តើមានគ្រោះថ្នាក់ដល់រាងកាយដែរឬទេ បើចៃដន្យច្រឡំញ៉ាំអាហារដែលមានដុះផ្សឹតចូលទៅ?

“នំប៉័ងទើបតែទិញមកសោះ ឥលូវដុះផ្សឹតបាត់ទៅហើយ” រឿងបែបនេះអាចកើតឡើងចំពោះមនុស្សគ្រប់គ្នាបាន ជាពិសេសបំផុតក្នុងអំឡុងពេលដែលធាតុអាកាសទាំងក្តៅផង សើមផងបែបនេះ។ បើមើលឃើញមុនហើយថា នំមួយដុំនោះមានដុះផ្សឹត ហើយបោះវាចោលនោះ មិនអីទេ តែបើញ៉ាំវាចូលទៅក្នុងពោះអស់ទៅហើយ ទើបមើលឃើញជាក្រោយថាមានដុះផ្សឹតនោះ តើនឹងត្រូវធ្វើយ៉ាងណា?។

អ្នកជំនាញការខាងផ្នែកចំណីអាហាររបស់មហាវិទ្យាល័យ វើម៉ន់ត៍ បានណែនាំថា យើងត្រូវតែចៀសវាងពីការទទួលទាននំប៉័ង និង​អាហារដែលមានលក្ខណៈដូចជាមានដុះផ្សឹត ទោះជាយើងស្ថិតនៅក្នុងយុគសម័យរបស់គ្រប់ចំណីអាហារដែលសុទ្ធតែឆ្លងកាត់កម្មវិធីសម្លាប់​​​មេរោគមកយ៉ាងច្រើនហើយមែនក៏ដោយ តែក៏នៅតែមានឱកាសដែលយើងនឹងជួបមេរោគផ្សឹតនៅក្នុងចំណីអាហារបានដែរ។ បើសង្កេតឃើញថា នៅលើនំប៉័ងមានចំណុចតូចៗដែលអាចជាមេរោគផ្សឹតនោះ ចូរបោះវាចោលទាំងអស់តែម្តងទៅ។

ព្រោះមេរោគផ្សឹតមានលក្ខណៈជាសរសៃៗដូចសរសៃសក់តូចៗ និងស្តើងខ្លាំងណាស់ វាមានឬស និងរីករាលដាលចេញទៅសូម្បីតែក្នុងស្រទាប់ដែលយើងមើលមិនឃើញទៀតផង ដូច្នេះ បើឃើញមានមេរោគផ្សឹតត្រឹមតែចំណុចតូចមួយនៅលើដុំនំប៉័ង ចូរបោះវាចោលទាំងអស់ទៅ ហើយការចៀសវាងពីការញ៉ាំមេរោគផ្សឹតចូលទៅនោះ មានតែវិធីមួយគត់គឺ ពិនិត្យមើលឱ្យបានច្បាស់។

តែចុះបើសិនយើងច្រឡំញ៉ាំចំណីអាហារដែលមានមេរោគផ្សឹតចូលទៅបាត់ហើយនោះ តើត្រូវធ្វើយ៉ាងម៉េចស្រួលទៅ?

មេរោគផ្សឹតនៅលើនំប៉័ងបន្តិចបន្តួច មិនជាគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ អ្នកខ្លះមានកង្វល់ខ្លាំងណាស់ថា មេរោគផ្សឹតគឺជាសារធាតុពុល និងនៅអាចបង្កឱ្យកើតអាការប្រតិកម្មចាញ់ទៀតផង តែមិត្តអ្នកអានជឿដែរទេថា មេរោគផ្សឹតធម្មតាៗមួយប្រភេទដែលហៅថា ផេនីស៊ីលៀម ដែលជាផ្សឹតពណ៌បៃតងៗនៅលើនំប៉័ងនោះ យើងយកវាមកធ្វើជាវត្ថុធាតុដើមរបស់ថ្នាំបដិបក្ខប្រាណដែលមានឈ្មោះថា “ផេនីស៊ីលីន” បានទៀតផង តែសម្រាប់អ្នកដែលមានប្រតិកម្មចាញ់មេរោគផ្សឹត ហើយចៃដន្យច្រឡំញ៉ាំចូលទៅវិញនោះ អាចនឹងមានគ្រោះថ្នាក់បាន អាការប្រតិកម្មចាញ់អាចធ្ងន់ធ្ងរដល់ថ្នាក់សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម រហូតទៅដល់គាំងបេះដូងបានទៀតផង។

តែបើសិនគ្មានប្រតិកម្មចាញ់ និងច្រឡំញ៉ាំមេរោគផ្សឹតចូលទៅហើយនោះ ក៏មិនចាំបាច់ភ្ញាក់ផ្អើលអ្វីដែរ ព្រោះមេរោគផ្សឹតនឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់រាងកាយយើងបាន លុះត្រាណាតែក្នុងករណីដែលញ៉ាំជាបន្តបន្ទាប់រយៈពេលយូរតែប៉ុណ្ណោះ។

តើយើងនឹងចៀសវាងពីមេរោគផ្សឹតយ៉ាងណាបាន?

1 . ការឧស្សាហ៍សង្កេតមើលចំណីអាហារដែលប្រុងទិញ និងមុនពេលទទួលទាន ការហឹតមិនអាចជួយអ្វីបានឡើយ ព្រោះមេរោគផ្សឹតគ្មានក្លិនទេ និងសាកល្បងសង្កេតមើលខ្លួនឯងថា តើមានកើតអាការប្រតិកម្មចាញ់ផ្សេងៗដូចជា តឹងច្រមុះ រមាស់ ហូរទឹកភ្នែក ហៀរសំបោរ រមាស់ផ្ទៃមុខដោយសារការញ៉ាំអាហារដែរឬទេ?។

2 . គួររក្សាអនាម័យខាងក្នុងផ្ទះឱ្យបានល្អ ព្រោះវាជារឿងដំបូងគេដែលត្រូវធ្វើដើម្បីការពារមេរោគផ្សឹត ក្រៅពីនេះមេរោគផ្សឹតនៅអាចរីកធំធាត់ និងបន្សាយស័្ពរចេញទៅលើរបស់របរផ្សេងៗដែលស្ថិតនៅក្នុងបរិវេណនោះទៀតផង ដូច្នេះនៅក្នុងទូទឹកកក ក្រណាត់ជូតចាន ភាជនៈដាក់ចំណីអាហារ ឬសូម្បីតែតុត្រៀមម្ហូបអាហារនៅក្នុងផ្ទះបាយ ក៏អាចនឹងមានស័្ពររបស់មេរោគផ្សឹតតោងជាប់ដែរ ទើបគួរតែលាងជូតសម្អាតឱ្យបានញឹកញាប់។

3 . មេរោគផ្សឹតរីកធំធាត់បានល្អណាស់នៅក្នុងកន្លែងដែលសើម បើសិនជាអាចទៅរួច គួរតែគ្រប់គ្រងកម្រឹតភាពសើមខាងក្នុងផ្ទះកុំឱ្យលើស 40 %។

4 . គួរលាងជូតសម្អាតខាងក្នុងទូទឹកកកឱ្យបានញឹកញាប់ យ៉ាងហោចណាស់ក៏មួយខែ ឬពីរខែម្តងដែរ ដោយការយកម្សៅបេកឃីងសូដា មករលាយជាមួយទឹក ហើយជូតសម្អាត និងចំណុចណាដែលគួរឱ្យសង្ស័យថាមានមេរោគផ្សឹតនោះ ចូរយកទឹកខ្មេះលាយជាមួយទឹក មកដុសខាត់ចេញ។ ចំណែកក្រណាត់ជូតចាន បើចាប់ផ្តើមមានក្លិនហើយ ចូរយកទៅបោះចោលតែម្តងទៅល្អជាងយកមកបោកគក់ហើយប្រើម្តងទៀត ព្រោះវាអាចជាការបើកឱកាសឱ្យមេរោគផ្សឹតរីករាលដាលក្នុងផ្ទះបាន៕

Advertisement