ជិត​1.6​លាន​នាក់​ឆ្លង​ COVID-19 នៅ​អាមេរិក! លោក​ Trump ថា នេះ​ជា “មេដាយ​កិត្តិយស”

ជិត​1.6​លាន​នាក់​ឆ្លង​ COVID-19 នៅ​អាមេរិក! លោក​ Trump ថា នេះ​ជា

អ្នកជំងឺ​ COVID-19 សរុប​ នៅ​សហរដ្ឋ​អាមេរិក​ បាន​ឡើង​ដល់​ជិត​1.6​លាន​នាក់​ ក្នុង​នោះ​មាន​ជាង​93,000​នាក់​បាន​បាត់​បង់​ជីវិត​ ប៉ុន្តែ​ប្រធានាធិប​តី​អាមេរិកាំង​ លោក Donald Trump យល់​ថា តួលេខ​ខ្ពស់​បែប​នេះ​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​ធ្វើ​បាន​ល្អ​ជាង​ប្រទេស​ដទៃ​ក្នុង​ការ​ធ្វើ​តេស្ត​រក​វីរុស​។

តួលេខ​សរុប​អំពី​អ្នក​​ឆ្លង​វីរុស​COVID-19​ នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​ដល់​1,569,659​នាក់​ និង​អ្នក​ស្លាប់​សរុប​មាន​ចំនួន​93,473​នាក់​ ក្រោយ​ពី​បាន​រក​ឃើញ​អ្នកជំងឺ​ថ្មី​20,829​នាក់ និង​អ្នកស្លាប់​ថ្មី​16,000​នាក់​បន្ថែម​ទៀត​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​ 362.984​នាក់​។ នេះ​បើតាម​ Worldometer ដែល​ជា​គេហ​ទំព័រ​ធ្វើ​បច្ចុប្បន្ន​ភាព​តួលេខ​ COVID-19 ទាន់​ហេតុ​ការណ៍​បំផុត​។

យោង​តាម​ Politco នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​សេត​វិមាន​កាល​ពី​ថ្ងៃទី​19​កន្លង​ទៅ​ ប្រធានាធិបតី​ Donald Trump ថ្លែង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​សហរដ្ឋ​អាមេរិក​មាន​អ្នកឆ្លង​វីរុស​COVID-19 ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​ គឺ​ដោយ​សារ​សហរដ្ឋ​អាមេរិក​ធ្វើ​តេស្ត​រក​មេរោគ​បាន​ច្រើន​ជាង​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​ ហេតុ​នេះ​វា​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​​ “មេដាយ​កិត្តិយស”។

“នៅ​ពេល​យើង​មាន​អ្នក​ឆ្លង​វីរុស​COVID-19​ច្រើន ខ្ញុំមិន​ចាត់​ទុក​ថា​ជា​រឿង​អាក្រក់​នោះ​ទេ ហើយ​បើ​គេ​ពិនិត្យ​ទៅ​លើ​ជ្រុង​ណា​មួយ​នោះ នេះ​គឺជា​ប្រការ​ល្អ​មួយ​។ ព្រោះ​ថា វា​មាន​ន័យ​ថា សមត្ថ​ភាព​ក្នុង​ការ​ធ្វើ​តេស្ត​រកមេរោគ​របស់​យើង​ បាន​ល្អ​ជាង​គេ​” លោក Trump ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​បែប​នេះ​។ ប្រធានាធិបតី​សង្កត់​ធ្ងន់​បន្ថែម​ថា “ខ្ញុំ​ចាត់​ទុក​ប្រកាស​នេះ​ជា​មេដាយ​កិត្តិយស​មួយ​ ពិតណាស់​វា​គឺជា​មេដាយ​កិត្តិយស​”។

យោង​តាម​លោក​ Trump គិត​មក​ដល់​បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​បាន​ធ្វើ​តេស្ត​រក​មេរោគ​ជូន​ពលរដ្ឋ​ជិត​14​លាន​លើក​ គឺ​ខុស​គ្នា​ប្រហែល​3​លាន​លើក​បើ​ធៀប​ជាមួយ​នឹង​ទិន្ន​ន័យ​នៅ​លើ​គេហទំព័រ​ Covid Tracking Project។ លោក​ Trump បន្តថា “បើ​យើង​ធ្វើតេស្ត​​1​លាន​នាក់​ជំនួស​ឱ្យ​14​លាន​នាក់​ នោះ​ចំនួន​អ្នក​ជំងឺ​ដែល​យើង​រក​ឃើញ​នឹង​មាន​ចំនួន​តិច​ តើ​មែន​ឬ​អត់​?”។

សហរដ្ឋ​អាមេរិក​ បច្ចុប្បន្ន​គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ រាប់​ទាំង​ចំនួន​អ្នក​ឆ្លងវីរុស​​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​។ អ្នក​ជំនាញ​បាន​ព្យាករ​ថា តួលេខ​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ប្រទេស​នេះ​នឹង​កើន​ដល់​147,000​នាក់​នៅ​ដើម​ខែ​សីហា​ខាង​មុខ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement