្លា តែបើបានញ៉ាំផ្លែល្ពៅដែលមាន ឃែរ៉ូធីណយដ៍ ហើយ វានឹងជួយកាត់បន្ថយភាពចុះខ្សោយរបស់កោសិកាដោយសារអនុមូល ឥស្សរ:បានកាន់តែល្អឡើង ទទួលទានញឹកញាប់ ធានាថាស្បែករបស់នារីៗយើងនឹងមើលទៅស្អាតស្រស់ឡើងមិនខាន ។

-ការពារបេះដូង

មិនថាតែគ្រាប់សណ្តែកសំបករឹង គ្រាប់ធញ្ញជាតិ រួមទាំងគ្រាប់ល្ពៅផងដែរ សុទ្ធតែមានសារធាតុពីធម្មជាតិដែលឈ្មោះថា ហ្វ៉ៃតូស្ទើរ៉ូល (Phytosterols)​ ដែលលទ្ធផលនៃការវិភាគបានបញ្ជាក់ច្បាស់ថា សារធាតុនេះជួយកាត់បន្ថយកូ​ឡេស្តេរ៉ូលអាក្រក់ (LDL) ដែលជាប្រភពកំណើតនៃរោគសរសៃឈាម និងបេះដូងហ្នឹងឯង ។

-បង្កើនថាមពលក្រោយពេលហាត់ប្រាណ

អ្នកដែលចូលចិត្តហាត់ប្រាណប្រហែលជាធ្លាប់បានឮហើយថា ឲ្យញ៉ាំចេកក្រោយពេលហាត់ប្រាណដើម្បីបង្កើនថាមពលឡើងវិញ តែបើនរណាមិនចូលចិត្តចេក សូមសាកល្បងប្តូរមកទទួលទានល្ពៅចំហុយម្តងវិញលមើល ព្រោះនៅក្នុងសាច់ល្ពៅមាន ប៉ូតាស្យូម ខ្ពស់ដល់ទៅ 564 មិល្លីក្រាម ច្រើនជាងផ្លែចេកទុំដែលមានត្រឹមតែ 422 មិល្លីក្រាមប៉ុណ្ណោះ។

ដែលប៉ូតាស្យូមនេះ នឹងជួយស្តារស្ថានភាពរាងកាយក្រោយពេលហាត់ប្រាណយ៉ាងខ្លាំងក្លារួចមក ព្រមទាំងមើលថែទាំការធ្វើ​ការ​របស់សាច់​ដុំឲ្យអាចធ្វើការបានល្អដូចដើមទៀតផង ។

គុណប្រយោជន៍គ្រប់គ្រឿងបែបនេះ បើអ្នកណាមិនទទួលទានផ្លែល្ពៅទៀត ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់ តែក៏សូមដាស់តឿនបន្តិចដែរថា ដោយសារតែសាច់ល្ពៅមានឥទ្ធិពលក្តៅ បើទទួលទានច្រើនពេកអាចនឹងធ្វើឲ្យឆ្អល់ពោះ ក្តៅក្នុង និងមានអារម្មណ៍ថាស្រេកទឹក ដូច្នេះគួរពិសាតែសមល្មមបានហើយ ៕

Advertisement