វីវរហើយបារាំង!! មានអ្នកឆ្លង​មេរោគ​កូវីដ-19 ​ពី​សាលារៀន ​70​នាក់ ក្រោយ​ពី​បើកបានតែ 1សប្ដាហ៍

វីវរហើយបារាំង!! មានអ្នកឆ្លងមេរោគកូវីដ-19 ពីសាលារៀន 70នាក់ ក្រោយពីបើកបានតែ 1សប្ដាហ៍

បារាំង បានរកឃើញអ្នកឆ្លងមេរោគកូវីដ-19ថ្មី 70នាក់ ដែលពាក់ព័ន្ធនឹងសាលារៀននានា ត្រឹមតែ 1សប្ដាហ៍ប៉ុណ្ណោះ ក្រោយពីពួកគេបន្ធូរបន្ថយវិធានការបិទទីក្រុង និងអនុញ្ញាតឱ្យសាលារៀនបើកឡើងវិញខ្លះៗ។

ទីភ្នាក់ងារព័ត៌មានអន្តរជាតិបានរាយការណ៍ថា រដ្ឋាភិបាលបារាំងបានបង្ហើបឱ្យដឹងកាលពីថ្ងៃចន្ទ ទី18 ឧសភាថា រកឃើញអ្នកឆ្លងមេរោគកូវីដ-19យ៉ាងតិច 70នាក់នៅក្នុងក្រុមកូនសិស្សតូចៗពីសាលាមត្តេយ្យ និងសាលារៀនបឋមសិក្សាជាច្រើនកន្លែង ចាប់តាំងពីថ្ងៃទី11 ឧសភាមក បន្ទាប់ពីពួកគេបានបន្ធូរបន្ថយវិធានការបិទទីក្រុង និងបើកសាលារៀនឡើងវិញជាង​ 40,000​​កន្លែង​ អនុញ្ញាតឱ្យសិស្សជាង 1.4លាននាក់បានចូលរៀនឡើងវិញជាថ្មី។

ការរកឃើញអ្នកឆ្លងមេរោគថ្មីទាំងនោះ បានធ្វើឱ្យសាលាមត្តេយ្យ និងសាលាបឋមសិក្សាជាច្រើន ត្រូវបិទទ្វារជាថ្មី ខណៈដែលសិស្សកម្រិតមធ្យមសិក្សាប្រមាណជា 1.5សែននាក់ បានវិលត្រឡប់ទៅសាលារៀនហើយ នៅថ្ងៃទី18 ឧសភាម្សិលមិញ។

លោក ហ្សង់ មីសេល ប្លង់ រដ្ឋមន្ត្រីក្រសួង អប់រំ និងសិក្សាធិការរបស់ប្រទេសបារាំង បានថ្លែងថា “វាជារឿង​ដែលមិន​អាច​ចៀស​វាងបានឡើយ ដែលមានហេតុការណ៍បែបនេះកើតឡើង តែវាកើតក្នុងចំណែកតូចមួយ ហើយអ្នកឆ្លងមេរោគភាគច្រើន ឆ្លងមកពីខាងក្រៅសាលារៀន” តែយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ថា អ្នកឆ្លងមេរោគនោះជាកូនសិស្ស ឬគ្រូនោះទេ។

លោកប្លង់ បានបញ្ជាក់ថា ការដែលកុមារមិនបានទៅសាលារៀន គឺជារឿងដែលគួរឱ្យកង្វល់ ខ្លាំងជាង​មេរោគវីរុស​កូវីដ-19​ទៅទៀត ព្រោះ​ទោះជាកូនសិស្សប្រមាណជា 70% នៅរៀនពីចម្ងាយនៅតាមផ្ទះក៏ដោយ តែមានកុមារប្រមាណជា ​500,000​នាក់​កំពុង​ប្រថុយប្រថានក្នុងការបោះបង់ចោលការរៀនសូត្រ ជាពិសេសក្រុមកុមារដែលខ្វះឱកាស៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement