សហរដ្ឋ​អាមេរិក​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ WHO

លោក Donald Trump បាន​ប្រកាស​ថា អាមេរិកាំង​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​នឹង​ WHO ដោយ​សារ​តែ​វិធី​ដោះ​ស្រាយ​បញ្ហា​ COVID-19 របស់​​អង្គ​ការ​នេះ​ និង​ចោទ​ថា​ ស្ថិត​ក្រោម​បង្គាប់​បញ្ជា​ទាំង​ស្រុង​ពី​ចិន​។

“ដោយ​សារ​តែ​ពួក​គេ​មិន​ធ្វើ​ការ​កែ​ទម្រង់​ដ៏​ចាំបាច់​បំផុត​ដែល​យើង​បាន​ស្នើ​ ថ្ងៃ​នេះ​យើង​នឹង​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​នឹង​អង្គ​ការ​សុខ​ភាព​ពិភពលោក​ (WHO) និង​បង្វែរ​ខ្ទង់​ថវិកា​សម្រាប់​អង្គ​ការ​នេះ ទៅ​កាន់​តម្រូវ​ការ​បន្ទាន់​ផ្នែក​សុខាភិបាល​សាធារណៈ​ដទៃ​ទៀត​ក្នុង​ពិភពលោក​ ដែល​ស័ក្ដិ​សម​ជាង​នេះ​” ប្រធានាធិបតី​អាមេរិកាំង​ លោក​ Donald Trump ថ្លែង​បែប​នេះ​កាល​ពី​ថ្ងៃទី​29​ឧសភា​ នៅ​សេតវិមាន​។

លោក​ Trump ថ្លែង​នៅ​សេត​វិមាន​កាល​ពី​ថ្ងៃទី​29​កន្លង​ទៅ

លោក​ Trump ថ្លែង​ថា មន្ត្រី​ចិន​ “មិន​អើពើ​ចំពោះ​កាតព្វកិច្ច​ក្នុង​ការ​រាយការណ៍​” ទៅ​កាន់​ WHO អំពី COVID-19 និង​ដាក់​សម្ពាធ​លើ​អង្គ​ការ​នេះ​ដើម្បី​ “កុហក​ពិភព​លោក​”​។ ប្រធានាធិបតី​អាមេរិកាំង​បន្ថែម​ថា “ចិន​គ្រប់​គ្រង​ WHO ទាំង​ស្រុង​ បើ​ទោះ​​បង់​វិភាគ​ទាន​ត្រឹម​តែ​40​លាន​ដុល្លារ​ ខណៈ​ដែល​អាមេរិកាំង​ចំណាយ​ដល់​ទៅ​450​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ ពិភពលោក​ ត្រូវ​ការ​ចម្លើយ​របស់​ចិន​អំពី​វីរុស​។ យើង​ត្រូវ​ការ​តម្លា​ភាព​”។

បច្ចុប្បន្ន​ មិន​ទាន់​ដឹង​ថា ការ​សម្រេច​​​របស់​លោក Trump នឹង​ចាប់​ផ្ដើម​មាន​សុពល​ភាព​នៅ​ពេល​ណា​​នៅ​ឡើយ​។ ប៉ុន្តែ សេចក្ដី​សម្រេច​ឆ្នាំ​ 1948​ របស់​សភា​អាមេរិកាំង​ស្ដី​អំពី​សមាជិក​ភាព​របស់សហរដ្ឋ​អាមេរិក​នៅ​​ WHO បាន​សរសេរ​ថា សហរដ្ឋ​អាមេរិក​ “​មាន​សិទ្ធិ​ដក​ខ្លួន​ចេញ​ពី​អង្គ​ការ​​សុខភាព​ពិភពលោក​ បើ​សិន​ជា​បាន​ប្រកាស​ជូន​ដំណឹង​មុន​មួយ​ឆ្នាំ​”។ សហរដ្ឋ​អាមេរិក​គឺជា​សមាជិក​តែ​ម្នាក់​គត់​ដែល​អាច​ដក​ខ្លួន​ចេញ​ពី​ WHO ដោយ​ស្រប​ច្បាប់​។ នេះ​ជា​សិទ្ធិ​ដែល​ប្រទេស​នេះ​បាន​ស្នើ​នៅ​ពេល​ចូល​ជា​សមាជិក​នៃ​អង្គ​ការ​នេះ​។

លោក Tedros ប្រធាន​អង្គ​ការ​សុខភាព​ពិភពលោក (WHO)

កាល​ពីថ្ងៃទី​14​មេសា លោក​ Trump បាន​ប្រកាស​ផ្អាក​ការ​បង់​វិភាគ​ទាន​ដល់​ WHO ជាមួយ​នឹង​មូលហេតុ​ថា អង្គ​ការ​នេះ​​ឃុប​ឃិត​ជាមួយ​ចិន​ក្នុង​ការ​លាក់​បាំង​ភាព​ធ្ងន់ធ្ងរ​របស់​ COVID-1 នៅ​ប្រទេស​ចិន​ បណ្ដាល​ឱ្យ​​ប្រទេស​ជា​ច្រើន​ខាត​បង់​ពេល​វេលា​ដ៏សំខាន់​ក្នុង​ការ​ត្រៀម​ទប់​ទល់​នឹង​វីរុស​ ព្រម​ទាំង​បាន​ពន្យារ​ពេល​ក្នុងការ​សម្រេច​ចិត្ត​ដាក់​បម្រាម​គោចរ​។ ចិន​ និង​ WHO បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​។

ថ្ងៃទី​18​ឧសភា លោក​ Trump បាន​ចេញ​លិខិត​ប្រកាស​រិះ​គន់ និង​ចោទ​ប្រកាន់ WHO ថា​ជា​ “អាយ៉ង”​ របស់​ចិន​ និង​គំរាម​ឈប់​ផ្ដល់​ជំនួយ​ដល់​អង្គ​ការ​នេះ​ជា​រៀង​រហូត​ លើក​លែង​តែ​ WHO អនុវត្ត​ “ការ​កែទម្រង់​នានា​” ក្នុង​រយៈ​ពេល​30​ថ្ងៃ​។

Advertisement