វិថីចាប់ផ្ដើមអាជីវកម្មដ៏លំបាក និងជោគជ័យរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងCOVID-19 ឈ្មោះ Moderna

វិថីចាប់ផ្ដើមអាជីវកម្មដ៏លំបាក និងជោគជ័យរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងCOVID-19 ឈ្មោះ Moderna

ក្រុមហ៊ុន Moderna ដើមឡើយមានទុនស្ដួចស្ដើងពេក មិនអាចទាក់ទាញបានក្រុមមនុស្សដែលមានទេពកោសល្យខ្ពស់ដូចគេ ហើយម៉្យាងទៀតក៏ទទួលរងការសង្ស័យចំពោះវិធីសាស្ត្រផលិតឱសថបែបថ្មី ដែលមិនធ្លាប់មានពីមុនមក។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី11សីហា ប្រធានាធិបតី Donald Trump បានប្រកាសថា សម្រេចបានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Moderna ដែលមានតម្លៃ 1.5ពាន់លានដុល្លារ ក្នុងការផលិតវ៉ាក់សាំងCOVID-19 ចំនួន100លានឈុត។ ក្រុមហ៊ុន Moderna សហការជាមួយនាយកដ្ឋានសុខាភិបាលជាតិសហរដ្ឋអាមេរិក (NIH) កំពុងតែសាកល្បងប្រើប្រាស់វ៉ាក់សាំងCOVID-19 ដំណាក់កាលទី3 ដែលមានឈ្មោះថា mRNA-1273។

Moderna គឺជាក្រុមហ៊ុនមួយដែលត្រូវបានរួមបង្កើត និងដឹកនាំដោយ Noubar Afeyan។ លោក Noubar Afeyan មានស្រុកកំណើតនៅលីបង់ ក្នុងគ្រួសារមួយដែលមានឪពុកម្ដាយជាជនជាតិអាមេនី (Armenia) ប៉ុន្តែ ពួកគេបានទៅរស់នៅឯប្រទេសកាណាដាកាលពីនៅក្មេង។ ក្រោយពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ លោក Noubar Afeyan បានទៅរៀននៅសហរដ្ឋអាមេរិក រួចក៏ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកជីវសាស្ត្រពីវិទ្យាស្ថានជីវបច្ចេកវិទ្យា Massachusetts (MIT)។ លោក Noubar Afeyan បានបង្កើតក្រុមហ៊ុន Moderna កាលពីលោកនៅមានអាយុ24ឆ្នាំ និងបានគ្រប់គ្រងវាក្នុងរយៈពេល10ឆ្នាំ។

ក្នុងគ្រានោះ លោកថែមទាំងធ្លាប់ជាស្ថាបនិក និងសហស្ថានិកក្រុមហ៊ុនចំនួន5ផ្សេងទៀតផងដែរ។ ជាសរុប បច្ចុប្បន្ន លោក Afeyan កាន់កាប់ប័ណ្ណកម្មសិទ្ធបញ្ញាចំនួនជាង100 និងជាសហស្ថាបនិកនៃក្រុមហ៊ុនចំនួន38ឯណោះ។ ឆ្នាំ2009 លោកបានចូលរួមបង្កើតក្រុមហ៊ុន Moderna ដែលមានទីស្នាក់ការកណ្ដាលនៅ Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក។

វិថីចាប់ផ្ដើមអាជីវកម្មដ៏លំបាក និងជោគជ័យរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងCOVID-19 ឈ្មោះ Moderna
លោក Noubar Afeyan មានស្រុកកំណើតនៅលីបង់ ក្នុងគ្រួសារមួយដែលមានឪពុកម្ដាយជាជនជាតិអាមេនី (Armenia)

ក្រុមហ៊ុន Moderna បានរងការសង្ស័យជាច្រើនរាប់ចាប់ពីទើបត្រូវបានបង្កើតឡើងមកម្លេះ ទាក់ទិននឹងវិធីសាស្ត្រថ្មីក្នុងការផលិតឱសថទៅតាមបច្ចេកវិទ្យា mRNA ដែលមិនធ្លាប់មានពីមុនមក និងមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ និងទទួលស្គាល់នៅឡើយ ហើយច្រើនឆ្នាំក្រោយការបង្កើត ក្រុមហ៊ុននេះក៏មិនទាន់បានបញ្ចេញប្រភេទថ្នាំណាមួយទៅក្នុងទីផ្សារនោះដែរ។ កាលពីទើបតែបានបង្កើតក្រុមហ៊ុន លោក Afeyan មានទុនត្រឹមតែ2លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលនេះមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីទាក់ទាញអ្នកវិទ្យាសាស្ត្រឆ្នើមៗមកធ្វើការឡើយ។

ឆ្នាំ2011 លោក Afeyan បានទៅរក Stéphane Bancel ដែលជាវិស្វករជើងចាស់ ធ្លាប់ធ្វើជាមេដឹកនាំនៅក្នុងក្រុមហ៊ុនផលិតឱសថ Eli Lilly និង bioMerieux។

ថ្វីបើបានទទួលយកការអញ្ជើញរបស់ Afeyan ប៉ុន្តែ Stéphane Bancel នៅតែមានការសង្ស័យ។ លោក Stéphane Bancel ថ្លែងថា៖ “ខ្ញុំបានពិនិត្យទៅលើបច្ចេកវិទ្យារបស់ពួកគេ ហើយនិយាយថា “មិនអាចទៅរួច”។ Stéphane Bancel បានយល់ព្រមជួយធ្វើកិច្ចការឱ្យ Afeyan ក្រោយពីមានការបញ្ចុះបញ្ចូលថា វិធីសាស្ត្រថ្មីក្នុងការផលិតឱសថនេះ នឹងមានប្រសិទ្ធភាព ហើយ Moderna អាចអភិវឌ្ឍវ៉ាក់សាំងរាប់រយប្រភេទនាពេលខាងមុខ។

វិថីចាប់ផ្ដើមអាជីវកម្មដ៏លំបាក និងជោគជ័យរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងCOVID-19 ឈ្មោះ Moderna
លោក Stéphane Bancel បច្ចុប្បន្ន​ជា​ CEO របស់​ក្រុម​ហ៊ុន​ Moderna

ឆ្នាំ2013 Stéphane Bancel បញ្ចុះបញ្ចូលក្រុមហ៊ុនចែកចាយឱសថ AstraZeneca បានដោយជោគជ័យ ដោយក្រុមហ៊ុននេះ ត្រូវបង់ប្រាក់240លានដុល្លារសម្រាប់កម្មសិទ្ធិបញ្ញានៃឱសថនានាដែលត្រូវបានផលិតចេញពីការស្រាវជ្រាវរបស់ Moderna។ ក្រោយមក Moderna ក៏បានសហការជាមួយ Merk ដើម្បីអភិវឌ្ឍវ៉ាក់សាំងទប់ស្កាត់ជំងឺមហារីក និងវ៉ាក់សាំងជាច្រើនប្រភេទផ្សេងទៀត។ ឆ្នាំ2018 Moderna ប្រមូលទុនបាន500លានដុល្លារពី Pictet Group, Arrowmark Partners, Viking Global Investors និងអ្នកវិនិយោគជាច្រើនទៀត។

យ៉ាងនេះក្ដី កាលពីដើមឆ្នាំនេះ Moderna នៅតែជាក្រុមហ៊ុនមួយដែលមិនមានគេស្គាល់ច្រើននៅឡើយ រហូតដល់ពួកគេផលិតវ៉ាក់សាំងCOVID-19 ដែលត្រូវបានវាយតម្លៃថា មានសក្តានុពលខ្លាំង និងត្រូវបានយកទៅប្រើប្រាស់សាកល្បងជាមួយនឹងល្បឿនយ៉ាងលឿនមិនធ្លាប់មាន។ Moderna គឺជាឈ្មោះនាំមុខគេនៅក្នុងការ “រត់ប្រណាំង” ដើម្បីផលិតវ៉ាក់សាំងCOVID-19 នៅសហរដ្ឋអាមេរិក ដោយប្រជែងជាមួយនឹងក្រុមហ៊ុនផលិតឱសថធំៗនៅទីនេះ។ Bill Gates ក៏ធ្លាប់បានសរសេរនៅលើទំព័រ Washington Post ថា លោក “ពិតជារំភើប” ជាមួយនឹងបច្ចេកវិទ្យា mRNA នេះខ្លាំងណាស់។

នៅខាង​ក្នុង​នៃ​មន្ទីរ​ពិសោធន៍​របស់​ក្រុម​ហ៊ុន​ Moderna នៅ​សហរដ្ឋ​អាមេរិក

បន្ទាប់ពីបាននាំវ៉ាក់សាំងCOVID-19 ទៅប្រើប្រាស់សាកល្បងនៅនាយកដ្ឋាន NIH លោក Bancel បានថ្លែងប្រាប់ Business Insider ថា “បើសិនជា Moderna ប្រើប្រាស់បច្ចេកវិទ្យាបុរាណដើម្បីអភិវឌ្ឍវ៉ាក់សាំង នោះបច្ចុប្បន្នប្រហែលជាក្រុមហ៊ុននេះកំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ ហើយវាក៏ប្រហែលជានឹងមិនអាចចាប់ផ្ដើមផលិតដូចអ្វីដែលទទួលបាននាពេលនេះនោះដែរ”។

ដោយសារតែមានការជឿនលឿនក្នុងការផលិតវ៉ាក់សាំងCOVID-19 មូលបត្ររបស់ Moderna នៅលើផ្សារហ៊ុន Nasdaq បានកើនឡើងខ្ពស់ជាង3ដង បើធៀបនឹងដើមឆ្នាំ2020។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានបុគ្គលិកធ្វើការពេញម៉ោងប្រមាណជា820នាក់ ជាមួយនឹងតម្លៃទុនក្នុងទីផ្សារឡើងដល់27ពាន់លានដុល្លារអាមេរិក៕

ប្រភព៖ WSJ, Forbes

Advertisement