ជិត​575,000​នាក់​ស្លាប់​ដោយ​សារ​COVID-19! WHO ថា​ប្រទេស​ជាច្រើន​កំពុង​ដើរ​ខុស​ទិស​ដៅ​​ក្នុង​ការ​ទប់​ស្កាត់​វីរុស​

ជិត​575,000​នាក់​ស្លាប់​ដោយ​សារ​COVID-19! WHO ថា​ប្រទេស​ជាច្រើន​កំពុង​ដើរ​ខុស​ទិស​ដៅ​​ក្នុង​ការ​ទប់​ស្កាត់​វីរុស​

ពិភពលោក​បាន​រកឃើញ​អ្នកផ្ទុក​វីរុស​COVID-19 ជាង​13.2​លាន​នាក់ និង​អ្នក​ស្លាប់​ជិត​575,000​នាក់​ ខណៈ​ដែល​ WHO ព្រមាន​ថា​ ស្ថាន​ភាព​ជាក់​ស្ដែង​ អាច​អាក្រក់​ជាង​នេះ​។

ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​នេះ​ ​ពិភពលោក​​ទាំង​មូល​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19​ ចំនួន​193,793​នាក់​ និង​អ្នកស្លាប់​ចំនួន​3,754​នាក់​ ធ្វើ​ឱ្យ​តួលេខ​អ្នកជំងឺ​សរុប​កើន​ដល់​13,216,112​នាក់​ និង​អ្នក​ស្លាប់​ក៏​កើន​ដល់​574,753​នាក់​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​ បាន​កើន​ដល់​7,683,112​នាក់​។

សហរដ្ឋ​អាមេរិក​ គឺជា​សម្បុក​វីរុស​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដោយ​ចំនួន​អ្នក​ជំងឺ​សរុប​បាន​កើន​ដល់​3,474,296​នាក់​ ខណៈ​ចំនួន​អ្ន​កស្លាប់​កើន​ដល់​138,182​នាក់។ អ្នក​ជំងឺ​ថ្មី​ និង​អ្នក​ស្លាប់​ថ្មី​ មាន​ចំនួន​បន្ត​បន្ទាប់​គឺ​ 62,970​នាក់​ និង​409​នាក់​។

តាម​ពី​ក្រោយ​សហរដ្ឋ​អាមេរិក​ គឺ​ប្រទេស​ប្រស៊ីល​ ដោយ​មាន​អ្នក​ជំងឺ​សរុប​1,884,967​នាក់​ និង​អ្ន​ក​ស្លាប់​សរុប​72,833​នាក់​។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ ប្រេស៊ីល​រក​ឃើញ​អ្នក​ជំងឺ​​18,791​នាក់​ និង​អ្នក​ស្លាប់​682​នាក់​។

ចំណែក​ឥណ្ឌា​វិញ​ គឺជា​ប្រទេស​ដែល​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ច្រើន​ជាង​គេ​លំដាប់​ទី​3​ក្នុង​ពិភពលោក​។ ប្រទេស​នេះ​មាន​អ្នក​ជំងឺ​សរុប​878,254​នាក់​ និង​អ្នក​ស្លាប់សរុប​23,174​នាក់​។

ប្រធាន​អង្គ​ការ​សុខភាព​ពិភពលោក​ (WHO) លោក​ Tedros Adhanom Ghebreyesus កាល​ពី​ម្សិល​មិញ​បាន​ព្រមាន​ថា​ ស្ថាន​ភាព​វិបត្តិ​COVID-19 នឹង​កាន់​តែអាក្រក់​ឡើង​ៗ។ លោក​ថ្លែង​ថា “ខ្ញុំ​សូម​និយាយ​ត្រង់​ៗ​ថា មាន​ប្រទេស​ច្រើន​ណាស់​ដែល​កំពុង​ដើរ​ខុស​ទិស​ដៅ​។ COVID-19​ នៅ​តែ​ជា​សត្រូវ​លំដាប់​ទី​1​របស់​ពិភពលោក​។ បើ​សិន​ជា​គោល​ការណ៍​ជា​មូល​ដ្ឋាន​មិន​ត្រូវ​បាន​គោរព​តាម​ នោះ​ស្ថាន​ភាព​មហា​រោគ​រាតត្បាត​នឹង​កាន់តែ​អាក្រក់​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​ជាក់​ជា​មិន​ខាន”៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement