Trump មិន​ពាក់​ម៉ាស់​ទៀត​ហើយ​ ពេល​កំពុង​ធ្វើ​ទស្សនកិច្ច​មន្ទីរ​ផ្គត់​ផ្គង់​សម្ភារ​វេជ្ជសាស្ត្រ ខណៈ​អ្នក​ស្លាប់​ក្នុង​ប្រទេស​នេះ​កើន​​ដល់​ជាង​ 86,900​នាក់​

Trump មិន​ពាក់​ម៉ាស់​ទៀត​ហើយ​ ពេល​កំពុង​ធ្វើ​ទស្សនកិច្ច​មន្ទីរ​ផ្គត់​ផ្គង់​សម្ភារ​វេជ្ជសាស្ត្រ

លោក​ Donald Trump មិន​បាន​ពាក់​ម៉ាស់ការ​ពារ​វីរុស​ នៅ​ពេល​ដែល​លោក​កំពុង​ធ្វើ​ទស្សន​កិច្ច​មជ្ឈមណ្ឌល​គ្រប់​គ្រងសម្ភារ​វេជ្ជ​សាស្ត្រ​នៅ​ក្នុង​រដ្ឋ​ Pennsylvania ខណៈ​ដែល​មនុស្ស​នៅ​ជុំ​វិញ សុទ្ធ​តែ​ពាក់​ម៉ាស់​ការ​ពារ​។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump កាល​ពីថ្ងៃទី14​ឧសភា​កន្លង​ទៅ បាន​​ធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​គ្រប់​គ្រង​​សម្ភារ​វេជ្ជ​សាស្ត្រ Owens & Minor Inc នៅ​ក្នុង​រដ្ឋ​ Pennsylvania ជា​កន្លែង​ផ្គត់​ផ្គង់​ម៉ាស់​ប្រភេទ​ N95 និង​ខោអាវ​ការ​ពារ​មេរោគ រួម​នឹង​ស្រោម​ដៃ​សុខាភិបាល​ដល់​បណ្ដា​មន្ទីរ​ពេទ្យ​នៅ​សហរដ្ឋ​អាមេរិក​។

រូប​ថត​ស្ដី​អំពី​ដំណើរ​ទស្សនកិច្ច​នេះ​បង្ហាញ​ថា ម្ចាស់​សេត​វិមាន​រូប​នេះ​មិន​បាន​ពាក់ម៉ាស់​​នោះ​ទេ ក្នុង​ពេល​ដែល​មន្ត្រី​​អម​ដំណើរ​ និង​បុគ្គលិក​របស់​មជ្ឈមណ្ឌល​នេះ​សុទ្ធ​តែ​ពាក់​ម៉ាស់​គ្រប់​គ្នា​។ នេះ​គឺជា​លើក​ទីពីរ​ហើយ​ដែល​លោក​ Trump មិន​បាន​ពាក់​ម៉ាស់​ក្នុង​ខណៈ​ពេល​ធ្វើ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ក្នុង​វិស័យសុខាភិបាល​​នៅ​ក្នុង​អំឡុង​10​ថ្ងៃ​ចុង​ក្រោយ​នេះ​។ កាល​ពីថ្ងៃទី​6​ឧសភា​ លោក​ក៏​មិន​បាន​ពាក់​ម៉ាស់​ដែរ នោ​ពេល​ធ្វើ​​ទស្សនកិច្ច​រោង​ចក្រ​ Honeywell។

ក្នុង​គ្រា​នោះ​ដែរ លោក​​ Trump បាន​ប្រកាស​អំពី​គម្រោង​បន្ថែម​ទំនិញ​ទៅក្នុង​ឃ្លាំង​​រក្សា​សម្ភារ​វេជ្ជ​សាស្ត្រ​​យុទ្ធ​សាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ ដែល​បច្ចុប្បន្ន​មាន​ការ​ខ្វះខាត​ច្រើន​​ដោយ​សារ​វីរុស​COVID-19។ លោក​ Trump ថែម​ទាំង​បាន​ចោទ​អតីត​រដ្ឋាភិបាល​របស់​លោក​ Barack Obama ថា បានបន្សល់​ទុក​ផល​វិបាក​នេះ​ដល់​រដ្ឋាភិបាល​បច្ចុប្បន្ន​។ លោក​ Trump អះអាង​ថា នឹង​ស្វែង​រក​វិធីដើម្បី​រក្សា​សម្ភារ​វេជ្ជ​សាស្ត្រ​ឱ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ប្រើ​ប្រាស់​ក្នុង​រយៈ​ពេល​3ខែ​ ដែល​បច្ចុប្បន្ន​ឃ្លាំង​នេះ​អាច​ផ្គត់​ផ្គង់​ការ​ប្រើ​ប្រាស់​បាន​តែ​​រយៈ​ពេល​3សប្ដាហ៍​ប៉ុណ្ណោះ​។

ម្ចាស់​សេត​វិមាន​ថ្លែង​ថា “ខ្ញុំ​ប្ដេជ្ញា​ជួយ​ឱ្យ​សហរដ្ឋ​អាមេរិក​​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​សម្រាប់​ទប់​ទល់​នឹង​ជំងឺ​រាត​ត្បាត​នា​ពេល​អនាគត​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ បញ្ហា​ (ជំងឺរាត​ត្បាត​) នោះ​នឹង​មិន​កើត​ឡើង​នោះ​ទេ”។

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ប្រព័ន្ធ​សុខាភិបាល​សហរដ្ឋ​អាមេរិក​មាន​ម៉ាស់​ប្រភេទ​ N95 ប្រហែល​តែ​13​លាន​បន្ទះប៉ុណ្ណោះ​នៅ​មុន​ COVID-19 ផ្ទុះ​ឡើង​។ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អាមេរិកាំង​ កាលពី​ម្សិលមិញ​​និយាយ​ថា ពួកគេ​កំពុង​តែ​មាន​គម្រោង​រក​ម៉ាស់​ឱ្យ​បាន​300​លាន​បន្ថែម​ទៀត​​​នៅ​មុន​ដំណាច់​រដូវ​ស្លឹក​ឈើ​ជ្រុះ​។

ចាប់​តាំង​ពី​មជ្ឈមណ្ឌល​គ្រប់​គ្រង​និង​ទប់​ស្កាត់​ជំងឺ​​របស់​សហរដ្ឋ​អាមេរិក​(Centers for Disease Control and Prevention) បាន​ណែនាំ​ឱ្យ​អ្នក​គ្រប់​គ្នា​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ គេ​ឃើញ​ថា​ លោក​ Trump បាន​ប្រតិកម្ម​ជា​ច្រើន​លើក​ថា នោះ​ជា​ប្រការ​ “មិន​មាន​ន័យ​ និង​មិន​ស័ក្ដិ​សម​ជា​មួយ​ឋានៈ​ជា​មេដឹក​នាំ​មួយ​រូប​ក្នុង​ពិភពសេរី​ភាព​”។

វេជ្ជ​បណ្ឌិត​ Viswanath សាស្ត្រាចារ្យ​សារ​ព័ត៌មាន​​​វេជ្ជ​សាស្ត្រ​មក​ពី​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​​វេជ្ជ​សាស្ត្រ​សាធារណៈ​ Harvard T.H. Chan របស់​ឥណ្ឌា​បាន​ថ្លែង​ថា អ្នក​រាល់​គ្នា​នឹង​សង្កេត​មើល​សកម្ម​ភាព​របស់​អ្នក​ដឹក​នាំ​​ដែល​បាន​ធ្វើ​​​ផ្ទុយទៅ​នឹង​ការ​ណែនាំ​ដែល​ពួកគេ​បាន​លើក​ឡើង​។ លោក​ថា “ក្នុង​ស្ថាន​ភាព​អាក្រក់​បំផុត​ បញ្ហា​នេះ​អាច​ធ្វើ​ឱ្យ​សាធារណ​ជន​សង្ស័យ​ថា តើ​វិធាន​ការ​ ឬ​សារ​ណែនាំ​សម្រាប់​ពួក​គេ​ពិត​ជា​មាន​សារ​សំខាន់​ ឬ​អត់​”។

COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ បណ្ដាល​ឱ្យ​មនុស្ស​ជាង​4.5​លាន​នាក់​ត្រូវ​ឆ្លង​វីរុស និង​ជាង​300,000​នាក់បាន​ស្លាប់​។ សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​ធំជាង​គេបង្អស់​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ជំងឺ​កូរ៉ូណា​ជាង​1.5​លាន​នាក់​ និង​​​អ្នក​ស្លាប់​ជាង​ 86,900​នាក់៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement