អ្នកជំងឺ​COVID-19ចុង​ក្រោយ​2នាក់​ ត្រូវ​បញ្ជូន​មក​​ព្យាបាល​បន្ត​​នៅភ្នំ​ពេញ

អ្នកជំងឺ​COVID-19ចុង​ក្រោយ​2នាក់​ ត្រូវ​បញ្ជូន​មក​​ព្យាបាល​បន្ត​​នៅភ្នំ​ពេញ

គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​មាន​អ្នកជំងឺ​COVID-19 សរុប​ចំនួន​122​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​120​នាក់​បាន​ជា​សះស្បើយ​ ដូច្នេះ​ កម្ពុជា​នៅសល់​អ្នកជំងឺ​កូរ៉ូណា​​ចុងក្រោយ​តែ​2នាក់​ទៀត​ប៉ុណ្ណោះ​ ដែល​ពួកគេ​នឹង​ត្រូវ​បញ្ជូន​មក​ព្យាបាល​បន្ត​​នៅ​រាជ​ធានី​ភ្នំ​ពេញ​។

អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​ លោក​​ស្រី​វេជ្ជបណ្ឌិត​ឱ វណ្ណ​ឌី​ន​ មាន​ប្រសាសន៍​ថា សុខ​ភាព​របស់​អ្នក​ជំងឺ​COVID-19ចុង​ក្រោយ​​ទាំង​2​រូប​​ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅឯមន្ទីរ​ពេទ្យ​​​ខេត្ត មិន​មាន​សភាព​ធ្ងន់​ធ្ងរ​នោះ​ទេ​។ លោក​ស្រី​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​​បាន​ឱ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា អ្នក​ជំងឺ​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ខ្មែរ-សូវៀត​ ដើម្បី​ព្យាបាល​បន្ត​។

ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ​ក្រសួង​សម្រេច​ចិត្តបញ្ជូន​អ្នក​ជំងឺ​COVID-19ចុង​ក្រោយ​​មក​បន្ត​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​រុស្ស៊ីនេះ គឺ​ដោយ​សារ​​ម្នាក់​មាន​វ័យ​ចំណាស់​ និង​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់​ ចំណែក​ម្នាក់​ទៀត​មាន​បញ្ហា​ផ្លូវ​ចិត្ត​ ហើយ​មន្ទីរ​ពេទ្យ​រុស្ស៊ី​​ ក៏​មាន​សម្ភារ​វេជ្ជសាស្ត្រ​ទំនើប​ៗ និង​​វេជ្ជ​បណ្ឌិត​​​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ និង​ជំនាញ​ខ្ពស់​។

Advertisement