“បើមិនពាក់ម៉ាស់ការពារទេ” មានការព្យាករថា កូវីដ-19 នឹងសម្លាប់ជីវិតជនជាតិអាមេរិក លើស 224,000នាក់ នាដើមខែវិច្ឆិកា

“បើមិនពាក់ម៉ាស់ការពារទេ” មានការព្យាករថា កូវីដ-19 នឹងសម្លាប់ជីវិតជនជាតិអាមេរិក លើស 224,000នាក់ នាដើមខែវិច្ឆិកា

មហាវិទ្យាល័យវ៉ាស៊ីនតោន បានផ្សព្វផ្សាយរបាយការណ៍ដាស់តឿនថ្មីចុងក្រោយបំផុតមួយ ដោយបានប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់ដោយសារកូវីដ-19 នៅសហរដ្ឋអាមេរិក នឹងហក់ឡើងលើស 224,000នាក់ នៅថ្ងៃទី1 វិច្ឆិកា ជាកែសម្រួលពីការព្យាករកាលពីលើកមុន 16,000នាក់ ដោយសារតែចំនួនអ្នកឆ្លងមេរោគ និងអ្នកចូលព្យាបាលនៅក្នុងមន្ទីរពេទ្យបានកើនឡើងនៅក្នុងរដ្ឋជាច្រើនទូទាំងសហរដ្ឋអាមេរិក។

យ៉ាងណាក៏ដោយ ក្នុងការព្យាករចុងក្រោយបំផុត ស្ថាប័នវាស់វែង និងវាយតម្លៃផ្នែកសុខភាព នៃមហាវិទ្យាល័យវ៉ាស៊ីនតោន(IHME) ដែលបានផ្សព្វផ្សាយកាលពីពេលព្រលប់ថ្ងៃអង្គារ(ទី14កក្កដា) បានប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់អាចនឹងថយចុះ 40,000នាក់ បើសិនជាប្រជាជនអាមេរិកគ្រប់រូប រួមចិត្តរួមកាយគ្នា ពាក់ម៉ាស់ការពារក្នុងទីសាធារណៈ។

ស្ថាប័នវាស់វែង និងវាយតម្លៃផ្នែកសុខភាព នៃមហាវិទ្យាល័យវ៉ាស៊ីនតោន បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា “មានការនាំគ្នាពាក់ម៉ាស់អនាម័យការពារច្រើនជាងមុន តែក៏មិនច្រើនគ្រប់គ្រាន់ឡើយ។ បើសិន 95% នៃប្រជាជនអាមេរិក នាំគ្នាពាក់ម៉ាស់ការពារគ្រប់គ្រា ពេលដែលចេញទៅក្រៅផ្ទះ អត្រាការឆ្លងមេរោគ នឹងថយចុះ ចំនួនអ្នកចូលព្យាបាលនៅតាមមន្ទីរពេទ្យ នឹងថយចុះ និងរំពឹងថា ចំនួនអ្នកស្លាប់ ក៏នឹងថយចុះទៅតាមនោះដែរ”។

ការសន្និដ្ឋានជាថ្មី របស់ស្ថាប័នវាស់វែង និងវាយតម្លៃផ្នែកសុខភាព នៃមហាវិទ្យាល័យវ៉ាស៊ីនតោននេះ បានធ្វើឡើង ក្រោយពីរដ្ឋអាឡាបាម៉ា, ហ្វ្លរីដា និងណូស ខារ៉ូឡៃណា កាលពីថ្ងៃអង្គារ(ទី14កក្កដា) ដោយបានរាយការណ៍ពីការរកឃើញអ្នកស្លាប់ដោយសារកូវីដ-19 ប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីមានការឆ្លងរាលដាល ក្លាយជាភាពជោគជ័យដ៏សែនសោកសៅ នៃការឆ្លងរាតត្បាតរលកទី2 ដែលកំពុងវាយលុកទីតាំងផ្សេងៗស្ទើរតែទូទាំងសហរដ្ឋអាមេរិក។

ក្នុងតួលេខព្យាករជាថ្មីនេះ ស្ថាប័នវាស់វែង និងវាយតម្លៃផ្នែកសុខភាព នៃមហាវិទ្យាល័យវ៉ាស៊ីនតោន បានសន្និដ្ឋានថា នឹងមានប្រជាជនអាមេរិកស្លាប់ដោយសារកូវីដ-19 កើនឡើងដល់ 224,089នាក់ នៅថ្ងៃទី1 ខែវិច្ឆិកា ពីចំនួនដើម 208,254នាក់ ដូចដែលធ្លាប់បានព្យាករទុកកាលពីថ្ងៃទី7 កក្កដា។

តាមរយៈការរាប់របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា រហូតមកដល់ពេលនេះ មានពលរដ្ឋអាមេរិកាំងយ៉ាងតិច 136,052នាក់រួចហើយ បានស្លាប់ដោយសារកូវីដ-19 ពីចំនួនអ្នកឆ្លងមេរោគនេះប្រមាណជា 3.4លាននាក់។

ទាំងអស់នេះ កាលពីពេលកន្លងមក តួលេខព្យាកររបស់ស្ថាប័នវាស់វែង និងវាយតម្លៃផ្នែកសុខភាព នៃមហាវិទ្យាល័យវ៉ាស៊ីនតោន ធ្លាប់ត្រូវបានមន្ទីរសេតវិមាន យកទៅអះអាងរួចមកហើយ និងបានទទួលការតាមសង្កេតមើលយ៉ាងជិតដិត ពីបណ្ដាក្រុមមន្ត្រីសុខភាពសាធារណៈ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement