ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។

អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់ ហើយបើសិនជាមួយរយៈនេះអ្នកមានអាការឈឺពោះខាងស្តាំញឹកញាប់នោះ សាកល្បងមកពិនិត្យទៅមើល៍ថា តើអាការឈឺពោះខាងស្តាំក្នុងលក្ខណៈនេះ បញ្ជាក់ថារាងកាយយើងកំពុងបញ្ចេញសញ្ញារបស់ជំងឺអ្វី?

– ឈឺពោះខាងស្តាំផ្នែកលើ (ម្តុំឆ្អឹងជំនីផ្នែកស្តាំ)

បើអ្នកមានអាការឈឺពោះខាងស្តាំខាងលើ ហើយអាការច្រើនតែកើតបន្ទាប់ពីទទួលទានអាហារដែលមានជាតិខ្លាញ់ខ្ពស់នោះ បញ្ជាក់ថា អ្នកកំពុងមានភាពប្រថុយប្រថានរបស់ជំងឺក្រួសក្នុងថង់ប្រមាត់ និងជំងឺថ្លើម ដោយមានចំណុចសង្កេតបន្ថែមគឺ បើសង្កត់លើពោះបរិវេណដែលឈឺនោះហើយ ស្ទាបប៉ះដុំរឹងៗ រួមជាមួយរាងកាយមានអាការខ្លួនលឿង ភ្នែកលឿងផងនោះ។

ក្រៅពីនេះ បើមានអាការឈឺពោះផ្នែកស្តាំរាលដាលទៅដល់ផ្នែកខ្នង (អ្នកខ្លះអាចឈឺពោះផ្នែកលើ ឬផ្នែកកណ្តាល) នោះរាងកាយកំពុងចង់ប្រាប់អ្នកថា អ្នកមានអាការខុសប្រក្រតីនៅលើថ្លើមខ្ចី ដោយអាចប្រថុយប្រថាននឹងជំងឺរលាកថ្លើមខ្ចីពីការញ៉ាំភេសជ្ជៈជាតិអាល់កុលច្រើនជ្រុលពេកហ្នឹងឯង។

– ឈឺពោះខាងស្តាំខាងក្រោម

បើឈឺពោះខាងស្តាំផ្នែកក្រោម តាំងពីម្តុំជុំវិញរន្ធផ្ចឹតរាលទៅឈឺនៅម្តុំផ្នែកក្រោមខាងស្តាំ ស្ទាបទៅហើយប៉ះដុំសាច់ សង្កត់ទៅហើយឈឺ រួមជាមួយអាការឈឺចុកសៀតគ្រប់ពេលវេលា អាការបែបនេះអាចសន្និដ្ឋានបានថា អាចជាអាការរលាកខ្នែងពោះវៀន តែបើឈឺបែបមានខ្យល់នៅក្នុងពោះ រមូរៗពោះវិញនោះ អាចដោយសារតែពោះវៀនធំធ្វើការខុសប្រក្រតី។

– ឈឺពោះខាងស្តាំក្រោមឆ្អឹងជំនី

ឈឺផ្សានៅម្តុំពោះខាងស្តាំក្រោមឆ្អឹងជំនី អ្នកខ្លះអាចមានអាការឈឺចុកសៀតរួមជាមួយផងដែរ នេះអាចជាសញ្ញាខុសប្រក្រតីរបស់ពោះវៀនតូច ដោយអាចមានមូលហេតុមកពីការកើតប្រតិកម្មចាញ់ប្រូតេអ៊ីនគ្លូដេន ប៉ះពាល់ដល់ពោះវៀនតូចឱ្យមិនអាចបឺតជ្រាបអាហារបាន រហូតកើតអាការឈឺពោះ និងបើបណ្តោយទុកចោលដោយមិនព្យាបាលនោះ អាចកើតសភាវរាករូស ឆ្អល់ និងអាចវិវឌ្ឍទៅជាជំងឺរលាកពោះវៀនតូចបាន។

– ឈឺពោះខាងក្រោមផ្នែកស្តាំ

ដោយមានអាការឈឺខ្លាំងជាតំណាក់ៗ ឈឺពោះខាងក្រោមផ្នែកស្តាំរាលដាលទៅដល់គល់ភ្លៅ អាចកើតបញ្ហាសុខភាពក្រលៀន ដូចជា មានក្រួសនៅក្នុងតម្រងនោម តែបើឈឺពោះផ្នែកក្រោមខាងស្តាំរួមទាំងមានឡើងកម្តៅខ្លួនខ្ពស់ ស្រៀវរងា និងមានធ្លាក់សផងនោះ លក្ខណៈសញ្ញានេះច្រើនតែជាអាការរលាកដៃស្បូន ដែលបើស្ទាបហើយឃើញមានដុំសាច់ផងនោះ អាចព្រោះតែសំបុកស៊ុតខុសប្រក្រតីម្យ៉ាងទៀត។

– ឈឺពោះខាងស្តាំផ្នែកកណ្តាល(ចង្កេះខាងស្តាំ)

បើឈឺនៅបរិវេណនេះ រួមទាំងមានអាការបត់ជើងមកមានឈាម បន្ទោបង់ខុសប្រក្រតី អាចជាសញ្ញារបស់ជំងឺរលាកពោះវៀនធំ ឬបើស្ទាបប៉ះដុំសាច់ផងនោះ អាចជាសញ្ញារបស់សាច់ដុះក្នុងពោះវៀនធំ តែបើឈឺតាំងពីចង្កេះខាងស្តាំរាលដាលចុះទៅគល់ភ្លៅនោះ អាចជាអាការក្រួសក្នុងតម្រងនោម ឬបើឈឺចង្កេះខាងស្តាំរួមទាំងមានគ្រុនក្តៅ រងាញាក់ និងទឹកមូត្រមានពណ៌ល្អក់ផងនោះសញ្ញានេះប្រាប់ពីជំងឺរលាកតម្រងនោម។

– ឈឺពោះខាងស្តាំ ពេលមានគភ៌

អាការឈឺពោះខាងស្តាំ ពេលមានគភ៌អាចមិនមែនជារឿងគួរឱ្យកង្វល់នោះទេ បើស្រ្តីមានគភ៌មានអារម្មណ៍ថាឈឺពោះផ្នែកខាងស្តាំ ឬខាងឆ្វេង ឈឺបែបស្រាលៗ នោះដោយសារតែកូនជីវិតចាប់ផ្តើមបញ្ចូលខ្លួននៅក្នុងស្បូនហើយ និងអាការឈឺបែបនេះនឹងកើតឡើងក្នុងតែរយៈពេលតាំងគភ៌ដំបូងៗប៉ុណ្ណោះ ដោយបន្ទាប់ពីការបញ្ចូលខ្លួនរបស់កូនជីវិតហើយនោះ អាការឈឺចាប់ដែលស្រ្តីមានគភ៌ត្រូវជួបតទៅទៀតនោះគឺ ការឈឺស្បូន ដោយសារតែស្បូនចាប់ផ្តើមរីកធំជារឿយៗ ដែលអ្នកម្តាយមានអារម្មណ៍ថាឈឺនៅផ្នែកខាងក្រោមពោះច្រើនជាងគេ។

អាការឈឺពោះអាចកើតឡើងបានគ្រប់ពេល តាមរយៈការបរិភោគអាហារខុសប្រក្រតីរហូតធ្វើប្រព័ន្ធពោះវៀន និងប្រព័ន្ធរំលាយអាហារធ្វើការខុសប្រក្រតី និងទង្វើផ្សេងៗ ដូចជា ការគេងភ្លាមៗក្រោយពីញ៉ាំអាហាររួចជាដើម តែបើអាការឈឺពោះកាន់តែខ្លាំងក្លាទ្វេរគុណឡើង ឬឈឺនៅលើចំណុចមួយចំនួន ដូចជា ឈឺពោះខាងស្តាំបែបនេះ ជួនកាលវាជាសញ្ញាដែលរាងកាយដាស់តឿនពីជំងឺ និងអាការខុសប្រក្រតីដែលកើតឡើងឱ្យយើងបានដឹងហើយ ដូច្នេះចូរកុំទុកចិត្តឱ្យសោះ គួរប្រញាប់ទៅជួបគ្រូពេទ្យឱ្យបានលឿនបំផុត៕

Advertisement