តើត្រូវមើលថែទាំខ្លួនយ៉ាងណា នៅពេលកើតជំងឺក្រពះ?

ក្នុងសង្គមបច្ចុប្បន្ននេះមានតែការប្រកួតប្រជែង ធ្វើឱ្យការរស់នៅពីមួយថ្ងៃទៅមួយថ្ងៃរបស់មនុស្សគ្រប់រូបត្រូវតែប្រញាប់ប្រញាល់ទៅតាមនោះដែរ ដែលជាហេតុធ្វើឱ្យសុខភាពរបស់មនុស្សនៅក្នុងសង្គមកាន់តែយ៉ាប់ឡើងៗ ហើយបញ្ហាខាងសុខភាពដែលជួបប្រទះញឹកញាប់នោះគឺ ការកើតដំបៅក្នុងក្រពះ ឬពោះវៀនតូចផ្នែកគល់ ដែលជាទូទៅយើងតែងនាំគ្នាហៅថា “ជំងឺក្រពះ”។

ជំងឺក្រពះ ជាជំងឺមួយដែលជួបប្រទះញឹកញាប់ ប្រៀបដូចថា មនុស្សទូទៅមានឱកាសកើតរោគនេះក្នុងអំឡុងពេលណាមួយរបស់ជីវិតក៏បាន ដោយការកើតដំបៅក្នុងក្រពះច្រើនជួបនៅលើមនុស្សវ័យកណ្តាល ខណៈដែលការកើតដំបៅនៅលើផ្នែកគល់នៃពោះវៀនតូចច្រើនជួបប្រទះនៅលើមនុស្សវ័យកំលោះក្រមុំ។ យ៉ាងណាក៏ដោយការកើតដំបៅនៅក្នុងក្រពះ ឬដំបៅនៅលើគល់ពោះវៀនតូច អាចកើតឡើងបាននៅលើមនុស្សគ្រប់ភេទ និងគ្រប់វ័យ។

មូលហេតុ បណ្តាលមកពីការហូរចេញមកនៃអាស៊ីតក្នុងក្រពះច្រើនជ្រុលពេក រួមជាមួយភាពទប់ទល់នឹងអាស៊ីតរបស់សាច់ភ្នាសក្រពះ និងពោះវៀនថយចុះ ទើបធ្វើឱ្យមានដំបៅកើតឡើង និងបច្ចុប្បន្ននៅរកឃើញថា មានបច្ច័យបន្ថែមផ្សេងទៀតជាច្រើនដែលធ្វើឱ្យកើតជំងឺក្រពះបានដែរ។

អាការរបស់ជំងឺក្រពះច្រើនតែមានអាការឈឺផ្សារ ឈឺអួល ចុកណែននៅម្តុំចុងដង្ហើម។ អាការឈឺចុកទាំងនេះអាចកើតឡើងទាំងមុនពេលញ៉ាំអាហារ ឬក្រោយពេលញ៉ាំអាហាររួចថ្មី និងពេលពោះទំនេរ ដូចជា ពេលឃ្លានបាយ ពេលព្រឹកព្រលឹម ឬពេលយប់ជ្រៅក៏អាចឈឺចុកបានដូចគ្នា។ អាការឈឺបាត់ ឈឺបាត់ កើតឡើងក្នុងមួយថ្ងៃច្រើនដង ឬតាមពេលបាយ និងពេលឈឺចុកម្តងៗយូរប្រមាណជា 15 – 30 នាទី ហើយអាការនឹងធូស្រាលទៅវិញ បើបានញ៉ាំអាហារ ញ៉ាំទឹកដោះគោ ឬញ៉ាំថ្នាំបញ្ចុះជាតិអាស៊ីតក្នុងក្រពះ។

ការមើលថែទាំខ្លួន

1 . ទទួលទានអាហារឱ្យទៀងពេល។

2 . ទទួលទានអាហារណាដែលក្រពះងាយស្រួលរំលាយ និងគួរទំពារឱ្យហ្មត់មុននឹងលេបចូលទៅក្នុងក្រពះ។

3 . ចៀសវាងពីអ្វីដែលធ្វើឱ្យឈឺក្រហាយក្រពះ ដូចជា ថ្នាំបំបាត់ការឈឺចាប់សន្លាក់ ថ្នាំអាស្ពីរីន ទឹកភេសជ្ជៈដែលមានជាតិហ្កាស អាហារដែលមានរសជាតិខ្លាំង(ហឹរខ្លាំង ប្រៃខ្លាំង ជូរខ្លាំង ជាដើម) ភេសជ្ជៈដែលមានជាតិអាល់កុល និងកាហ្វេអ៊ីន ដូចជា សូកូឡា តែ កាហ្វេ ជាដើម។

4 . តមជក់បារី។

5 . អាហារដែលត្រូវទទួលទានក្នុងមួយពេលៗ មិនគួរមានបរិមាណច្រើនជ្រុលពេកទេ។

6 . បើមានអារម្មណ៍ថា ធុញថប់តានតឹង ចូរព្យាយាមកាត់បន្ថយ ដូចជា ដោយការមើលកុន ស្តាប់ចម្រៀង ធ្វើសមាធិ ហ្វឹកហាត់សម្រួលសាច់ដុំ ជាដើម។

7 . ឧស្សាហ៍ហាត់ប្រាណ។

8 . ទទួលទានថ្នាំបញ្ចុះអាស៊ីតក្នុងក្រពះ ថ្នាំទឹក 1 – 2 ស្លាបព្រាបាយ ឬថ្នាំគ្រាប់ 1 – 2 គ្រាប់(ទំពាមុនលេប)មួយថ្ងៃ 4 ដង ព្រឹក ថ្ងៃ ល្ងាចក្រោយពេលបាយ 1 ម៉ោង និងមុនចូលគេង។ ករណីមានអាការចុកពោះមុនពេលត្រូវញ៉ាំថ្នាំ អាចញ៉ាំបន្ថែមបាន និងគួរទទួលទានថ្នាំឱ្យបានទៀងទាត់យ៉ាងហោចណាស់ 4 – 8 សប្តាហ៍។

9 . បើប្រតិបត្តិតាមចំណុចខាងលើហើយ អាការនៅតែមិនប្រសើរឡើងនោះ គួរទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យវិនិច្ឆ័យឱ្យបានច្បាស់លាស់៕

Advertisement