ក្រុមវេជ្ជបណ្ឌិតនិងគ្រូពេទ្យចំនួន93នាក់ បានចូលរួមក្នុងការវះកាត់ផ្ដាច់រាងកាយជាប់គ្នារបស់ទារិកាភ្លោះមួយគូដោយជោគជ័យ បន្ទាប់ពីបានចំណាយពេល13ម៉ោងនិង40នាទីប្រកបដោយភាពតានតឹង និងសប្បាយរីករាយ។
កាលពីម្សិលមិញ (15កក្កដា) ទារិកា Dieu Nhi និង Truc Nhi អាយុ13ខែ ដែលមានរាងកាយជាប់គ្នានៅត្រង់ពោះ ទទួលបានការវះកាត់ផ្ដាច់រាងកាយចេញពីគ្នា នៅឯមន្ទីរពេទ្យកុមារក្រុងហូជីមិញ។ នៅទីនេះ ក្រុមវេជ្ជបណ្ឌិតនិងជំនួយការចំនួន93នាក់ មកពីមន្ទីរពេទ្យនានាក្នុងតំបន់ភាគខាងត្បូងប្រទេសវៀតណាម បានបែងចែកការវះកាត់នេះជា11វគ្គ ដើម្បីត្រៀមសម្រាប់ការវះកាត់នេះ។
ទារិកាភ្លោះជាប់គ្នានេះគឺជាប្រភេទ ischiopagus tetrapus ជាករណីកម្របំផុត ដោយមានប្រមាណជា6%ប៉ុណ្ណោះ ក្នុងចំណោមទារកមានរាងកាយជាប់គ្នានៅទូទាំងពិភពលោក។ អំពីប្រព័ន្ធរំលាយអាហារ ទារិកាភ្លោះនេះ មានពោះវៀនជាមួយគ្នា និងមានរន្ធគូទតែមួយគត់។ អំពីតម្រងនោមវិញ ទារិកាទាំងនេះមានក្រពះនោម (ប្លោកនោម) ចំនួន2 ស្ថិតនៅចំហៀងខាងឆ្វេងនិងខាងស្ដាំនៃពោះវៀនរួមរបស់ពួកគេ។ ក្រពះនោមនីមួយៗ ទទួលទឹកនោមពីបំពង់បង្ហូរទឹកនោមផ្សេងៗគ្នា។ ទារិកាភ្លោះនេះមានឆ្អឹងល្អាងត្រគាកតម្រៀបគ្នាជារង្វង់មូល។
ដើម្បីចៀសវាងការភាន់ច្រឡំសម្រាប់ក្រុមវេជ្ជបណ្ឌិត និងឧបករណ៍វះកាត់ ក្រុមជំនួយការបានបិទក្រដាសសម្គាល់ពណ៌ក្រហមលើទារិកាឈ្មោះ Truc Nhi (ឆ្វេង) និងក្រដាសពណ៌ខៀវទៅលើ Dieu Nhi។ ដំណាក់កាលនៃការសណ្ដំ បានអូសបន្លាយពេលជិត3ម៉ោង រាប់ចាប់ពីម៉ោង6និង30នាទីព្រឹក។
វេជ្ជបណ្ឌិត Truong Quang Dinh នាយកមន្ទីរពេទ្យកុមារក្រុង បានដឹកនាំការវះកាត់នេះ។ ម៉ោង7និង30នាទី ក្រុមវេជ្ជបណ្ឌិតបានពិគ្រោះគ្នាជាលើកចុងក្រោយដើម្បីកំណត់ឱ្យបានច្បាស់ឡើងវិញអំពីវិធីសាស្ត្រ និងដំណាក់កាលសហការគ្នាជាមួយនឹងក្រុមផ្សេងៗ មុននឹងចាប់ផ្ដើមវះកាត់។
ក្រុមវេជ្ជបណ្ឌិតមានការប្រុងប្រយ័ត្នខ្ពស់បំផុត នៅពេលដែលទារិកាឈ្មោះ Truc Nhi ជួបបញ្ហាបន្តិចបន្តួចក្នុងពេលសណ្ដំ។ សំណាងល្អ ក្នុងរយៈពេលជាង13ម៉ោងនៃការវះកាត់ ទារិកាភ្លោះនេះមិនមានបញ្ហាអ្វីនោះឡើយ ហើយសញ្ញានៃការរស់រានមានជីវិតគឺស្ថិតនៅក្នុង “តំបន់សុវត្ថិភាព”។
វេជ្ជបណ្ឌិតដែលទទួលភារកិច្ចជាអ្នកវះកាត់ផ្ទាល់ ត្រូវពាក់កែវពង្រីក ដើម្បីមើលឱ្យឃើញច្បាស់បំផុត និងដើម្បីធានាសុវត្ថិភាពដល់ទារិកាទាំងនេះ។
ការវះកាត់ដែលនឹងប្ដូរផ្លាស់វាសនារបស់ទារិកាភ្លោះនេះ ត្រូវបានចាប់ផ្ដើមដោយវេជ្ជបណ្ឌិត Truong Quang Dinh នៅវេលាម៉ោង9និង51នាទី។ ក្រោយមក វេជ្ជបណ្ឌិត Tran Van Duong មកពីមន្ទីរពេទ្យ Cho Ray ចាប់ផ្ដើមបើកពោះនិងផ្ដាច់រាងកាយចេញពីគ្នា។ ក្រុមវេជ្ជបណ្ឌិតជំនាញខាងវះកាត់ទូទៅបានចូលមកពិនិត្យគ្រឿងក្នុង និងចាប់ផ្ដើមវះកាត់ចែកពោះវៀនដែលជាប់គ្នាជា2ចំណែកទៅតាមការកំណត់មុននេះ។
នៅវេលាម៉ោង14និង07នាទី ក្រុមវេជ្ជបណ្ឌិតបានទទួលជោគជ័យក្នុងការវះកាត់ផ្ដាច់រាងកាយចេញពីគ្នា។ ទារិកាទាំងក៏ត្រូវបានដាក់នៅក្នុងគ្រែវះកាត់ផ្សេងៗគ្នា ហើយជីវិតដោយឡែក និងប្រកបដោយភាពធម្មតា បានចាប់ផ្ដើមជាផ្លូវការចាប់ពីវិនាទីនេះតទៅ។
ម៉ោង18និង45នាទី ករណីវះកាត់ជាប្រវត្តិសាស្ត្រនេះត្រូវបានបញ្ចប់ជាស្ថាពរ។ ក្រុមវេជ្ជបណ្ឌិតបានវះកាត់ផ្ដាច់រាងកាយ និងបង្កើតអវយវះខាងក្នុងថ្មីមួយចំនួន រួមនឹងការតម្រៀបគ្រឿងក្នុងឡើងវិញ និងដេរភ្ជាប់រាងកាយទាំងស្រុងដោយជោគជ័យ។
ប៉ុន្តែ “រយៈពេលនៃការព្យាបាល និងថែទាំ គឺត្រូវប្រើពេលយូរទៅមុខទៀត” នេះបើតាមវេជ្ជបណ្ឌិត Dinh។ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត Tran Dong A ដែលធ្លាប់ធ្វើជាប្រធាននៃការវះកាត់ទារកភ្លោះជាប់គ្នាជាច្រើនករណីនៅវៀតណាម បានវាយតម្លៃខ្ពស់ទៅលើជោគជ័យនៃការវះកាត់លើកនេះផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស