“មួយ​នាទី​ស្លាប់​ម្នាក់​” ដោយ​សារ​ COVID-19! ប្រធានាធិបតី​ប្រេស៊ីល​ គំរាម​ដក​ខ្លួន​ចេញ​ពី​ WHO

ប្រធានាធិបតី​ប្រេស៊ីល​ លោក Jair Bolsonaro គំរាម​ថា​នឹង​ដក​​ប្រទេស​នេះ​ចេញ​ពី​អង្គ​ការ​សុខភាព​ពិភព​លោក​ (WHO) ក្នុង​គ្រា​ដែល​មាន​អ្នក​ស្លាប់​ដល់​ទៅ​ជាង​ 35,000​នាក់​ ដោយសារ​តែ​វីរុស​COVID-19។

មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​សារ​ព័ត៌មាន​កាល​ពីថ្ងៃទី​5មិថុនា ប្រធានាធិបតី​ Jair Bolsonaro បាន​ឱ្យ​ដឹង​ថា ប្រេស៊ីល​​ នឹង​ពិចារណា​ទៅ​លើ​ការ​ដក​ខ្លួន​ចេញ​ពី​ WHO បើ​សិន​អង្គ​ការ​សុខ​ភាព​ពិភពលោក​​​​នេះ​ មិន​ព្រម​បញ្ឈប់​សកម្ម​ភាព​បក្ស​ពួក​និយម​ ទាក់​ទិន​នឹង​នយោបាយ​។

កាល​ពី​ខែ​មុន​ ប្រធានាធិបតី​​ Donald Trump ដែល​ជា​សម្ព័ន្ធ​មិត្ត​នយោបាយ​របស់​ប្រធានាធិបតី​ Bolsonaro ក៏​បាន​ប្រកាស​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ WHO បន្ទាប់​ពី​បាន​ចោទ​អង្គ​ការ​នេះ​ថាជា “អាយ៉ង” របស់​ចិន​។

ប្រធានាធិបតី​ប្រេស៊ីល​ លោក Jair Bolsonaro
ប្រធានាធិបតី​ប្រេស៊ីល​ លោក Jair Bolsonaro

ប្រកាស​របស់​ប្រធានាធិបតី​ប្រេស៊ីល​ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​ WHO បាន​ព្រមាន​ដល់​រដ្ឋាភិបាល​បណ្ដា​ប្រទេស​ ពិសេស​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​ អំពី​ហានិភ័យ​ដែល​អាច​កើតឡើង​ បើសិន​ជា​ដក​បម្រាម​គោចរ​នៅមុន​ពេល​អាច​គ្រប់គ្រង​ល្បឿន​នៃការ​រាលដាល​របស់​វីរុស​COVID-19។

នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​​មួយ​នៅ​​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស៊្វីស លោក​ស្រី​ Harris អ្នក​នាំពាក្យ​របស់​ WHO បាន​ថ្លែង​ថា “មេរោគ និង​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ នៅ​អាមេរិក​ខាង​ត្បូង​គឺ​ពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជា​ទី​បំផុត​”។

ក៏ប៉ុន្តែ ប្រធានាធិបតី​ប្រេស៊ីល នៅ​តែ​ជ្រើស​រើស​វិធី​ផ្ទុយ​ពី​អ្វី​ដែល​ WHO បាន​ព្រមាន​។ លោក Bolsonaro បន្ត​លើក​ទឹក​ចិត្ត​ឱ្យ​បណ្ដារដ្ឋ​ បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ ខណៈ​ដែល​ប្រទេស​នេះ​នៅ​តែ​ជា​សម្បុក​មេរោគ​ COVID-19 ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក​។

យោង​តាម​ស្ថិតិ​របស់​ Worldometers ប្រទេស​ប្រេស៊ីល​បច្ចុប្បន្ន មាន​អ្នកជំងឺ​COVID-19 ដល់​ទៅ​646,006​នាក់ ខណៈ​ដែល​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​ក៏​បាន​កើន​ដល់​ 35,047​នាក់​។

អត្ថបទ​ដែល​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​មុខ​របស់កាសែត Folha de S.Paulo បាន​ឱ្យ​ដឹង​ថា 100​ថ្ងៃ​បាន​កន្លង​ផុត​ទៅ​រាប់​ចាប់​តាំង​ពី​ប្រធានាធិបតី​ Bolsonaro អធិប្បាយ​ថា “COVID-19 គ្រាន់​តែ​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា​ប៉ុណ្ណោះ​​” មេរោគ​នេះ​បាន​​ “​សម្លាប់​​ពលរដ្ឋ​ប្រេស៊ីលម្នាក់​ ជា​រៀង​រាល់​​1​នាទី​​កន្លង​ផុត​ទៅ”។

អត្ថបទ​ខាង​លើ​បន្ត​ទៀត​ថា “ក្នុង​ពេល​ដែល​លោក​អ្នក​កំពុង​អាន​អត្ថបទ​នេះ គឺ​មាន​ពលរដ្ឋ​ប្រេស៊ីល​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ COVID-19″៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement