អ្នក​បម្រើ​ផ្ទាល់​របស់​លោក​ Trump ឆ្លង​វីរុស​COVID-19

អ្នក​បម្រើ​ផ្ទាល់​របស់​លោក​ Trump ឆ្លង​វីរុស​COVID-19

ទាហាន​ជើង​ទឹក​អាមេរិកាំង​ម្នាក់​ដែល​បម្រើ​ការ​ជូនប្រធានាធិបតី​នៅ​សេត​វិមាន​ ត្រូវ​បាន​រកឃើញ​ថា​វិជ្ជមាន​ជាមួយ​COVID-19 ដែល​នេះ​កំពុង​តែ​បង្ក​​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ហានិភ័យ​​នៃ​ការ​ចម្លង​​មេរោគ​​ទៅ​ប្រធានា​ធិបតី​ Donald Trump។

“ថ្មី​ៗ​នេះ​ យើង​ទទួល​បាន​របាយ​ការណ៍​ពី​សេតវិមាន​ដែល​​បាន​ប្រកាស​ថា សមាជិក​ម្នាក់​របស់​កង​ទ័ព​សហរដ្ឋ​អាមេរិក​ ដែល​ធ្វើ​ការ​នៅ​ក្នុង​សេតវិមាន​ បាន​ឆ្លង​វីរុស​COVID-19” ជំនួយ​ការ​ផ្នែក​សារ​ព័ត៌មាន​​ប្រចាំ​សេតវិមាន​ លោក Hogan Gidley បាន​ឱ្យ​ដឹង​នៅ​ក្នុង​ថ្ងៃ​នេះ​។

ទាហាន​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​នេះ​គឺជា​សមាជិក​នៃ​ក្រុម​​អ្នក​បម្រើ​នៅ​សេតវិមាន​។ ក្រុម​នេះ​គឺជា​អង្គ​ភាព​ពិសេស​របស់​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ដែល​មាន​ជំនាញ​ក្នុង​ផ្នែក​​បម្រើ​​ការ​នៅ​សេតវិមាន​ និង​តែ​ង​តែ​ធ្វើ​កិច្ច​ការ​ដែល​នៅ​ក្បែរ​ៗ​ប្រធានាធិបតី​ Donald Trump ក៏ដូចជា​ក្រុម​គ្រួសារ​របស់​លោក​។

ទាហាន​ខាង​លើ​នេះ មាន​រោគ​សញ្ញា​នៃ​ជំងឺ​កូរ៉ូណា​កាល​ពី​ព្រឹក​ថ្ងៃទី​6​ឧសភា​ ហើយ​ត្រូវ​បាន​ធ្វើ​តេស្ត​រកឃើញ​ថា​មាន​ផ្ទុក​វីរុស​COVID-19។ ប្រភព​ព័ត៌មាន​មួយ​បាន​ឱ្យ​ដឹង​ លោក​ Trump មាន​អារម្មណ៍​ស្រងូត​ស្រងាត់​ខ្លាំង​ ​នៅ​ពេល​បាន​ដឹង​ដំណឹង​នេះ​។ ភ្លាម​នោះ​ លោក​ Trump ក៏​ត្រូវ​បាន​ក្រុម​វេជ្ជ​បណ្ឌិត​នៅ​សេត​វិមាន​​ជួយ​ធ្វើ​តេស្ត​រក​មេរោគ​។

អ្នក​បម្រើ​ផ្ទាល់​របស់​លោក​ Trump ឆ្លង​វីរុស​COVID-19លោក Hogan Gidley បាន​ឱ្យដឹ​ងថា “ប្រធានាធិបតី​ និង​អនុប្រធានាធិបតី​ សុទ្ធ​តែ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​រួច​ហើយ​ និង​ទទួល​បាន​លទ្ធ​ផល​អវិជ្ជមាន​ជាមួយ​វីរុស​នេះ​។ បច្ចុប្បន្ន សុខ​ភាព​របស់​លោក​ទាំង​2​ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​”​។

នៅ​សេតវិមាន​ លោក​ Trump និង​​អនុប្រធានាធិបតី​ Mike Pence រួម​នឹង​បុគ្គលិក​ជាន់​ខ្ពស់​ទាំង​អស់​ សុទ្ធ​តែ​ត្រូវ​ធ្វើ​តេស្ត​រក​ COVID-19 ជារៀង​រាល់​សប្ដាហ៍​។ សេតវិមាន​កំពុង​ប្រើប្រាស់​ឧបករណ៍​ធ្វើ​តេស្ត​​​​ឈ្មោះ​ Abbott Labs ដែល​ផ្ដល់​លទ្ធ​ផល​ក្នុង​រយៈ​ពេល​15​នាទី​បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement