អាមេរិកាំង​នឹង​ផ្ដល់​ជំនួយ​ដល់​ WHO ឡើង​វិញ ទៅ​តាម​អ្វី​ដែល​​ចិន​​បាន​ធ្វើ​

អាមេរិកាំង​នឹង​ផ្ដល់​ជំនួយ​ដល់​ WHO ឡើង​វិញ ទៅ​តាម​អ្វី​ដែល​​ចិន​​បាន​ធ្វើ​

រដ្ឋាភិបាល​អាមេរិកាំង​ត្រូវ​បាន​គេ​រាយ​ករណ៍​ថា​នឹង​ផ្ដល់​ជំនួយ​ដល់​អង្ក​ការ​សុខ​ភាព​ពិភពលោក​(WHO) ឡើង​វិញ ប៉ុន្តែ មិន​មែន​ក្នុង​ទំហំ​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​​ដូច​ដើម​នោះ​ទេ។ នេះ​បើ​តាម​សារ​ព័ត៌មាន​ Fox News។

ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ Fox News កាល​ពី​ថ្ងៃទី​15​ឧសភា​កន្លង​ទៅ​ បាន​ដកស្រង់​ប្រភព​ព័ត៌​មាន​ពី​លិខិត​ព្រាង​ដែល​គ្រោង​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រធាន​អង្គ​ការ​សុខ​ភព​ពិភពលោក (Tedros)​ បាន​ឱ្យ​ដឹង​ថា រដ្ឋ​បាល​របស់​លោក​ Trump អាច​នឹង​ផ្ដល់​ជំនួយ​មួយ​ផ្នែក​ដល់​ WHO សាជា​ថ្មី​។

ប្រភព​ខាង​លើ​ឱ្យ​ដឹង​ថា​ សហរដ្ឋ​អាមេរិក​ត្រូវ​គេ​ជឿ​ថា​នឹង​ “យល់​ព្រម​ផ្ដល់​ជំនួយ​ជា​ថវិកា​ប្រហាក់​ប្រហែល​នឹង​អ្វី​ដែល​ប្រទេស​ចិន​បាន​រួម​ចំណែក​ជួយ​ដល់​ WHO”។

Fox News សេសេរ​ថា ប្រភព​ព័ត៌មាន​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា លោក Trump ទំនង​ជា​បាន​ “យល់​ព្រម​ទៅ​តាម​គម្រោង​ដែល​បាន​គូស​វាស​នៅក្នុង​​លិខិត​ព្រាង​” ប៉ុន្តែ មិន​ទាន់​ចុះ​ហត្ថ​លេខា​។

ប្រធានាធិបតី​ Donald Trump បាន​ផ្អាក​ផ្ដល់​ជំនួយ​ដល់​ WHO កាល​ពី​ថ្ងៃទី​14​មេសា​ ដោយ​បាន​ចោទ​អង្គ​ការ​នេះ​ថា កំពុង​ជួយ​ដល់​យុទ្ធនាការ​ “ផ្ដល់​ព័ត៌មាន​មិន​ពិត​” របស់​ចិន​​ អំពី​ COVID-19។ លោក Trump ប្រកាស​ថា អាមេរិកាំង​នឹង​បើក​ការ​ស៊ើប​អង្កេត​ទៅលើ​ WHO។ ក្រុម​មន្ត្រី​របស់ WHO បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អាមេរិកាំង​ ខណៈ​ដែល​ចិន​ក៏​បាន​អះអាង​ថា ខ្លួន​មាន​តម្លា​ភាព​។

សហរដ្ឋ​អាមេរិក​គឺជា​ម្ចាស់​ជំនួយ​ធំបំផុត​របស់​ WHO។ បើ​សិន​ជា​សហរដ្ឋ​អាមេរិក​ផ្ដល់​ជំនួយ​ស្មើ​នឹង​ប្រទេស​ចិន នោះ​ប្រភព​ថវិកា​​នេះ​នឹង​ស្មើ​នឹង​1/10​នៃ​ថវិកា​សរុប​ដែល​សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​ផ្ដល់​ឱ្យ​ WHO។ កន្លង​មក អាមេរិកាំង​ធ្លាប់​បាន​ផ្ដល់​ជំនួយ​ជាមធ្យម​ 400​លាន​ដុល្លារ​/ឆ្នាំ ទៅ​ឱ្យ​អង្គ​ការ​សុខភាព​ពិភពលោក​។

យោង​តាម​ Fox News លិខិត​ព្រាង​នោះ​ មានឃ្លា​សរសេរ​ថា “ខ្ញុំ​ជឿ​ថា បើ​ទោះ​ជា​មាន​កង្វះ​ខាត​ខ្លះ ប៉ុន្តែ WHO នៅ​តែ​មាន​សក្ដានុពល​ធំធេង​ ហើយ​ខ្ញុំចង់​ឱ្យ​ WHO បង្ហាញ​អំពី​សក្តានុពល​នោះ​​ ពិសេស​គឺ​នៅ​ក្នុង​កាលៈ​ទេសៈ​វិបត្តិ​ទូទាំង​ពិភពលោក​បែប​នេះ​។ នោះ​គឺជា​មូលហេតុ​ដែល​ខ្ញុំ​សម្រេច​ថា អាមេរិកាំង​នឹង​បន្ត​ជា​ដៃ​គូសហការជាមួយ​ WHO។ ប្រទេស​ចិន​កំពុង​ជំពាក់​បំណុល​ពិភព​លោក​​ដ៏​​ធំសម្បើម​ ហើយ​ពួកគេ​អាច​ចាប់​ផ្ដើម​​បង់​វិភាគ​ទាន​ឱ្យ​បាន​​ស្មើ​ភាព​គ្នា​ទៅ​ឱ្យ​ WHO”។

លោក Trump ធ្លាប់​បាន​ចោទ​ថា WHO គឺ​ជា​អាយ៉ង​របស់​ចិន​
លោក Trump ធ្លាប់​បាន​ចោទ​ថា WHO គឺ​ជា​អាយ៉ង​របស់​ចិន​

លិខិត​ព្រាង​បន្ថែម​ថា “បើ​សិន​ជា​ប្រទេស​ចិន​បង្កើន​ជំនួយ​ដល់​ WHO យើង​ខ្ញុំ​ក៏នឹង​ពិចារណា​ក្នុងការ​បង្កើន​ជំនួយ”។​

កន្លង​មក​ លោក​ Trump ធ្លាប់​បាន​ថ្លែង​ថា WHO ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ដែល​ COVID-19 បាន​ឆ្លង​រាល​ដាល​ពេញ​ពិភពលោក​​ ព្រោះ​ថា​ អង្គ​ការ​នេះ​បាន​ជឿ​ជាក់​លើ​ការ​ប្រកាស​របស់​ចិន​ទាក់​ទិន​នឹង​កម្រិត​នៃ​ភាព​ធ្ងន់​ធ្ងរ​របស់​មេរោគ​រាត​ត្បាត​ នៅ​ដំណាក់​កាល​ដំបូង​។

លោក Trump ធ្លាប់​បាន​ចោទ​ថា “ពួកគេ​ (WHO)​ គឺ​ជា​អាយ៉ង​របស់​ចិន​។ យើង​ខ្ញុំ​បាន​​ផ្ដល់​ជំនួយ​យ៉ាង​ច្រើន​ដល់ WHO គឺ​ច្រើន​ជាង​​ប្រទេស​ដទៃ​។ ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ (ទាក់​ទង​នឹង​ខ្ទង់​ជំនួយ​សម្រាប់​ WHO)”។

មុន​នោះ ប្រធានាធិបតី​អាមេរិកាំង​ លោក Donald Trump ក៏​ធ្លាប់​បាន​ឱ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​បាន​ចំណាយ​450​លាន​ដុល្លារ​ទៅ​ឱ្យ​ WHO ខណៈដែល​ប្រទេស​ចិន​បាន​ចំណាយ​ត្រឹម​តែ​38​លាន​ដុល្លារ​ប៉ុណ្ណោះ​។

ដោយ​បាន​ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​រាល​ដាល​ពី​ប្រទេស​ចិន បច្ចុប្បន្ន COVID-19 បាន​បណ្ដាល​ឱ្យ​មនុស្ស​ជាង​4.5​លាន​នាក់​ត្រូវ​ឆ្លង​រោគ​ និង​ជាង​307,000​នាក់​បាន​បាត់​បង់​ជីវិត​ ក្នុង​នោះ​សហរដ្ឋ​អាមេរិក​គឺជា​អ្នក​រង​គ្រោះ​ធ្ងន់​ធ្ងរ​ជាង​គេ​៕

ប្រភព​៖ សារព័ត៌មាន​បរទស

Advertisement