Mike Pompeo៖ មាន​ភ័ស្ដុតាង​បង្ហាញ​ថា COVID-19 មាន​ប្រភព​ពី​មន្ទីរ​ពិសោធន៍​​នៅ​ Wuhan

Mike Pompeo៖ មាន​ភ័ស្ដុតាង​បង្ហាញ​ថា COVID-19 មាន​ប្រភព​ពី​មន្ទីរ​ពិសោធន៍​​នៅ​ Wuhan

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិកាំង​ លោក​ Mike Pompeo កាល​ពី​ល្ងាច​ម្សិល​មិញ​បាន​ប្រកាស​ថា “មាន​ភ័ស្ដុតាង​ធំ​” បង្ហាញ​ថា​ វីរុស​COVID-19 មាន​ប្រភព​ពី​មន្ទីរ​ពិសោធន៍​មួយ​នៅ​ក្នុង​ទី​​ក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន​។

“មាន​ភ័ស្ដុ​តាង​យ៉ាង​ធំ​​បញ្ជាក់ថា នោះ​គឺជា​កន្លែង​ដែល​វីរុស​បង្ហាញ​ខ្លួន​” លោក Pompeo ថ្លែង​នៅ​ក្នុង​កម្ម​វិធី “This Week”​ របស់​ទូរទស្សន៍​ ABC បែប​នេះ​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកាំង​រូប​នេះ​បន្ត​ថា “ខ្ញុំ​គិត​ថា ពេល​នេះ​ពិភព​លោក​អាច​មើល​ឃើញហើយ​ថា ប្រទេស​ចិន​មាន​ប្រវត្តិ​ចម្លង​មេរោគ​ដល់​ពិភពលោក​ ហើយ​ពួក​គេ​គ្រប់​គ្រង​បន្ទប់​ពិសោធន៍​​ដោយ​មិន​មាន​ស្តង់​ដា​”។

បើ​ទោះជា​បាន​ និង​កំពុង​រិះ​គន់​យ៉ាង​ចាស់ដៃ​ទៅលើ​​វិធី​ដែល​ប្រទេស​ចិន​ប្រើ​ប្រាស់​ក្នុង​ការ​ទប់​ស្កាត់​វីរុស​COVID-19 ប៉ុន្តែ​ រដ្ឋ​មន្ត្រី​ Pompeo បានបដិសេធ​មិន​បញ្ចេញ​មតិ​អំពី​លទ្ធ​ភាព​ដែល​​ថា​ប្រទេស​ចិន​បាន​បញ្ចេញ​វីរុស​នេះ​ដោយ​ចេត​នា​នោះ​ដែរ​។ លោក​បាន​សង្កត់​ធ្ងន់​ថា ការ​ដែល​ប្រទេស​ចិន​រក​វិធី​លាក់​បាំង​​​ភាព​ធ្ងន់​ធ្ងរ​របស់​រោគ​រាត​ត្បាត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ បាន​ធ្វើ​ឱ្យ​មាន​ “ហានិភ័យ​ធំធេង​” ដល់​ពិភពលោក​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកាំង​​បាន​ប្រកាស​ថា “ប្រធានា​ធិបតី​ Trump មាន​ប្រសាសន៍​យ៉ាង​ច្បាស់​ថា យើង​នឹង​ធ្វើ​ឱ្យ​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ ត្រូវ​តែ​ចេញ​មក​ទទួល​កំហុស​​”។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump តែង​តែ​រិះ​គន់​ទៅ​លើ​តួនាទី​របស់​ប្រទេស​ចិន​នៅក្នុង​​បញ្ហា​វិបត្តិ​សុខ​ភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​COVID-19។ លោក​អះអាង​ថា ទីក្រុង​ប៉េកាំង​បាន​​លាក់​​បាំង​ដោយ​មិន​មាន​ការ​ពិចារណា​នូវ​ព័ត៌មាន​សំខាន់​អំពី​ COVID-19។ ទន្ទឹម​នឹង​នេះ លោក​ Trump ក៏បាន​ទាម​ទារ​ឱ្យ​ប្រទេស​ចិន​ “ត្រូវ​តែ​ទទួល​ខុស​ត្រូវ​” ចំពោះ​ទង្វើ​នេះ​។

យោង​តាម​ប្រភព​ព័ត៌មាន​មួយចំនួន​បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​អាមេរិកាំង​ បាន​ប្រគល់​ភារកិច្ច​ក្នុង​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​ប្រភព​នៃ​វីរុស​កូរ៉ូណា​ថ្មី​នេះ​ទៅ​ឱ្យ​ក្រុម​ចារ​បុរស​អាមេរិកាំង​ ដែល​វីរុស​នេះ​ ដំបូង​ឡើយ​ត្រូវ​បាន​គេ​ជឿ​ថា បាន​ចាប់​ផ្ដើម​ឆ្លង​ចេញ​ពី​ផ្សារ​លក់​សត្វព្រៃ​រស់​នៅ​ក្នុង​ទីក្រុង​ Wuhan ប្រទេស​ចិន​ ក៏ប៉ុន្តែ​បច្ចុប្បន្ន វីរុស​នេះ​ត្រូវ​បាន​សង្ស័យ​ថា​ ជា​ផលិត​ផល​ដែល​ចេញ​ពី​មន្ទីរ​ពិសោធន៍​។

វិទ្យា​ស្ថាន​វីរុស​សាស្ត្រ​ Wuhan ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Wuhan ​ជា​ទីកន្លែង​បង្ហាញ​ខ្លួន​ដំបូង​របស់​វីរុស​COVID-19 បាន​បដិសេធ​ចំពោះ​ការសង្ស័យ​ដែល​ថា វីរុស​នេះ​បាន​ឆ្លង​ចេញ​ពី​មន្ទីរ​ពិសោធន៍​របស់​ខ្លួន​។ អ្នក​ជំនាញ​ភាគ​ច្រើន​យល់​ថា​ វីរុស​នេះ មាន​ប្រភព​ពី​សត្វ​ព្រៃ ហើយ​សត្វ​​ប្រចៀវ​ និង​ពង្រូល​ត្រូវ​គេ​គិត​ថា​ជា​សត្វ​ចម្លង​រោគ​។

វីរុស​COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាលដាល​នៅ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ2019 ដែល​មក​ដល់​បច្ចុប្បន្ន វា​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​245,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​​ជាង​1.1​លាន​នាក់​ នៅ​ទូទាំង​សកល​លោក​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement