អាមេរិក​​ទប់​ស្កាត់​ផល​អាក្រក់​​ពី​អនុសាសន៍​​​របស់​ Trump ដែល​ថា “កម្ចាត់​ COVID-19 ដោយ​ចាក់​សារធាតុ​ជម្រះ​មេរោគ​ចូល​ក្នុង​រាង​កាយ​”

អាមេរិក​​ទប់​ស្កាត់​ផល​អាក្រក់​​ពី​អនុសាសន៍​​​របស់​ Trump ដែល​ថា

ក្រុម​មន្ត្រី​​អាមេរិកាំង​ បាន​ចាប់​ផ្ដើម​ធ្វើ​សកម្ម​ភាព​ជា​បន្ទាន់​ដើម្បី​ទប់​ស្កាត់​ផល​ប៉ះពាល់​ដែល​អាច​កើត​ឡើង​ពី​អនុសាសន៍​របស់​លោក Trump ដែល​បាន​ថ្លែង​ថា៖ គួរ​តែពិសោធលើក​ការ​ចាក់​សារ​ធាតុ​សម្អាត​មេរោគ​ចូល​ក្នុង​រាង​កាយ​អ្នក​ជំងឺ​ដើម្បី​កម្ចាត់​ COVID-19

ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សន្និសីទ​សារ​ព័ត៌មាន​​កាល​ពី​ថ្ងៃទី​23​មេសា ដែល​កាល​ណោះ​លោក​ Trump បាន​ផ្ដល់​អនុសាសន៍​ដូច​ខាង​លើ​ គេ​ឃើញ​ថា​មាន​សេចក្ដី​ប្រកាស​បន្ទាន់​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ ដោយ​ព្រមាន​ដល់​សាធារណ​ជន​អំពី​ហានិភ័យ​ដែល​អាច​នាំ​ឱ្យ​បាត់​បង់​ជីវិត​ទាក់​ទិន​នឹង​វិធីសាស្ត្រ​ដែល​ប្រធានាធិបតី​អាមេរិកាំង​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​23​មេសា​កន្លង​ទៅ​នោះ​។

រដ្ឋបាល​គ្រប់​គ្រង​ចំណី​អាហារ​ និង​ឱសថ​(FDA/Food and Drug Administration) របស់​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី​24​មេសា​ ក៏បាន​ព្រមាន​អំពី​ការ​ប្រើប្រាស់​ hydroxychloroquine ជា​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​​ដែល​លោក​ Trump បាន​សរសើរ​ជា​ច្រើន​​ដង​ថា​ ​ជា​កត្តា​ “ផ្លាស់​ប្ដូរ​ល្បែង​លេង​” ក្នុងសង្គ្រាម​ប្រឆាំង​នឹង​ COVID-19 ព្រោះ​ថា​ថ្នាំ​នេះ​មានបង្កប់​ហានិភ័យ​​ដែល​គ្រោះ​ថ្នាក់​ដល់​ចង្វាក់​បេះ​ដូង​។​

Stephen Hahn សមាជិក​ម្នាក់​របស់​ FDA បាន​ថ្លែង​ថា “ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ហើយ​ថា​ នឹង​មិន​ផ្ដល់​អនុសាសន៍​ស្ដី​អំពី​ការ​ចាក់​បញ្ចូល​សារ​ធាតុ​សម្អាត​មេរោគ​ទៅ​ក្នុងរាងកាយ​នោះ​ឡើយ​”។​ ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក​ក៏បាន​ណែនាំ​ពល​រដ្ឋ​មិន​ឱ្យ​ធ្វើ​តាម​គំនិត​របស់​លោក​ Trump ផងដែរ​។ បណ្ឌិត​ Jerome Adams បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​កំពុង​តាម​ដាន​លោក​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា “សូម​មេត្តា​សួរ​យោបល់​ពី​គ្រូពេទ្យ​ មុន​នឹង​អនុវត្ត​វិធី​ព្យាបាល​ណា​មួយ​ ឬ​ថ្នាំ​ណា​មួយ​​សម្រាប់​ក្រុម​គ្រួ​សារ​”។ ចំណែក​ក្រុម​ហ៊ុន​ផលិត​សារធាតុ​សម្លាប់​មេរោគ​ Lysol បាន​អះអាង​ថា មិ​ន​ត្រូវ​បញ្ចូល​សារ​ធាតុ​កម្ចាត់​មេរោគ ចូល​ទៅក្នុង​រាង​កាយ​មនុស្ស​ “​បើ​ទោះ​ជា​ក្នុង​ករណី​ណា​ក៏​ដោយ​”។

វិធី​សាសន៍​ដែល​ត្រូវ​បាន​លោក Trump ណែនាំ​ឱ្យ​ធ្វើ​ការ​ពិសោធ​នោះ បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ច្រើន​ឡើង​ៗ​ ក្នុង​អំឡុង​សង្គ្រាម​ប្រឆាំង​ COVID-19។ នៅ​រដ្ឋ Maryland ខ្សែ​ទូរស័ព្ទ​បន្ទាន់​របស់​អាជ្ញាធរ បាន​ទទួល​ការ​ហៅ​ចូល​ជាង​100​លើក​ពី​ពលរដ្ឋ​ ដែល​​បាន​សួរ​ថា “តើ​ការ​ចាក់​ថ្នាំ​សម្អាត​មេរោគ​ចូល​ក្នុង​រាងកាយ​គឺ​ពិត​ជា​វិធី​ព្យាបាល​ជំងឺ​មែន​ ឬ​យ៉ាង​ណា​?”។

នៅ​សេត​វិមាន Kayleigh McEnany ដែល​ជា​ជំនួយ​ការ​ផ្នែក​សារ​ព័ត៌មាន​របស់​លោក Trump បាន​ចោទ​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា “គ្មាន​ការ​ទទួល​ខុស​ត្រូវ​” ដោយ​បាននាំ​យក​មតិ​ចាក​ឆ្ងាយ​ពី​ស្ថាន​ភាព​ជាក់​ស្ដែង​។ ប៉ុន្តែ ប៉ុន្មាន​ម៉ោង​ក្រោយ​មក លោក Trump ក៏បាន​ឱ្យ​ដឹង​ថា យោបល់​របស់​លោក​ ដែល​ត្រូវ​បាន​ចុះផ្សាយ​នោះ​គឺ​ជា​ការ​ពិត​ ប៉ុន្តែ​លោក​ Trump បាន​អះអាង​ថា​ លោក​គ្រាន់​តែ​និយាយ​បែប​ “បញ្ឆិត​បញ្ឆៀង​” តែ​ប៉ុណ្ណោះ​។

វេជ្ជបណ្ឌិត​ Deborah Birx អ្នក​គ្រប់​គ្រង​ផ្នែក​ប្រតិ​កម្ម​​រហ័ស​របស់​សេត​វិមាន​ចំពោះ​ COVID-19 បាន​ការ​ពារ​ប្រធានាធិបតី​ ដោយ​លោក​យល់​ថា​ មតិ​យោបល់​ដែល​លោក Trump បាន​លើក​ឡើង​គឺជា​ផ្នែក​មួយ​ក្នុង​ការ​យល់​ឃើញ​ បើ​ទោះ​មិនបាន​ទទួល​ស្គាល់ជា​​ផ្លូវ​ការ​។ Deborah Birx ថ្លែង​ប្រាប់​ Fox News ថា “នៅ​ពេល​ប្រធានាធិបតី​ទទួល​បាន​ព័ត៌មាន​ថ្មី គាត់ក៏ចង់​និយាយ​ចេញ និង​ចង់​ពិភាក្សា​ជា​មួយ​គ្នា​”។

ក៏ប៉ុន្តែ ក្រុម​អ្នក​ជំនាញ​ខាង​វេជ្ជ​សាស្ត្រ​យល់​ថា អនុសាសន៍​គ្មាន​មូលដ្ឋាន​ពីប្រធានាធិបតី​ Trump ដែល​ជា​អ្នក​មិន​មាន​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​វេជ្ជ​សាស្ត្រ ប៉ុន្តែ​​សម្ដី​មាន​ឥទ្ធិពល​​ គឺ​ពិត​ជា​ “គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​”។

Jack Chow ដែល​ជា​ឯក​អគ្គរដ្ឋ​ទូតសកល​​អំពី​ HIV/AIDS របស់​សហរដ្ឋ​អាមេរិក​ក្នុង​សម័យ​ប្រធានាធិបតី​ George W. Bush មាន​យោបល់​ថា “គំនិត​របស់​ប្រធានាធិបតី​ Trump បើ​សិន​ជា​មាន​អ្នក​សាក​ល្បង នោះ​អាច​នឹង​បង្ក​ឱ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​ចំពោះ​សុខ​ភាព​ ឬ​នាំ​ឱ្យ​មាន​ការ​ពិសោធ​ប្រកប​ដោយ​ការ​ខាត​បង់​ និង​មិនអាច​បង្កើត​បាន​ជា​វិធី​ព្យាបាល​ណា​មួយ​”។

កាល​ពី​ខែ​មុន បន្ទាប់​ពី​លោក​ Trump បាន​ប្រកាស​ថា hydroxychloroquine គឺជា​សន្លឹក​បៀរ​ដែល​ជួយ​ “ផ្លាស់​ប្ដូរ​ស្ថាន​ការណ៍​” ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ COVID-19 មាន​ប្ដីប្រពន្ធ​មួយ​គូ​ធ្វើ​តាម​ការ​លើកឡើង​នេះ​ ដោយ​​​​ផឹក​ទឹក​ថ្នាំ​ដែល​មាន​សារ​ធាតុ​​គីមី​ chloroquine phosphate ដែល​មាន​សារធាតុ​ផ្សំ​ដូច​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ Trump ដោយ​សង្ឃឹម​ថា​នឹង​អាច​ជួយ​សម្លាប់​មេរោគ​ក្នុង​ខ្លួន​។ ប៉ុន្តែ ពួក​គេ​បាន​​ធ្លាក់​ខ្លួន​ឈឺ និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ ដែល​ក្រោយ​មកបុរស​ជា​ប្ដី​បាន​បាត់​បង់ជីវិត ខណៈ​ប្រពន្ធ​​បាន​រួច​ផុត​ពី​ការ​ស្លាប់​។

ករណី​ខាង​លើ​នេះ ធ្វើ​ឱ្យ​មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC (Centers​ for​ Disease​ Control ​and ​​Prevention) របស់​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​28​មេសា ត្រូវ​ចេញ​សេចក្ដី​ព្រមាន​ដល់​បណ្ដា​គ្លី​និក​ទូទាំង​ប្រទេស​ ស្ដី​អំពី​គ្រោះ​ថ្នាក់​​របស់​សារ​​ធាតុ​ ​chloroquine phosphate ដែល​​ “អាច​បង្ក​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាព​ និង​អាយុ​ជីវិត​”៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

>Trump ផ្ដល់​អនុសាសន៍​​៖ ​ចាក់​​ថ្នាំ​សម្អាត​មេរោគ​ ឬ​ពន្លឺ​ចូល​ទៅ​ក្នុង​រាង​កាយ​ ដើម្បី​ព្យាបាល​COVID-19

Advertisement