Skip to content

មនុស្សជិត ៧០០០នាក់អះអាងថា ខ្លួនបានបាត់បង់ទឹកប្រាក់ជាង ២ពាន់លានបាត តាមរយៈអាជីវកម្មពីរ៉ាមីតរបស់ក្រុមហ៊ុន ដឺ អាយ​ខុន​ គ្រុប

មនុស្សសរុបចំនួន ៦,៩៧៩នាក់បានដាក់ពាក្យបណ្ដឹង និងប្រកាសពីទំហំទឹកប្រាក់ខាតបង់ចំនួនជាង២ពាន់លានបាត ទាក់ទងនឹងការចូលរួមរបស់ពួកគេនៅក្នុងអាជីវកម្មលក់ផ្ទាល់របស់ ដឺ អាយ​ខុន​ គ្រុប ហើយនៅពេលនេះការិយាល័យ​ស៊ើប​អង្កេត​កណ្តាលនៃប្រទេសថៃក៏​គ្រោង​នឹង​ចោទ​ប្រកាន់​បន្ថែម​ទៀតទៅ​លើ​ជន​សង្ស័យទាំង១៨រូបនៅក្នុងគម្រោង ដឺ អាយ​ខុន​ គ្រុប​ ពី​បទ​លាង​លុយ​កខ្វក់ ការ​ខ្ចី​ប្រាក់​ក្លែង​បន្លំ និង​ការ​ប្រមូល​ផ្ដុំ​ដោយ​ខុស​ច្បាប់ ដោយមានមនុស្ស​ជា​ច្រើន​​នៅ​ក្នុង​ប្រទេស​ថៃ និងនៅ​ប្រទេស​ផ្សេង​ទៀត​កំពុង​ប្រមូល​ភស្តុតាងបន្ថែម ដូច្នេះជនសង្ស័យនៅក្នុងគម្រោង ដឺ អាយ​ខុន ទាំង១៨រូប គឺកំពុងប្រឈមជាមួយការចោទប្រកាន់បន្ថែម ដែលធ្វើឱ្យទម្ងន់ទោសទណ្ឌរបស់ពួកគេនឹងកាន់តែធ្ងន់ធ្ងរឡើងថែមទៀត។

អគ្គស្នងការនគរបាលជាតិ លោក Pol Gen Kitrat Phanphet បានប្រាប់ឱ្យដឹងកាលពីថ្ងៃអង្គារ ទី២២នេះថា រវាងថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែតុលានេះ មនុស្សសរុបចំនួន៦,៩៧៩នាក់ បានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យស៊ើបអង្កេតកណ្តាល CIB និងនៅស្ថានីយ៍ប៉ូលីសទូទាំងប្រទេសថៃ ដោយពាក្យបណ្តឹងទាំងអស់បានរាយការណ៍ពីការខូចខាតសរុបចំនួនទឹកប្រាក់រហូតដល់២,០៤៦លានបាត។

លោក Pol Gen Kitrat ក៏បានបន្តទៀតថា កាលពីថ្ងៃអង្គារកន្លងទៅប៉ុន្មានថ្ងៃនេះ ប៉ូលីសថៃបានស្វែងរកទីតាំងចំនួន១១ទីតាំងបន្ថែមទៀត ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ដឺ អាយ​ខុន​ គ្រុប​ និងជនសង្ស័យទាំង១៨រូបខាងលើ ហើយក្រុមស៊ើបអង្កេតកំពុងប្រមូល និងចងក្រងភស្តុតាង ស្នើសុំដីកាចាប់ខ្លួនពីតុលាការ ដើម្បីចុះចាប់ខ្លួនក្រុមជនសង្ស័យក្រុមទីពីរដែលពាក់ព័ន្ធនឹងគម្រោងឆបោកខ្នាតធំមួយនេះបន្តទៀត ដោយលោក​បានអះអាង​ចំពោះ​អ្នក​សារព័ត៌មាន​ថា ជន​ណា​ដែលប៉ូលីស​រក​ឃើញ​ថា​ពាក់ព័ន្ធ​នឹង​គម្រោងឆបោកមួយនេះនឹងប្រឈម​មុខ​​ការ​ចាត់​វិធាន​ការ​តាមផ្លូវ​ច្បាប់នៃប្រទេសថៃ ​មិន​ថា​ពួកគេ​ជា​នរណា​នោះ​ទេ។

ក្នុងនោះក៏មានអ្នកចោទសួរថា តើអ្នកនាង Iyada Kantathavorn ភរិយារបស់ពិធីករទូរទស្សន៍ដ៏មានប្រជាប្រិយភាព និងជាតារាសម្តែង លោក Kan Kantathavorn ស្ថិតនៅក្នុងចំណោមជនសង្ស័យក្រុមទី២នេះដែរឬទេ? នាយឧត្តមសេនីយ៍ Kitrat បានបញ្ជាក់ប្រាប់ថា លោកមិនបានឃើញឈ្មោះរបស់អ្នកនាងនៅក្នុងបញ្ជីជនសង្ស័យនោះទេ ហើយក៏មិន​មាន​របាយការណ៍​ណា​មួយបានបញ្ជាក់​ថា​អ្នកនាង​កំពុងមានសកម្មភាពរត់គេចចេញ​ពី​ប្រទេស​ថៃនោះ​ដែរ។

នាយឧត្តមសេនីយ៍ Sophon Saraphat ស្នងការរង CIB បានប្រាប់ឱ្យដឹងថា ប៉ូលីសកំពុងពិនិត្យមើលរបាយការណ៍អំពីការផ្ទេរទ្រព្យសម្បត្តិរបស់ជនដែលពាក់ព័ន្ធនឹងករណីឆបោកនេះ ហើយមន្ត្រី​ជំនាញ​ក៏កំពុង​ពិនិត្យ​មើល​ភស្តុតាង ជាពិសេស​កាមេរ៉ា​សុវត្ថិភាព ដើម្បីស្វែង​រក​តម្រុយ និង​ភស្តុតាង​នៃ​ការ​ផ្ទេរ​ទ្រព្យសម្បត្តិចេញចូលផងដែរ។

សរុបមកជនសង្ស័យនៅក្នុងរឿងឆបោកលំដាប់ប្រទេសមួយនេះនៅមិនទាន់ចប់ត្រឹមជនសង្ស័យទាំង១៨រូបដែលប៉ូលីសថៃបានចាប់ខ្លួនបញ្ជូនទៅមន្ទីរឃុំឃាំងកាលពីថ្ងៃពុធសប្តាហ៍មុននោះទេ គឺនៅមានជនសង្ស័យជាច្រើននាក់ទៀតដែលនឹងត្រូវចាប់ខ្លួនជាបន្តបន្ទាប់ ដូច្នេះសូមរង់ចាំតាមដានជាបន្តទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *